សេដ្ឋកិច្ច

ព្រលាន​យន្តហោះ​ភ្នំពេញ មាន​កំណើន​អ្នក​ដំណើរ​លឿន​ជាងគេ​ក្នុង​ពិភពលោក នៅឆ្នាំ​២០១៨

ក្នុង​ចំណោម​ព្រលាន​យន្តហោះ​ចំនួន​២០ ដែលមាន​កំណើន​អ្នកដំណើរ​​លឿន​ជាងគេ​ក្នុង​ពិភព លោក គឺមាន ១៥ហើយ​ស្ថិតក្នុង​តំបន់​អាស៊ី។ ក្នុងនោះ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ របស់​កម្ពុជា គឺ​មាន​កំណើន​ខ្ពស់ជាងគេ​បំផុត។ នេះ​បើតាមការ​ចុះ​ផ្សាយរបស់ Reuters កាលពី​ពេលថ្មីៗ​នេះ ដែល​ដកស្រង់​ចេញពី​របាយការណ៍​ស្រាវជ្រាវ​របស់​ Routesonline។

តាម​របាយការណ៍​នេះ​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៨ ព្រលាន​យន្តហោះ​ភ្នំពេញ ទទួល​បាន​អ្នក​ដំណើរ​ចំនួន​ ៦ ២៥២ ៥៦៨នាក់ (ជាង ៦,២៥លាន​នាក់) ខណៈ​ឆ្នាំ​២០១៧ ទទួល​បាន ៤ ៥១៨ ០៨៦​នាក់ (ជាង ៤,៥លាន​នាក់) ស្មើនឹង​កំណើន ៣៨,៤% គឺ​ជា​កំណើន​លឿន​ជាងគេ​បង្អស់​ស្ថិតក្នុង​លំដាប់​ទី១។ តាមពី​ក្រោយ​ដោយ​ព្រលាន​យន្តហោះ Jinjiang ប្រទេស​ចិន ដែលមាន​កំណើន​អ្នក​ដំណើរ ៣១,៩% និង​ទី៣ បាន​ទៅលើ​ព្រលាន​យន្តហោះ Semarang ប្រទស​ឥណ្ឌូណេស៊ី ដែល​មាន​កំណើន​អ្នក​ដំណើរ ២៩,៦%។

សូម​ជម្រាប​ថា ការ​ស្រាវជ្រាវ​ចំនួន​អ្នក​ដំណើរ​នេះ គឺគ្រប​ដណ្តប់​ព្រលាន​យន្តហោះ​ទាំងអស់​​គិត​ចាប់ពីខែ​មករា ដល់ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​ប្រើ​ទិន្នន័យបឋម​ដែលផ្តល់​ដោយ Sabre Market Intelligence ហើយ​ធ្វើការ​ប្រៀបធៀប​ជាមួយ​ទិន្នន័យ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៧។

គួរ​កត់សម្គាល់​ដែរថា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣​របស់​កម្ពុជា (ភ្នំពេញ សៀមរាប ព្រះសីហនុ) បាន​ជាប់​កំណត់​ត្រា​ខ្ពស់​ដំបូង​បំផុត ដោយ​ទទួល​បាន​អ្នក​ដំណើរ​ ១០លាន​នាក់ ក្នុងឆ្នាំ​២០១៨ ខណៈ​ឆ្នាំ​២០១៧ ទទួលបាន ៨,៨លាន​នាក់។

តួលេខ​របស់​ក្រុមហ៊ុន​ Cambodia Airports បាន​ឲ្យ​ដឹង​​ថា ចំនួន​ការ​ធ្វើ​ចរាចរណ៍​យន្តហោះ​​សរុប ពោល​គឺ​​ចំនួន​យន្តហោះ​​ចេញ​ដំណើរ និង​ចុះ​ចត នៅ​ក្នុង​ព្រលាន​យន្តហោះ​ទាំង ៣ រួម​គ្នា​មាន​ចំនួន ១០៤ ៨០៥ កាល​ពី​ឆ្នាំ ២០១៨។ នៅ​ក្នុង​ចំណោម​នោះ ព្រលាន​យន្តហោះ​ភ្នំពេញ​ទទួល​បាន​ការ​ធ្វើ​ចរាចរណ៍ ៥២ ២១៧ សៀមរាប​មាន​ចំនួន ៤៤ ៣១៤ ខណៈ​ដែល​ក្រុង​ព្រះ​សីហនុ មាន​ចំនួន ៨ ២៧៤។ នេះបើតាម​ការដកស្រង់​របាយការណ៍​​ដោយ​​ភ្នំពេញប៉ុស្តិ៍។

ក្រុមហ៊ុន​បារាំង SCA បាន​នឹង​កំពុង​រៀបចំ​ចំណត​យន្តហោះ និង​ពង្រីក​បន្ថែម​ផ្លូវរត់​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ដើម្បី​ត្រៀម​ទទួល​យន្តហោះ​របស់​គណៈប្រតិភូ​ដែលនឹង​អញ្ជើញ​មកចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​បន្តបន្ទាប់ និង​ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​ផងដែរ៕

Close