ព័ត៌មានជាតិ

កាស៊ីណូភូមិយើង បើកសង្វៀនបញ្ជល់មាន់ លេងល្បែងភ្នាល់ ផ្គើនបទបញ្ជានាយករដ្ឋមន្រ្តី

ទំនាក់ទទំនងការផ្សាយ:071 861 2222
ខេត្តត្បូងឃ្មុំ៖ បើទោះបីជាសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានចេញប្រកាសបញ្ជាឲ្យគ្រប់កាសុីណូនៅទូទាំងប្រទេស ផ្អាកដំណើរការបើកលេងល្បែងភ្នាល់ដើម្បីការពារ ការរីរាលដាលនៃជំងឺcovid-19ក៏ដោយ ប៉ុន្តែសម្រាប់កាសីុណូភូមិយើង ដែលមានទីតាំងនៅភូមិអន្លង់ជ្រៃថ្មី ឃុំកក់ ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ នៅតែបើលេងភ្នាល់យ៉ាងគគ្រឹកគគ្រេងដោយគ្មានរអែងនឹងបទបញ្ជានេះឡើយ ដែលធ្វើឲ្យមានមន្ទិលថា មានអាជ្ញាធរដែនដីឃុបឃិតពុករលួយជួយលាក់បាំង នេះបើតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះប្រាប់ឲ្យដឹង។

សេចក្តីរាយការណ៍ឲ្យដឹងថា ក្នុងកាសុីណូភូមិយើង មានបើកល្បែងស៊ីសងគ្រប់ប្រភេទដូចជា បញ្ជល់មាន់ និង​អាប៉ោង ដោយបើកលេងក្នុងទ្រង់ទ្រាយយ៉ាងធំសម្បើមរៀងរាល់ថ្ងៃ ហើយក្រុមអ្នកញៀនល្បែងទាំអស់សុទ្ធតែបានស្គាល់ម្ចាស់ទីតាំងយ៉ាងច្បាស់ គឺទី១ ឈ្មោះលោក និត ជាមន្ត្រីកាំកុងត្រូល និងទី២ គឺឈ្មោះលោក ស៊្រុន ដែលសុទ្ធជាបុគ្គលមានលុយ មានអំណាចក្នុងខេត្តត្បូងឃ្មុំ ដែលសូម្បី តែលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកបែន រ័ត្ន ស្នងការខេត្ត ក៏មិនហ៊ានប៉ះពាល់ ឬហ៊ានបង្ក្រាបទីតាំងល្បែងសុីសង ដែលជ្រកក្រោមស្លាកកាស៊ីណូភូមិយើងនេះដែរ ព្រោះម្ចាស់កាស៊ីណូ មានខ្នងបង្អែកធំមហិមា នៅក្នុងក្រសួងមហាផ្ទៃ។

ជាក់ស្តែង ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកំពុងខ្វាយខ្វល់ រចល់ចិត្ត ចាត់វិធានការនានា បង្កានិងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសcovid-19 និងបានចេញប្រកាសឲ្យកាស៊ីណូនៅទូទាំងប្រទេសផ្អាកដំណើរការតាំងពីដើមខែមេសា ឆ្នាំ2020នេះក្តី តែសម្រាប់ម្ចាស់កាសុីភូមិយើងគឺមិនយកត្រចៀកស្តាប់ឡើយ ហើយបែរជាផ្គើនបើកឲ្យមានការភ្នាល់ល្បែងគ្រប់ប្រភេទ ពិសេសគឺល្បែងជល់មាន់ ដែលលេងភ្នាល់ក្នុងមូយគូរៗរាប់ពាន់ រាប់មុឺនដុល្លារទៅវិញ។ការដែលលោក និត និងលោក ស៊្រុន ថ្លើមធំហ៊ានបើកទីតាំងកាសុីណូភូមិយើងលេងល្បែងភ្នាល់ក្នុងកាលៈទេសៈរាជរដ្ឋាភិបាលចេញប្រកាសហាមឃាត់បែបនេះ ត្រូវបានរងការរិះគន់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានលោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តហាក់មានភាពមិនប្រក្រតី ដោយមិនហ៊ានធ្វើការបង្ក្រាប ក៏ដូចជារាយការណ៍ជូនថ្នាក់ជាតិពីទីតាំងល្មើសមួយនេះឬអាចថាទុកជាឆ្នាំងបាយក៏ថាបាន?។

​បើតាមការឲ្យដឹងពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ ថ្នាក់ស្រុក ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេគ្មានអំណាចគ្រប់គ្រាន់ និងគ្មានលទ្ធភាពបង្ក្រាបល្បែងស៊ីសងក្នុងទីតាំងដែលជ្រកក្រោមស្លាកកាសុីណូភូមិយើងនេះទេ ដោយសារម្ចាស់ទីតាំងល្បែងមួយនេះនេះមានខ្នងបង្អែករឹងមាំនៅក្រសួងមហាផ្ទៃ។

ពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃថ្មី ឃុំកក់ លើកឡើងថា លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏ដូច លោក បែន រ័ត្ន ស្នងការខេត្ត គួរមានសេចក្តីក្លាហានហ៊ានសម្រេចចិត្តចាត់វិធានការបង្ក្រាបលើទីតាំងល្បែងភ្នាល់កាសុីណូភូមិយើងនេះ ឲ្យស្របតាមប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទប់ស្កាត់ និងបង្កា ការឆ្លងរីករាលដាលនៃវីរុសcovid-19 ដ៏កាចសាហាវ ដែលប្រមុខថ្នាក់ដឹកនាំជាតិ កំពុងដុតដៃដុតជើង ក្នុងការប្រយុទ្ធប្រឆាំងនោះ៕

Close