ព័ត៌មានជាតិ

ពលរដ្ឋចោទ មន្ត្រីយោធាជើងទឹក ថ្នាក់ឧត្តមសេនីយ៍ឯកម្នាក់ ថាកំពុងចាក់ដីរំលោភយកឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
កោះកុង :ផ្ទៃដីទំហំប្រមាណជាង១០ហិចតា ដែលចាក់ចូលតាមបណ្តោយឆ្នេរសមុទ្រជិត២គីឡូម៉ែត្រ ត្រង់ចំនុច ពយជិនទុង ក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កំពុងត្រូវបានមន្ត្រីយោធាជើងទឹកថ្នាក់ឧត្តមសេនីយ៍ឯកម្នាក់ ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួន ។

ពលរដ្ឋបានលើកឡើងថាឈ្មួញដែលធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រខាងលើមានឈ្មោះ ហួរ ហាប់ មានតួនាទីជាមន្ត្រីយោធាជាន់ខ្ពស់ខាងជើងទឹក កាន់កាប់តំបន់សមុទ្រ ថ្នាក់ឧត្តមសេនីយ៍ឯកទៀតផង ។

ពលរដ្ឋបានលើកឡើងទៀតថា កន្លងមកតំបន់នេះគឺជាកន្លែងប្រជាពលរដ្ឋតែងតែចេញចូលរកស៊ីប្រចាំថ្ងៃ តែបច្ចុប្បន្នបានក្លាយជាទីតាំងត្រូវគេហាមមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ទៅវិញ ហើយហាមមិនឲ្យមានការថតរូបជាដាច់ខាត។ ប្រសិនបើអ្នកណាហ៊ានថតឱ្យគេដឹង គេនឹងចាប់ដកយកម៉ាស៊ីនថតឬទូរស័ព្ទដៃ ទន្ទឹមនេះគឺកន្លែងនេះត្រូវបានគេដាក់បារ៉ាស់មិនឲ្យចេញចូល ដោយមានអ្នកយាមប្រមាណជាង ២០នាក់ ដើរមើលគ្រប់ទីកន្លែងក្នុងបរិវេណនោះផងដែរ។

ប្រភពខាងលើថា ការចាក់រំលោភយកសមុទ្រដែលជាសម្បត្តិ សាធារណៈរបស់រដ្ឋនេះ មិនមែនជារឿងធម្មតានោះទេ វាអាចមានការឃុបឃិតជាប្រព័ន្ធ រវាងអាជ្ញាធរមានសមត្ថកិច្ច និង ក្រុមឈ្មួញ បើមិនដូច្នោះទេគេមិនអាចចាក់ដីលប់ឆ្នេរសមុទ្រដែលខុសទៅនឹងច្បាប់រដ្ឋបានយ៉ាងរលូនបែបនេះឡើយ។ ពួកគាត់ក៏សង្ឃឹមថាគណៈកម្មការឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិតជាមិនអាចឈរអោបដៃមើលបញ្ហាមួយនេះឡើយ ។

ជុំវិញការចោទប្រកាន់ខាងលើលោក ទួន សិលាអភិបាលស្រុកស្រែអំបិល បានឆ្លើយឲ្យដឹង ចំពោះករណីចាក់លុបឆ្នេរសមុទ្រនេះ លោកមេឃុំមិនបានធ្វើរបាយការឬរាយការណ៍មកគាត់អត់ទេ ពេលនេះគាត់កំពុងជាប់សន្និបាតនៅរាជធានីភ្នំពេញ ចាំគាត់ត្រឡប់មកវិញគាត់នឹងសួរទៅខាងមេឃុំ ។

ដោយឡែកលោក ជា នាង ប្រធានភូមិបាលស្រុកស្រែអំបិលក៏បានឲ្យដឹងដែរថា ចំពោះករណីចាក់ដីលុបសមុទ្រនេះលោកបានធ្វើរបាយការណ៍ទៅថ្នាក់លើហើយដែរ តែស្ងាត់ឈឹង ហើយការចាក់ដីនោះគឺមិនមានច្បាប់អនុញ្ញាតនោះទេ ហើយប្រសិនបើមានការសុំច្បាប់វិញក៏លោកមិនហ៊ានស៊ីញ៉េដែរ ពីព្រោះដីនោះជាដីសមុទ្រដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

ចំពោះលោក ម៉េង តិច ប្រធានបរិស្ថានស្រុកស្រែអំបិលបាននិយាយថារឿងចាក់ដីរំលោភបំពានឆ្នេរសមុទ្រនោះ វាស្ថិតនៅក្នុងតំបន់សហគមន៍ និង ជលផល ហើយមេឃុំជ្រោយស្វាយជាអ្នកគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនឹងគាត់ទេ ។

ចំណែក លោក ហ៊ិន ឡា នាយផ្នែករដ្ឋបាលជលផលស្រុកស្រែអំបិល មិនពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយសារលោកពុំព្រមលើកទូរស័ព្ទ ។

យ៉ាងណាក៏ដោយលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយបានឲ្យដឹងតាមទូរស័ព្ទថា រឿងនេះលោកពុំសូវដឹងច្បាស់ទេ ពីព្រោះលោកទើបតែផ្លាស់មកជាងមួយឆ្នាំ ដែលបើតាមលោកដឹងដីនេះគេបានទិញ ពីពលរដ្ឋជាច្រើនម្ចាស់ ក្នុងឆ្នាំ ២០០៤ ហើយក៏បានចាក់ដីជាបន្តបន្ទាប់រហូតមក ។

ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ហួរ ហាប់ បានទេដោយសារពុំមានលេខទូរស័ព្ទ ៕

Close