អន្តរជាតិ

គណបក្សគំាទ្រយោធា ផាឡាង ប្រាឆាវ៉ាត់ ចង់បង្កើតរដ្ឋាភិបាលចម្រុះ តាមរយៈការចរចាជាមួយបណ្តាគណបក្សដទៃ

ថៃ៖ គណបក្សគាំទ្រយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat) របស់លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថាខ្លួននឹងព្យាយាមបង្កើតរដ្ឋាភិបាល តាមរយៈការចរចាជាមួយបណ្ដាគណបក្សដទៃ ដែលមានគំនិតនយោបាយ និងគោលជំហរចង់ឱ្យប្រទេសជាតិរីកចម្រើនទៅមុខដូចគ្នា។ 

បើតាមលទ្ធផលឆ្នោតបឋមរាប់បាន ៩៣ភាគរយ គណបក្សភឿថៃទទួលបានអសនៈសភា ១៣៥ រីឯគណបក្សផាឡាង ប្រាឆារ៉ាត់ ទទួលបាន ១១៩អសនៈ។ លទ្ធផលនេះបានមកពីការបូកបញ្ចូល គ្នា នៃចំនួនអសនៈ ៣៥០ តាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល និង ១៥០អាសនៈទៀត ឬ (party-list) ដែលត្រូវបោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ គិតទៅតាមបញ្ជីបេក្ខជន របស់គណបក្ស នយោបាយនៅក្នុងក្របខ័ណ្ឌជាតិ។ ក៏ប៉ុន្តែចំនួនអាសនៈ ១៥០នេះ អាចនឹងត្រូវពន្យារពេលប្រកាសជាច្រើនថ្ងៃ។

ការប្រកាសខាងលើនេះរបស់គណបក្ស ផាឡាង ប្រាឆារ៉ាត់ ធ្វើឡើងដោយផ្អែកលើសំឡេងឆ្នោត ដែលខ្លួនទទួលបានពីប្រជាជន ឬ popular vote ចំនួន ៧,៩លានសំឡេង ខណៈគណ បក្សភឿថៃទទួលបាន ៧,៤លានសំឡេងប៉ុណ្ណោះ ទោះបីជាបក្សគាំទ្រលោក ថាក់ស៊ី នេះបានទទួលអាសនៈច្រើនជាងក៏ដោយ៕

Close