ព័ត៌មានជាតិ

តុលាការសម្រេច​ឃុំខ្លួន​ លោក ផែង វណ្ណៈ ក្រោយពី​មាន​បណ្តឹង​របស់​មេធាវី​ សម្ដេច​តេ​ជោ ហ៊ុន សែន

ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​០២​ ខែ​មេសា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ លោក ផែង វណ្ណៈ សកម្មជន​ហ្វេ​ស​ប៊ុក ដ៏​មាន​ប្រជាប្រិយ​មួយរូប ​តាម​ដីកា​សម្រេច​របស់​តុលាការ​​​ចោទប្រកាន់​ ​​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។​

លោក​ ផែង វណ្ណៈ​ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩ តាម​ដីកា​បញ្ជា​របស់ ​លោក​ អ៊ុំ សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់ លោក គី តិច មេធាវី​របស់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​កង​រា​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

កាលពី​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ឈ្មោះ ផែង វណ្ណៈ ត្រូវបាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុភ​ក្តិ បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាមរយៈ​ទំព័រ page facebook ដែលមាន​ ឈ្មោះ ​Pheng Vannak News កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​ការចេញ​ដីកា​បញ្ជាឲ្យ​ចូល​ខ្លួន​បំភ្លឺ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មេធាវី​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន គឺ​ លោក គី តិច បាន​ដាក់​ពាក្យ​ប្ដឹង​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ប្ដឹង​ ឈ្មោះ ផែង វណ្ណៈ ដោយ​អះអាងថា ឈ្មោះ ផែង វណ្ណៈ ពិត​មាន​ចេតនា​ទុច្ចរិត​ប្រើប្រាស់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​របស់ខ្លួន ក្នុង​គោល​បំណង​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ជា​អំពើ​ផ្ទុយ​នឹង​បញ្ញត្តិ​មាត្រា​៣០៥ និង​បញ្ញត្តិ​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

Close