ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ជួយដោះស្រាយវិវាទក្នុងគ្រួសារក្រៅប្រព័ន្ធតុលាការរវាងម្តាយនិងកូនស្រី២នាក់ ប្រកបដោយធម៌

ក្រោមជំហរយើងចូលរួមសាងអំពើល្អ ចែករម្លែកក្តីស្រលាញ់និងស្នាមញញឹម អាណិតស្រលាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង ពលរដ្ឋខ្មែរជាច្រើនគ្រួសារបានទទួលនូវយុត្តិធម៌ជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលដោះស្រាយពីសំណាក់ឯកឧត្តមដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន ។

ជាក់ស្តែង តាមរយៈការជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទគ្រួសារក្រៅប្រព័ន្ធតុលាការ រវាងកូនស្រីទាំង២ (ឈ្មោះ ប៊ុត អេងលី អាយុ ២០ឆ្នាំ និង ប៊ុត ឡេងហៀង អាយុ ២៣ឆ្នាំ ជាមួយនឹងម្តាយបង្កើត ឈ្មោះ ឌឿក ចន្ធូ អាយុ ៤២ឆ្នាំ) ដែលមានស្រុកកំណើតនៅ ភូមិក្បាលស្នួល ឃុំ ស្នួល ស្រុកស្នួល ខេត្តក្រចេះកាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំសង្ឃឹមថាក្រុមគ្រួសារទាំងមូលនឹងបានរស់នៅមានភាពស្និទ្ធស្នាលនឹងគ្នាឡើងវិញ ដោយមិនចាំបាច់ជ្រើសរើសយកការស្អប់ គុំគួន កាត់កាល់គ្នា មកធ្វើជាដំណោះស្រាយឡើយ។ បញ្ហាវិវាទគ្រួសារកន្លងមកនេះ គឺដោយសារឪពុកម្តាយបានលែងលះគ្នា ហើយបន្ទាប់មកក៏បានបន្ថែមបញ្ហាដល់កូនស្រីទាំង២ប្រឈមជាមួយនឹងម្តាយបង្កើត។

នៅក្នុងការសម្របសម្រួលបញ្ចប់វិវាទកន្លងទៅ ភាគីកូនទាំង២ក៏បានយល់ព្រមទទួលប្រាក់១ម៉ឺនដុល្លារពីម្តាយ ហើយយល់ព្រមរួមរស់ទាក់ទងគ្នារវាងកូននិងម្តាយឡើងវិញ។

ពិតណាស់ ទោះបីប្រាក់ដែលក្មួយទាំង២ទទួលពីម្តាយមិនបានគ្រប់ដូចបំណង ក៏ប៉ុន្តែសេចក្តីស្រឡាញ់រវាងម្តាយនិងកូនគឺមានទំហំធំធេងណាស់! ម្តាយសុខចិត្តទ្រាំលំបាកគ្រប់យ៉ាងដើម្បីកូនៗ ។ ទឹកដោះម្តាយថ្លៃណាក្មួយៗ ហើយកុំជឿលើការអូសទាញញុះញុងពីអ្នកដទៃដែលធ្វើអោយសេចក្តីស្រឡាញ់របស់ក្មួយទាំងពីរនិងម្តាយបាត់បង់ទៅវិញ។ សូមជូនពរអ្នកម្តាយនិងកូនទាំង២បានរួមរស់នៅសុខសប្បាយមានសុភមង្គលជាមួយគ្នាជារៀងរហូត។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

Close