ព័ត៌មានជាតិ

កន្លែង​ចាក់សំរាម​ថ្មី​នៅ​ក្រុង​ព្រះ​សី​ហ​នុ ​ជា​គំរូ​ក្នុង​ការ​គ្រប់គ្រង​សំរាម

ទីតាំង​ចាក់សំរាម​ដែល​ទើប​សាងសង់​ថ្មី​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ទីតាំង​ស្ដង់​ដារ​ខ្ពស់​ដែល​អាច​​​យក​ធ្វើជា​គំរូ​បាន​ ​សម្រាប់​ការ​គ្រប់គ្រង​សំរាម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​នេះ​បើ​តាម​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​ពេល​ទទួល​ក្រុម​អ្នកកាសែត​ទៅ​មើល​ការ​ចាក់សំរាម​នៅ​ឆ្នេរសមុទ្រ​។​

​យោង​តាម​រដ្ឋលេខាធិការ​ ​ទីលាន​ចាក់សំរាម​ថ្មី​នេះ​ ​មានផ្ទៃ​ដី​ទំហំ​៥​ ​ហិកតា​ ​ជាមួយនឹង​រណ្តៅ​ចំនួន​ ​៤​ ​ដែល​អាច​ផ្ទុក​សំរាម​បាន​ជិត​មួយលាន​តោន​ ​ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ជាមួយនឹង​ដំណើរការ​គ្រប់គ្រង​កាកសំណល់​តាម​ស្តង់​ដារ​។​

​ទីលាន​ចាក់សំរាម​ ​គឺជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​អនុវត្ត​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ហើយ​បាន​ប្រគល់​ជូន​ក្រសួង​បរិស្ថាន​ ​បន្ទាប់ពី​បញ្ចប់​ការ​សាងសង់​កាលពី​ថ្ងៃ​ទី​៥​ ​ខែវិច្ឆិកា​។​

​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កន្លែង​ចាក់សំរាម​ចំនួន​ប្រាំមួយ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​កែប​ ​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់​ដំបង​ ​និង​កំពត​នៅ​ឆ្នាំ​២​០​២​២​ ​ដោយសារ​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​និង​ធនាគារ​ពិភពលោក​។​

​ខេត្ត​ផ្សេងទៀត​រួម​មាន​ខេត្ត​សៀមរាប​ ​និង​បន្ទាយ​មានជ័យ​ ​ក៏​នឹង​មាន​ទីតាំង​ចាក់សំរាម​មួយ​ក្នុងពេលឆាប់ៗខាងមុខនេះ​ដែរ​។​

​លោក​ ហុ​ក​ ​សុផា​ន់​ណា​រ៉ូ ​នាយក​ទីលាន​ចាក់សំរាម​ក្រុង​ព្រះ​សី​ហ​នុ​បាន​ចែករំលែក​អោយ​ដឹង​ថា​ ​ជាមធ្យម​ក្នុងមួយថ្ងៃ​មាន​សំរាម​ប្រហែល​ ​៤​០​០​ ​តោន​ត្រូវ​បាន​បោះចោល​នៅ​ទីតាំង​នេះ​ចាប់តាំង​ពី​ដំណើរការ​។​

​កម្ពុជា​បង្កើត​បានជា​ង​ ​១​ ​ម៉ឺន​តោន​ក្នុងមួយថ្ងៃ​ ​ឬ​ ​៤​ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៃ​សំរាម​ ​៦​៥​ ​ភាគរយ​ជា​កាកសំណល់​សរីរាង្គ​ ​២​០​ ​ភាគរយ​ជា​ប្លាស្ទិក​ ​ហើយ​នៅសល់​ពី​នោះ​ជា​សំណល់​រឹង​។​ ​ហើយ​ចំនួន​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ចន្លោះ​ពី​ ​១​០​ ​ទៅ​២​០​ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។​

​ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​លើ​ការ​កែ​លម្អ​កន្លែង​ចាក់សំរាម​ ​ក្រសួង​បរិស្ថាន​ក៏​កំពុង​ជំរុញ​ការចាត់ថ្នាក់​សំរាម​ផង​ដែរ​ ​ដើម្បី​ឱ្យ​វា​មានលទ្ធភាព​សេដ្ឋកិច្ច​៕

Close