អន្តរជាតិ

នាវាកម្សាន្តដ៏អស្ចារ្យ ធំជាងគេលើពិភពលោកតម្លៃ១,៣៥ពាន់លានដុល្លារសង់រួចរាល់ និងត្រៀមបម្រើសេវាកម្មទេសចរណ៍ឆាប់ៗនេះ

អាមេរិក: នាវាកម្សាន្តខ្នាតយក្សធំបំផុតរបស់ពិភពលោក ដែលមានតម្លៃរហូតដល់ទៅ១,៣៥ពាន់លានដុល្លារអាមេរិក និងបានប្រើពេល៣ឆ្នាំនៅក្នុងការសាងសង់ ទីបំផុតការសាងសង់បានបញ្ចប់ជាស្ថាពរហើយ និងកំពុងត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ។

នាវាកម្សាន្តខ្នាតយក្សដ៏អស្ចារ្យនេះ មានប្រវែងជាង៣០០ម៉ែត្រ និងកម្ពស់រហូតដល់ទៅ៦៤ម៉ែត្រ វាមានឈ្មោះថា Wonder of the Seas របស់ក្រុមហ៊ុនអន្តរជាតិ Royal Caribbean មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។នាវាកម្សាន្តនេះ ត្រូវបានអ្នកទទួលសាងសង់ ប្រគល់ជូនក្រុមហ៊ុនកាលពីខែមករា ដើមឆ្នាំ២០២២ ហើយគ្រោងនឹងចាប់ផ្តើមដំណើរកម្សាន្ត ជាលើកដំបូងរបស់ខ្លួនចេញពីក្រុង Fort Lauderdale រដ្ឋផ្លរីដា ឆ្ពោះទៅកាន់តំបន់ការ៉ាអ៊ីព (Caribbean) នៅថ្ងៃទី៤ មីនា ដ៏ខ្លីខាងមុខនេះ។

នាវាកម្សាន្តដែលមាន១៨ជាន់នេះ ត្រូវបានសាងសង់នៅកន្លែងផលិតនាវា Chantiers de l’Atlantique ក្នុងទីក្រុង Saint-Nazaire ប្រទេសបារាំង ហើយវាមានសមត្ថភាពផ្ទុកភ្ញៀវ បានរហូតដល់ទៅ៦.៩៨៨នាក់ និងនាវិក២.៣០០នាក់ (សរុប៩.២៨៨នាក់)។

លោក Mark Tamis អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការសណ្ឋាគារនៅក្រុមហ៊ុន Royal Caribbean International បានប្រាប់សារព័ត៌មាន CNN ថា “យើងពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយសូមណែនាំភ្ញៀវទេសចរទូទាំងពិភពលោក ឱ្យស្គាល់នាវាកម្សាន្តខ្នាតយក្ស Wonder of the Seas និងលក្ខណៈពិសេសៗ លំដាប់ពិភពលោករបស់វា បន្ទាប់ពីឆ្លងកាត់ដំណើរការយ៉ាងយូរអស់រយៈពេល៦ឆ្នាំ”។

លោកបានបន្ថែមទៀតថា “រាប់ចាប់ពីការធ្វើផែនការរហូតដល់ការប្រគល់នាវានេះ យើងបានប្រើប្រាស់ចំណេះ ជំនាញរបស់យើងទូទាំងក្រុមហ៊ុន Royal Caribbean ហើយយើងក៏បានដាក់បញ្ចូលមតិយោបល់របស់ភ្ញៀវ និងមតិកែលម្អរបស់ដៃគូទេសចរណ៍យើងផងដែរ ដើម្បីផលិតចេញនូវនាវាកម្សាន្តដែលគួរឱ្យស្ញប់ស្ញែងពិតៗមួយនេះ”។

នាវា Wonder of the Seas ត្រូវបានបែងចែកជា៨តំបន់ផ្សេងគ្នា ដោយតំបន់មួយ ក្នុងចំណោមនោះមានដើមរុក្ខជាតិពិតៗ រហូតដល់ទៅជាង២០.០០០ដើម។ នៅលើនាវានេះក៏មាន “ទោងជិះរអិលលើទឹកដែលខ្ពស់បំផុតនៅសមុទ្រ” ព្រមទាំងខ្សែរ៉តកម្ពស់១០ជាន់នៃនាវា និងមានផ្ទាំងសំពត់កុនយ៉ាងធំនៅក្បែរអាងហែលទឹកផងដែរ៕ ប្រភព CNN

Close