ព័ត៌មានជាតិ

គ្រាន់តែជាប់ការសង្ស័យសោះ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលភ្នំពេញវាយជនរងគ្រោះធ្លាយក្រដាសត្រចៀកដើម្បីបង្ខំយកចម្លើយសារភាព

ភ្នំពេញៈ យុវជនម្នាក់វ័យ២៤ឆ្នាំដែលជាប់ការសង្ស័យឆក់ទ្រព្យសម្បត្តិអ្នកដទៃ ត្រូវក្រុមប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់វាយធ្លាយក្រដាសត្រចៀកដើម្បីបង្ខំឱ្យឆ្លើយសារភាពដែលផ្ទុយពីការពិត។ ករណីចាប់ច្រឡំនេះបានកើតឡើង
វេលាម៉ោងជាង៧យប់កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគេហដ្ឋានជនរងគ្រោះ ផ្លូវជាតិលេខ៦អា ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះដែលប៉ូលិសវាយធ្លាយក្រដាសចៀកមានឈ្មោះ នួន រស្មី រស់នៅភូមិសង្កាត់ខាងលើបានរងនូវការវាយដំលើរាងកាយយ៉ាងធ្ងន់ធ្ងរ ហើយត្រូវគេគំរាម កំហែងមិនឱ្យប្ដឹងថែមទៀតផង។ ការរងទុក្ខឈឺចាប់រាងកាយនិងផ្លូវចិត្តយ៉ាងអយុត្តិធម៌បែបនេះ ជនរងគ្រោះ និងក្រុមគ្រួសារក៏បានសម្រេចចិត្តដាក់ពាក្យប្ដឹងលោក ម៉ម សាវុន ដែលមានតួនាទីជា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទៅសាលាដំបូងរាជធានីភ្នំពេញ ចោទបីករណីដូចជា «បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ដោយមានស្ថានទម្ងន់ទោស , បទសម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង , និងបទប៉ះពាល់ដល់សេរីភាពបុគ្គល»។

ក្នុងពាក្យបណ្ដឹងជនរងគ្រោះចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានទាមទារសំណងការខូចខាត និងសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារអាមេរិក។ ករណីនេះ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ក៍បានទទួលពាក្យបណ្ដឹងជនរងគ្រោះដោយវាយត្រាចូល លេខ៩២៤ ចុះថ្ងៃ
ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្លាមៗដែរ។ បន្ទាប់ពីដឹងថា ជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅតុលាការ ភ្លាមភាគីលោក ម៉ម សាវុន ជនជាប់ចោទបានរត់ខ្វែងដៃ ខ្វែងជើង ដើម្បីអង្វរសុំឱ្យភាគីរងគ្រោះដកពាក្យបណ្ដឹងពីតុលាការ។

ករណីចាប់ខ្លួនច្រឡំខាងលើក្រុមប៉ូលិសបានឃុំខ្លួនជនរងគ្រោះនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចធ្វើទារុណកម្មបង្ខំឲ្យឆ្លើយសារភាព ថា ខ្លួនបានឆក់របស់គេធ្វើឲ្យដួលម៉ូតូបោកក្បាលនៅនឹងថ្នល់ស្លាប់មនុស្សម្នាក់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅស្ពានជ្រោយចង្វា កន្លងទៅ។ ផ្ទុយទៅវិញការសង្ស័យរបស់ក្រុមប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល គឺមិនមែនជាការពិតនោះទេ។

កាលវេលាម៉ោងជាង៧យប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ូលិសនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល មួយក្រុមមានគ្នាប្រមាណ៧ទៅ៨នាក់ប្រដាប់ដោយអាវុធស្ទើរគ្រប់ដៃ ដឹកនាំដោយ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល គឺលោក ម៉ម សាវុន មានរថយន្ត១គ្រឿង និងម៉ូតូប្រហែល២ឬ៣គ្រឿងបានសម្រុកចូលចាប់មនុស្ស៤នាក់ទាំងកម្រោលដោយគ្មានដីកាពីតុលាការឡើយ បន្ទាប់ពីក្រុមប៉ូលិសសង្ស័យថា យុវជនរងគ្រោះ និងបក្ខពួកបានឆក់ទ្រព្យសម្បត្តិអ្នកដទៃបណ្ដាលឲ្យម្ចាស់ដួលម៉ូតូបោកក្បាលស្លាប់កាលពីពេលកន្លងទៅ។

មនុស្ស៤នាក់ដែលក្រុមប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនទាំងនោះមាន ទី១.ឈ្មោះ នួន រស្មី អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបររថយន្ត។ រីឯមនុស្ស ៣នាក់ទៀតជាអតិថិជនមកជាវផលិតផលនៅផ្ទះ នួន រស្មី។ បន្ទាប់ពីការឃាត់ខ្លួន និងសួរនាំមនុស្ស៤នាក់ខាង
លើនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក ៣នាក់ក្នុងចំណោម៤នាក់ ត្រូវបានគេដោះលែងមកវិញនៅម៉ោងប្រមាណ១១យប់ថ្ងៃខែឆ្នាំដដែល ប៉ុន្តែយុវជន នួន រស្មី នៅជាប់ឃុំម្នាក់ឯងបន្ត។

