ព័ត៌មានជាតិ

លោក យន្ត មីន គួរ​ពិនិត្យ​ករណី​លើកដាក់​ខ្សាច់​បែប​អនាធិបតេយ្យ នៅ​កំពង់ផែ​ទំនប់រលក ដែល​កំពុង​រាំងស្ទះ​ដល់​ការលើកដាក់​ទំនិញ​ចេញចូល​គ្រប់​ប្រភេទ​

​ដោយ​៖ ខេមរា ទំនាក់ទំនង​ការផ្សាយ​លេខ ០៧១ ៨៦១ ២២២២

រយៈពេល​ជាង​០១​ខែ​កន្លងទៅនេះ សកម្មភាព​លើកដាក់ ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ​នៅ​កំពង់ផែ​ទំនប់រលក​មានការ​ថយចុះ​យ៉ាងគំហុក ធ្វើ​ឲ្យ​ការប្រមូល​ចំណូល​ពន្ធ​រដ្ឋ​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​បណ្តាលមកពី សកម្មភាព កើប​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​ចេញពី​សាឡាង​ធំៗ ដោយមាន​មន្ត្រី​យោធា​ដ៏​មានអំណាច​ម្នាក់ មាន​តួនាទី​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​នៅ​ពីក្រោយ​ខ្នង​។​

​បើក​តាម​មន្ត្រី​គយ​និង​រដ្ឋាករ​ច្រកទ្វារ​កំពង់ផែ​ទំនប់រលក​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​មួយខែ​មកហើយ លោក​ឧកញ៉ា សូ ជុង​ហ៊ួ ដែលជា​ម្ចាស់​កំពង់ផែ​ទំនប់រលក បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ខ្សាច់​ដ៏​មានអំណាច ដោយ​អនុញ្ញាតិ​ឲ្យ​មានការ​ចេញចូល ចត​សាឡាង​ដឹក​ខ្សាច់​ធំៗ និង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​កើប​ខ្សាច់​ដាក់​គរ​ដូច​ភ្នំ​លើ​កំពង់ផែ និង​កើប​ដាក់​រថយន្ត​ធំៗ ដឹក​ទៅ​បម្រើការ​លើ​វិស័យ​សំណង់​ដែល​កំពុងមាន​តម្រូវការ​កើនឡើង​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​។​

