ព័ត៌មានជាតិ

លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មានបារមីតិចជាងម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈនថារី

ទំនាក់ទំនងការផ្សាយលេខ ០៧១ ៧៨៨៨ ៣៤៥
ត្បូងឃ្មុំ ៖ សង្វៀនបញ្ជល់មាន់មួយកន្លែង មានបង្កប់ល្បែងស៊ីសងច្រើនប្រភេទ ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រី បានបើកលេងល្បែងភ្នាល់ខុសច្បាប់យ៉ាងចំហ បែបអនាធិបតេយ្យ ដោយមានឈ្មោះ (ហេង)ជាមន្ត្រីមានអំណាចម្នាក់នៅក្រសួងមហាផ្ទៃជាខ្នងបង្អែកយ៉ាងរឹងមាំ​ និងឈ្មោះ ថន ជាមេការរត់ការបិទមាត់ បិទភ្នែកគ្រប់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ។

សកម្មភាពល្មើសច្បាប់នេះត្រូវបានប្រជាពលរដ្ឋក្នុងឃុំដា ស្រុកមេមត់ រិះគន់ចំៗថា អភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ និងជាពិសេសលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្ត កំពុងជាន់ឈ្លីលើបទបញ្ជាសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលបានបញ្ជាឲ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីលើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅ​ផ្លូវ​ចូល​សង្វៀន​បញ្ជល់មាន់​នោះ​មាន​កងសន្តិសុខ​យាមកាម​យ៉ាង​ប្រយ័ត្នប្រយែង​ដោយខ្លាចក្រែង​អ្នកកាសែត​ចូល​ថត​យក​រូបភាព​ទៅ​ផ្សព្វផ្សាយ​ជូនថ្នាក់ដឹកនាំ។ ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​កត់សម្គាល់ថា​ចាប់តាំងពី​សង្វៀនបញ្ជល់មាន់នេះ ត្រូវគេបើកលេងនៅក្បែរច្រកទ្វេភាគីដា គឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​។

ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យដឹងទៀតថា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រី ច្រកទ្វេភាគីដា ស្រុកមេមត់លោក ហេង និង លោកថន បានបើកឲ្យលេងលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកគគ្រឹកគគ្រេងដោយគ្មាន ​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយចេញមុខចាត់វិធានការ​បង្ក្រាប​នោះឡើយ​ ដោយរង់ចាំតែសំណែនពីម្ចាស់សង្វៀនតែប៉ុណ្ណោះ។ ក្រៅពីល្បែងភ្នាល់ជល់មាន់ នូវមានល្បែងសុីសងផ្សេងៗទៀតដូចជាបៀ អាប៉ាង និងល្បែងយូគី ត្រូវបានគេបើកឲ្យលេង ហ៊ោកញ្ជ្រៀវ យ៉ាងអនាធិបតេយ្យ ហើយមានអ្នកញៀនល្បែងខ្លះចាញ់ល្បែងអស់រាប់ពាន់ រាប់មុឺនដុល្លារក៏មាន រហូតដល់បង្កអំពើហិង្សាក្នុងគ្រួសារថែមទៀត ដោយសារតែពួកគេ ញៀនល្បែងក្នុងសង្វៀនបញ្ជល់មាន់មួយនេះ។

ជារៀងរាល់ថ្ងៃមានក្រុមអ្នកលេងល្បែងបញ្ជល់មាន់ពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នានៅទីតាំង​សង្វៀន​បញ្ជល់មាន់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រី ហើយ​ក្នុងនោះ​មាន​សមត្ថកិច្ច​ប្រដាប់អាវុធ​និង​មន្ត្រីរាជការ​មួយចំនួនក៏បានក្លាយជាអ្នកញៀនល្បែងស៊ីសងយ៉ាងងប់ងល់ផងដែរ។

ប្រជាពលរដ្ឋលើកឡើងថា លោក ហេង ម្ចាស់ង្វៀនមាន់ មិនគួរយកតួនាទីខ្លួនជាមន្ត្រីមានអំណាចនៅក្រសួងមហាផ្ទៃ ទៅកាងបើកឲ្យមាសង្វៀនជល់មាន់ លេងល្បែងខុសច្បាប់បែបនេះទេ អញ្ចឹងតើទើបគ្មានសមត្ថកិច្ចណាមួយ ហ៊ានចេញមុខបង្ក្រាបនោះ?។

ប្រជាពលរដ្ឋសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរធ្វើការស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះជាបន្ទាន់​ផង ព្រោះបើសង្ឃឹមលើលោកលោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គឺគ្មានសង្ឃឹមនោះទេ។

ទាក់ទងនឹងការលើកឡើងខាងលើនេះ អង្គភាពពត៌មានមិនអាចសុំការបំភ្លឺពីលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានទេ ដោយលោកមិនលើកទូរស័ព្ទ៕

Close