ក្រោយពីឃុំខ្លួន នួន រស្មី មួយយប់ និងការធ្វើទារុណកម្មមិនទទួលបានចម្លើយសោះ សមត្ថកិច្ចប៉ូលិសក៏សម្រេចដោះលែង នួន រស្មី ឲ្យវិលត្រឡប់មកផ្ទះវិញនៅវេលាម៉ោងប្រមាណជាង១១ព្រឹក កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមការរៀបរាប់របស់ពលរដម្នាក់រស់នៅក្នុងតំបន់កើតហេតុខាងលើពេលចាប់ខ្លួនជនសង្ស័យ និងបានផ្ញើវីដេអូពីសកម្មភាពពេលចាប់ខ្លួនល្ងាចថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៤មកអង្គភាពព័ត៌មាន។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើ លោកស្នងការរង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល គឺលោក ប៊ុន សត្យា មានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកនឹងសួរនាំកូនចៅសិន។ ប៉ុន្តែក្រោយមក តាមប្រព័ន្ធតេឡេក្រាម លោកគ្រាន់តែចូលអានសំណួរ តែមិនធ្វើសេចក្ដីអធិប្បាយតបអ្វីឡើយ…។

នាយការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល លោក ម៉ម សាវុន មានប្រសាសន៍តាម ប្រព័ន្ធតេឡេក្រាម កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ករណីខាងលើក្រុមការងាររបស់លោកបានអញ្ជើញអ្នកទាំងនោះមកសាកសួរមែន។ ព្រោះជនសង្ស័យជាមុខស
ញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំទើបចេញ។ ម្យ៉ាងទៀតដោយសាររូបភាពដែលលោកទទួលបានពីកាមេរ៉ាសុវត្ថិភាពមានភិនភាគដូចជនសង្ស័យ។

លោក ម៉ម សាវុន សង្កត់ធ្ងន់ដើម្បីដោះបន្ទុកថា ករណីខាងលើមិនមែនជាការចុះចាប់ទេ គឺក្រុមការងារលោកទៅជួបក្រុមគ្រួសារឪពុកម្ដាយគាត់ សុំអញ្ជើញជនសង្ស័យដើម្បីធ្វើការសាកសួរ។ ព្រោះសង្ស័យជាប់ពាក់ព័ន្ធនឹង បទល្មើសឧក្រិដ្ឋ គឺឆក់របស់គេបណ្ដាលឲ្យមនុស្សដួលបោកក្បាលស្លាប់ នៅស្ពានជ្រោយចង្វា រាជធានីភ្នំពេញ កន្លងទៅ។បន្ទាប់ពីធ្វើការសាកសួរិងផ្ទៀងផ្ទាត់ភិនភាគរូបថតក្នុងកាមេរ៉ាឃើញថាខុសគ្នា មិនមានការពាក់ព័ន្ធដូចការសង្ស័យពួកយើងបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញារងកាន់សំណុំរឿង ហើយក៏បានដោះលែងពួកគាត់ឲ្យទៅផ្ទះវិញអស់ទៅ។

ផ្ទុយស្រឡះពីការលើកឡើងរបស់លោក ម៉ម សាវុន នោះពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលគាត់រស់នៅតំបន់កើតហេតុពេលចាប់ខ្លួនមនុស្សទាំង៤នាក់នោះ និងបានផ្ញើវីដេអូមកអង្គភាពយើងរៀបរាប់ថា កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នោះ ប៉ូលិសប្រមាណ៧ទៅ៨នាក់អាវុធស្ទើរគ្រប់ដៃ ចុះចាប់មនុស្សទាំងយប់ ទាំងកំរោលដែលគ្មានដីកាអ្វីសោះ ដែលសកម្មភាពនេះដូចជាគេចុះចាប់ខ្មាំង ជំនាន់ខ្មែរក្រហមអីចឹង។

មេធាវី រាជរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះលើកឡើងតាម ប្រព័ន្ធតេឡេក្រាម ថា ផ្អែកលើទិដ្ឋភាពច្បាប់ក្នុងករណីបទល្មើសជាក់ស្ដែង មន្រ្តីយុត្តិធម៌ គឺប៉ូលិសមានសិទ្ធិឃាត់ខ្លួនជនណាដែលប៉ូលិសសង្ស័យថា ជាប់ពាក់ព័ន្ធនឹងបទល្មើសមកសាកសួរបាន ដោយ
មិនត្រូវប្រើទណ្ឌកម្មឬហិង្សានោះទេ។ ប៉ុន្តែករណីនេះ ពុំមែនជាបទល្មើសជាក់ស្ដែងទេ ដូច្នេះប៉ូលិសពុំមានសិទ្ធិឃាត់ខ្លួនជនណាម្នាក់ដោយគ្មានដីកាពីតុលាការឡើយ។ ហើយបើការឃាត់ខ្លួននោះ គេយកមនុស្សទៅឃុំឃាំងឬបង្ខាំង ប្រើអំពើហិង្សាលើរាងកាយ ធ្វើ
ទារុណកម្ម បង្ខំយកចម្លើយសារភាព ប៉ូលិសនឹងរងការប្ដឹងពីជនរងគ្រោះពីបទឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់មានស្ថានទម្ងន់ទោស។ ជាពិសេសការ
ប្រើអំពើហិង្សាលើរាងកាយ និងធ្វើទារុណកម្មដល់ជនរងគ្រោះ ប៉ូលិសរិតតែមានទោសធ្ងន់ធ្ងរបន្ថែមទៀត។
លោកមេធាវីចាត់ទុកករណីចាប់មនុស្សច្រឡំយកទៅធ្វើទារុណកម្មបង្ខំឱ្យឆ្លើយដើម្បីទទួលបានចម្លើយសារភាពដែលខ្លួនចង់បាន គឺជាអំពើខុសច្បាប់ ហើយជនរងគ្រោះមានសិទ្ធិប្ដឹងប៉ូលិសដែលប្រើអំពើហិង្សា និងធ្វើទារុណកម្មទៅតុលាការ ឱ្យផ្ដន្ទាទោសតាមច្បាប់
និងទារសំណងជំងឺចិត្តបាន។

គួរបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះបានទទូចស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះស្លូតត្រង់ទន់ខ្សោយដោយក្តីអនុគ្រោះ៕



Close