​មន្ត្រី​រូបនោះ​បន្តថា មួយថ្ងៃៗ​សកម្មភាព​ចេញចូល​សាឡាង​ដឹក​ខ្សាច់​ធំៗ​និង​សកម្ម កើប​ខ្សាច់​ដាក់​រថយន្ត​តូចធំ​បន្តកន្ទុយ​គ្នា​ឥត​ដាច់​។​សកម្មភាព​បែបនេះ បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការចូល​ចតកប៉ាល់​ដឹកទំនិញ​ផ្សេងៗ​ទៀត និង​ការលើកដាក់​ទំនិញ ក៏ដូចជា​ចរាចរណ៍​ទំនិញ​ចេញចូល​ក្នុង​កំពង់ផែ​ទំនប់រលក​ដ៏​តូចចង្អៀត​មួយ​នេះ​យ៉ាងខ្លាំង​។ ដោយសារតែ​មានការ​រាំ​ស្ទះ​ដល់​ការលើកដាក់​ទំនិញ​គ្រប់​ប្រភេទ​ដែល​ធ្លាប់​ធ្វើជា​ប្រក្រតី​ពី​ពេលកន្លងមក​បែបនេះ មន្ត្រី​គយ​និង​រដ្ឋាករ​ខាងលើ បាន​សម្តែង​ការព្រួយបារម្ភ​ថា ចំណូល​ពន្ធ​ដែល​ប្រមូលបាន​ពី​ចរាចរ​ទំនិញ​នឹងមាន​ការធ្លាក់ចុះ​មិនតិចជាង​៣០​ភាគរយ​នោះទេ​សម្រាប់​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​ដដែល​រូបនេះ​បន្ថែមថា ដោយសារតែ​ខ្លាច​អំណាច​ឧកញ៉ា សូ ជុង​ហ៊ួ ជា​ម្ចាស់​កំពង់ផែ ក៏ដូចជា​ខ្លាច​អំណាច​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ដែល​ឈរ​កាង​ពីក្រោយ​ក្រុមហ៊ុន​រកស៊ី​ខ្សាច់ និង​ទោះបី​ដឹងថា​ចំណូល​ពី​ការប្រមូល​ពន្ធ​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​បារម្ភ​ដូច​បាន​រៀបរាប់​ខាងលើ​ក្តី ក៏​ពួកគាត់​ដែលមាន​តួនាទី​ជា​មន្ត្រី​តូចតាច បានត្រឹមតែ​និយាយ​មិន​ចេញ ដោយ​សង្ឃឹមថា​អាជ្ញាធរ​ដែនដី​ដែល​ដឹកនាំ​ដោយ​លោក យន្ត មីន ជា​គណៈ​អភិបាលខេត្ត លោក​នឹង​បានដឹង​និង​មាន​វិធានការ​យ៉ាងណា​ជួយ​សម្រួល​ដោះស្រាយ ឲ្យ​កប៉ាល់​ចូល​ចត លើកដាក់​ទំនិញ​គ្រប់​ប្រភេទ វិល​ទៅរក​ប្រក​តី​ភាព​ឡើងវិញ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​ផែនការ​ប្រមូល​ពន្ធ ដែល​អគ្គនាយកដ្ឋាន​គ​យ​និង​រដ្ឋាករ​បានក​ណ​ត់​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​កំពង់ផែ​ទំនប់រលក​បាន​រអ៊ូរ​ទាំ​ថា ចាប់ពី​ពេលដែល​សាឡាង​ដឹក​ខ្សាច់​ធំៗ ចេញចូល​កើប​ខ្សាច់​ជាង​០១​ខែ​មកនេះ សម្លេង​គ្រឿង ចក្រ​និង​រថយន្ត​ដឹក​ខ្សាច់​ចេញចូល បាន​បង្ក​ការរំខាន​ដល់​បរិស្ថាន​និង​ជីវភាព​ប្រចាំ​របស់​ពួកគាត់​យ៉ាងខ្លាំង​។​ពួកគាត់​លើកឡើងថា ផ្លូវថ្នល់​ក្នុង​ក្រុងព្រះសីហនុ​ដែល​កំពុង​រង​ការខូចខាត មួយ​ភាគ​ធំ​គឺ​បណ្តាលមកពី​រថយន្ត​ធំៗ​ដឹក​ខ្សាច់​លើស​ទម្ងន់​ចេញពី​កំពង់ផែ​នេះ ហើយ​មួយផ្នែក​ទៀត​ទឹក​ធូលី​ខ្សាច់​ដែល​ស្រក់​ចេញពី​រថយន្ត​ធ្លាក់​លើ​ថ្នល់ បាន​បង្ក​ភាព​ហុយ​ទ្រលោម​និង​បរិស្ថាន​កខ្វក់​ដល់​អ្នក​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ទាំងនោះ​លើកឡើងថា លោក យន្ត មី គួរ​ចាត់វិធានការ​បង្វែរ​សាឡាង​ដឹក​ខ្សាច់​ទាំងនោះ ឲ្យ​ទៅ​ចូល​ចត​កើប​ខ្សាច់​នៅក្នុង​កំពង់ផែ​ស្ទឹងហាវ​វិញ​ទៅ ព្រោះ​កំពង់ផែ​នោះ​ធំ​ទូលាយ និង​មាន​ផលប៉ះពាល់​បរិស្ថាន​ក៏​តិច ជាពិសេស​គឺ​ជួយ​បញ្ចៀស បញ្ហា​កកស្ទះ​ចរាចរណ៍​និង​សុវត្ថិភាព​ធ្វើដំណើរ​៕​

Close