ព័ត៌មានជាតិ

លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងផ្អែមមាត់ លើករណីមេប៉ុស្តិ៍ឡាប៉ាខេបើក ឲ្យមានចរាចរឈើឆ្លងដែនខុសច្បាប់យ៉ាងអនាធិបតេយ្យ

ទំនាក់ទំនងការផ្សាយៈ ០៧១ ៧៨៨៨ ៣៤៥
មណ្ឌលគិរីៈ បន្ទាប់ពីចំណាយលុយមួយចំនួនធំទិញយកតំណែងជាមេប៉ុស្តិ៍នគបាលការពារព្រំំដែនច្រកឡាប៉ាខេមិនបានប៉ុន្មានខែផង លោក សា ផល្លា ត្រូវបានក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ឆ្លងដែនយកទៅលក់នៅស្រុកយួន ចោទប្រកាន់ថាបានប្រើឈ្មោះលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីទៅគាបសង្កត់ បង្ខំឲ្យពួកគេបង់ប្រាក់តាមការកំណត់ដែលខ្លួនចង់បាន។

តាមសេចក្តីរាយការណ៍ពីក្រុមពលរដ្ឋដែលរកសុីដឹកឈើតាមម៉ូតូជាលក្ខណៈគ្រួសារបានឲ្យដឹងថា ដោយសារតែ លោក សា ផល្លា ជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោក ឡេង សោភ័ណ្ឌ មេបញ្ជាការនគរបាលការពារព្រំដែនវរៈលេខ៦២១ ទើបមេបុស្តិ៍ឡាប៉ាខេរូបនេះ ហ៊ានប្រើឈ្មោះលោកស្នងការបេើកឲ្យមានចរាចរឈើខុសច្បាប់ឆ្លងដែនទៅស្រុកយួនបាន។

សេចក្តីរាយការណ៍បន្តថា កាលពីជំនាន់មេប៉ុស្តិ៍ឡាប៉ាខេមុន មានការយល់យោគលើដីតម្លៃដឹកឈើឆ្លងដែន តែមកដល់រជ្ជកាលលោក សា ផល្លា វិញគឺត្រូវបានកំណត់ថ្លៃដោយគ្មានការលើកលែងឡើយ។ប្រភពដដែលបានឲ្យដឹងដែរថា ក្នុងមួយថ្ងៃៗឈើប្រណីតគ្រប់ប្រភេទ ត្រូវបានគេដឹកតាមរថយន្តតូចៗជាច្រើនគ្រឿង និងតាមម៉ូតូរាប់រយគ្រឿង ឆ្លងដែនតាមច្រក របៀងចំនួន៧ ក្រោមការគ្រប់គ្រងរបស់លោក សា ផល្លា ជាពិសេសនៅពេលយប់។ច្រករបៀងទាំង៧នេះរួមមានៈទី០១ច្រករបៀង(ងាំយូលិត) ទី០២ច្រករបៀង(ងាំតាយិន) ទី០៣ច្រករបៀង(ងាំបាមូល) ទី០៤ច្រករបៀង(ងាំបាឡាង)
ទី០៥ច្រករបៀ(ងាំបាវ៉េ)ទី០៦ច្រករបៀង(ងាំដី)និងទី០៧ ច្រករបៀង (ងាំចាន់ៗ)។ច្រករបៀងទាំងអស់នេះជាប្រភពចំណូលសេដ្ឋកិច្ចយ៉ាងធំ របស់លោក សា ផល្លា ក្នុងការប្រមូលលុយស្រង់ដើមបន្ទាប់ពីចំណាយទិញយកតំណែងជាមេប៉ុស្តិ៍ព្រំដែនគោកឡាប៉ាខេ។

សេចក្តីរាយការបន្តថា លោកសា ផល្លា បានដាក់កំណត់តម្លៃឲ្យឈ្មួញឈើបង់ប្រាក់ឲ្យជាកំណត់ ដោយក្នុងម៉ូតូដឹកឈើ០១ គ្រឿងបង់ជូនលោក៨០០០០រៀល ចំណែកម៉ូតូអូសរឺុម៉កកំណត់ឲ្យបង់១៥៥០០០រៀល និងរថយន្តកាមេរីត្រូវបង់១៨០០០០ រៀល បន្ថែមពីលើនេះទៅទៀត លោក សា ផល្លា ដកថ្លៃក្បាលឡាននិងរឺុម៉ក១០០០០០ រៀល មន្ថែមពីលើតម្លៃឈ្មួញបង់ធម្មតា ដោយបញ្ជាក់ប្រាប់ថាទុកជូនមេៗថ្នាក់ខេត្ត។ បន្ថែមលើសនេះ លោក សា ផល្លា នូវបានកំណត់ឲ្យឈ្មួញឈើជនជាតិយួន ដែលឈរជើងចាំទិញឈើខុសច្បាប់តាមចំណុចងាំនីមួយៗ ត្រូវបង់ក្បាលគូបឲ្យខ្លួន ដោយក្នុងឈើ០១ម៉ែត្រគូបចំនួន៥០០០០ រៀលផ្សេងទៀត។ដូចនេះតាមរយៈនៃការឃុបឃិតបើកដៃឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែននេះ លោក សា ផល្លា អាចរកចំណូលបានរាប់ពាន់ដុល្លារអាមេរិកក្នុងមួយថ្ងៃៗដាក់ហោប៉ៅនិងទុកថ្វាយដល់ថ្នាក់មន្ត្រីធំថ្នាក់ខេត្ត។

ពលរដ្ឋក្នុងស្រុកកែវសីម៉ា លើកឡើងថា លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី មិនគួរបណ្តោយឲ្យលោក សា ផល្លា ប្រើកេរ្តិ៍ឈ្មោះរបស់កម្លាំងនគរបាលជាតិ ទៅប្រព្រឹត្តល្មើសច្បាប់ ពុករលួយ ផ្គើននឹងបញ្ជាថ្នាក់ដឹកនាំជាតិនោះទេ។

ទាក់ទិននឹងការចោទប្រកាន់ខាងលើ គេហទំព័រពន្លឺខ្មែរ មិនអាចស្វែងរកការបកស្រាយបំភ្លឺពីលោក សា ផល្លា បានទេ ដោយសារលោកមិនលើទូរស័ព្ទ៕ដោយ ខេមរា

Close