អន្តរជាតិ
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន WM Motor បានដាក់ពាក្យក្ស័យធន
ក្រោយពីការដកហូតទុនវិនិយោគចំនួន២,០២ពាន់លានដុល្លារ WM Motor ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយរបស់ប្រទេសចិន បានដាក់ពាក្យសុំក្ស័យធននៅក្នុងតុលាការទីក្រុងសៀងហៃ។
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន WM Motor បានដាក់ពាក្យសុំក្ស័យធនដែលបង្ហាញពីការធ្លាក់ចុះនៃអាជីវកម្មធុនមធ្យមនៅទីផ្សារនេះ។ ការក្ស័យធននេះ កើតឡើងតែមួយខែក្រោយក្រុមហ៊ុនវិនិយោគ Apollo Future Mobility Group បានដកខ្លួនចេញពីការទិញ WM Motor ក្នុងតម្លៃ ២,០២ពាន់លានដុល្លារ ដោយសំអាងថា ទីផ្សារហិរញ្ញវត្ថុមិនស្ថិតស្ថេរ និងការងើបឡើងវិញដោយមិនមានតុល្យភាពនៃសេដ្ឋកិច្ចចិន។
ក្រុមហ៊ុន WM Motor បានក្ស័យធនស្របពេលមានការប្រជែងតម្លៃនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តខ្នាតតូចត្រូវធ្លាក់ចេញពីទីផ្សារនៅពេលដែលក្រុមហ៊ុនធំៗប្រជែងគ្នាដើម្បីកាត់បន្ថយតម្លៃ។ គ្រាន់តែក្រុមហ៊ុន BYD មានចំណែកទីផ្សាររថយន្តអគ្គិសនីច្រើនជាង ៣០ភាគរយនៅចិន។
WM Motor ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយ Freeman Shen ដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Zhejiang Geely ក្រុមហ៊ុននេះធ្លាប់បានគេចាត់ទុកថាជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ជោគជ័យមួយនៅចិន រួមជាមួយនឹង Nio, Li Auto និង Xpeng ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Baidu និង Tencent Holdings សុទ្ធតែស្ថិតក្នុងចំណោមការវិនិយោគរបស់ WM Motor ។
យ៉ាងណាមិញ ការចាប់ផ្តើមអាជីវកម្មនេះមិនទាន់អាចរកប្រាក់ចំណេញក្នុងវិស័យដែលត្រូវការដើមទុនច្រើនដូចជារថយន្តជាដើម។ ក្រុមហ៊ុន WM Motor បានកត់ត្រាការខាតបង់ទ្វេដងក្នុងរយៈពេល ៣ឆ្នាំ ដល់ ៨,២ពាន់លានយ័ន (១,១៣ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២១។
WM Motor បានលក់រថយន្ត SUV អគ្គិសនីចំនួន៣៥ពាន់គ្រឿងក្នុងឆ្នាំ ២០២១។ បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវនិងបច្ចេកវិទ្យារថយន្តចិន តួលេខលក់សម្រាប់ឆ្នាំ ២០២២មានចំនួនប្រហាក់ប្រហែលគ្នា។ ប៉ុន្តែរយៈពេល៨ ខែឆ្នាំ២០២៣ ក្រុមហ៊ុនលក់បានតែជិត១៤០០គ្រឿងប៉ុណ្ណោះ។
WM Motor គ្រោងនឹងបញ្ចេញ M7 EV នៅឆ្នាំនេះ។ នេះនឹងជាគំរូរថយន្តទី ៥ របស់ក្រុមហ៊ុននៅលើទីផ្សារ។ ទោះយ៉ាងណាក៏ដោយ វាមិនបានបង្ហាញរូបរាងទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិក បិទរោងចក្រ និងកាត់បន្ថយសេវាកម្មក្រោយការលក់។
ការលក់រថយន្តដឹកអ្នកដំណើរនៅចិនបានកើនឡើងម្តងទៀតក្នុងខែសីហា ដោយបញ្ចប់ការធ្លាក់ចុះយ៉ាងយូរពីខែឧសភាដល់ខែកក្កដា។ នេះជាលទ្ធផលនៃក្រុមហ៊ុនផលិតបានបញ្ចុះតម្លៃ ហើយរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធសម្រាប់រថយន្តអគ្គិសនី ។ យ៉ាងណា មនុស្សជាច្រើននៅតែព្រួយបារម្ភថា ការចំណាយលើផលិតផលដែលមានតម្លៃខ្ពស់នៅចិននឹងធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចនៅតែជួបការលំបាកក្រោយជំងឺកូវីដ-១៩៕ ប្រភពទាំងស្រុងពី ថ្មីៗ