សេដ្ឋកិច្ច

ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ សាខាគយ​ខេត្ត​ព្រះសីហនុ ចាប់​រថយន្ត​សេរី​ទំនើប​អត់​បង់ពន្ធ​១៣​គ្រឿង​ជា​ថ្មី​ទៀត

ខេត្ត​ព្រះសីហនុ​៖ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក ទុំ ណូ មានប្រសាសន៍ថា ស្ថាប័ន​ខ្លួន បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ដទៃទៀត ចុះ​ស្រាវជ្រាវ និង​ចាប់​រថយន្ត​សេរី​ទំនើប​បានចំនួន​១៣​គ្រឿង​ជា​ថ្មី​ទៀតដែល​ជារថយន្តគេចពន្ធ ហើយ​បាន​ធ្វើ​ចរាចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​

​ថ្លែង​ប្រាប់​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា នៅក្នុង​បរិវេណ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក ទុំ ណូ បញ្ជាក់ថា រថយន្ត​សេរី​ទំនើបៗ​ទាំង ១៣​គ្រឿង​ខាងលើ​នេះ គឺ​មាន​ទាំង​រថយន្ត​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​ផង ហើយ​ត្រូវ​មន្ត្រី​គយ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ឃាត់​យក​មក​រក្សាទុក នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៩​នេះ ដោយបាន​នាំយក​មក​រក្សាទុក នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​និតិ​វិធី​តាម​ផ្លូវច្បាប់​។​

លោក ទុំ ណូ បន្តថា សម្រាប់រថយន្តចង្កូតឆ្វេងបានទុកឱកាសដល់ម្ចាស់​រថយន្ត​ទាំងនោះ មក​បំពេញ​បែបបទ សុំ​ការបង់ពន្ធ និង​ផាកពិន័យ​បង់ពន្ធ​ឲ្យស្រប​តាម​ច្បាប់​។ ប៉ុន្តែ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំង​វិញ គឺមន្ត្រី​ជំនាញ ត្រូវ​ដក​យក​ទុកជា​ទ្រព្យសម្បត្តិរបស់​រដ្ឋ ដោយ​មិន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ទេ​។ លោក​ថា ចំពោះ​រថយន្ត​ចង្កូត​ស្តាំ គឺ​ត្រូវបានរាជរដ្ឋាភិបាល ហាមឃាត់​មិនឲ្យ​នាំចូល​បន្តទៀតទេ​ចាប់តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​។​

​លោក ទុំ ណូ បញ្ជាក់ថា សមត្ថកិច្ច​គយ និង​រដ្ឋាករ គឺ​មាន​ភារៈកិច្ច ចុះបង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ រួមមាន​៖ ការបង្ក្រាប​នៅ​ដើមទី – ការបង្ក្រាប​នៅ​ពាក់កណ្តាល​ទី និង​ការបង្ក្រាប​នៅ​ចុង​ទី​។ ហើយ​ថា ចំពោះ​រថយន្ត​សេរី​ទំនើប​អត់​បង់ពន្ធ​ទាំង ១៣​គ្រឿង ដែល​សាខាគយនិង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ចាប់បាន​នៅ​ពេល​នេះគឺជា​សកម្មភាព​ចុះ​បង្ក្រាបនៅ​ចុង​ទី ពោល​គឺ​រថយន្ត​ទាំងនោះបាន​បើកធ្វើចរាចរណ៍ តាម​ផ្លូវ​សាធារណៈ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​

ចំពោះ​រថយន្ត​គេចពន្ធ ដែល​ជំនាញ​គយរដ្ឋាករ​ខេត្ត​ព្រះសីហនុ ឃាត់​ចាប់​ខាងលើនេះ លោក ទំុ ណូ បញ្ជាក់ហេតុផលថា ទី​១ ត្រូវឈ្មួញលួចនាំចូលតាមច្រករបៀងគេចពន្ធ ដោយ​គេច​ពី​សមត្ថកិច្ច​។ ទី​២ ឈ្មួញ​បន្លំ​នាំ​ចូល​ដាក់​ថា​ជា​គ្រឿងបន្លាស់​ដោយ​យក​រថយន្ត​ថ្មីៗ​ទៅ​កាត់​ជា​កង់ៗ តាមរយៈ​ការ​នាំចូល​គ្រឿងបន្លាស់​រថយន្ត​ចាស់ៗ ឬ​រថយន្ត​កាត់ត បន្ទាប់មក បាន​នាំ​ទៅ​តម្លើង​ត​ភ្ជាប់ នៅតាម​យានដ្ឋាន​ខុសច្បាប់​មួយ​ចំនួន​នៅរាជធានីភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។ លោក​ថា ករណីនេះ ត្រូវបាន​សមត្ថកិច្ច​គ​យនិង​រដ្ឋាករ បាន​បំបែក​សំណុំរឿង​នេះ​បាន​ហើយៗ សមត្ថកិច្ច​ជំនាញ​គយនិង​រដ្ឋាករ កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​បទល្មើស​នេះ​ជា​បន្ត​ទៀត​។​

​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា គិត​ចាប់ពី​ចុងឆ្នាំ​២០១៨ មក​ដល់​ខែមីនា ឆ្នាំ​២០១៩​នេះ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​នេះ ចាប់​បាន​រថយន្ត​សេរី​ទំនើប​គេចពន្ធសរុបចំនួន២៧គ្រឿង ដើម្បី​ផាកពិន័យ​។​

​លោក ទុំ ណូ ប្តេជ្ញា​ថា ក្រោម​ការណែនាំ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ស្តីពី​ការបង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ ជាពិសេស​ការ​នាំចូលរ​ថ​យន្ត​គេចពន្ធ គឺ​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ នឹងបន្តចុះធ្វើសកម្មភាពនេះឲ្យមានប្រសិទ្ធ ដើម្បី​ឈានដល់​ប្រមូល​ចំណូល​ថវិកាជាតិ ឲ្យបាន​ច្រើន​ថែម​ទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខ​៕

Close