ព័ត៌មានជាតិ

លោក ហេង រតនា ចេញមុខបកស្រាយថា លោកលែងជាស្នងការរងខេតរតនគិរីទៀតហើយ និងក៏មិនដែលស្គាល់មេឈ្មួញរកសុីឈើឈ្មោះនីកាចាញដែរ

ទំនាក់ទនងការផ្សាយៈ០១២ ៦៧៦ ៨៨៥
រតនគិរី : លោក ហេង រតនា បានបដិសេធថា បច្ចុប្បន្នលោកលែងជាស្នងការរងខេត្តរតនគិរី ទទួលបន្ទុកកិច្ចការព្រំដែនទៀតហើយ និងក៏មិនដែលស្គាល់មេឈ្មួញរកស៊ីឈើឈ្មោះនីកាចាញ់អីនោះដែរ ដោយបច្ចុប្បន្នលោកបានមកបម្រើការងារនៅនាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន នៃក្រសួងមហាផ្ទៃវិញហើយ នេះបើតាមការបកស្រាយតាមទូរស័ព្ទដែលអង្គភាពព័ត៌មានទើបទទួលបាន។

តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ព្រៃឈើឲ្យដឹងថា មន្ត្រីនគរបាលការពារព្រំដែនដែលប្រចាំការនៅចំណុចប៉ុស្តិ៍ហ្វាតាំនិងប៉ុស្តិ៍ហ្វាសាវ បានឃុបឃិតបើកដៃឲ្យក្រុមឈ្មួញដែលល្បីឈ្មោះដុះស្លែខាងកាប់បំផ្លាញព្រៃឈើគឺឈ្មោះ នីកាចាញ និង ឈ្មោះ ហ៊ូវ ជីវ៉ៃ គៀងគរពលរដ្ឋឲ្យចូលទៅកាប់ឈើគ្រប់ប្រភេទនៅក្នងព្រៃសហ គមន៍ក្នុងភូមិម្លូ ឃុំញ៉ាង ស្រុកអណ្តូងមាស រួចបន្តដឹកតាមរថយន្តឡង់គ្រីស័រច្នៃឆ្លងដែនទាំងថ្ងៃយប់ យ៉ាងតិចពី២០ទៅ៣០ រថយន្ត ក្រោមការយាមកាមការពារយ៉ាងតឹងរឹុងពីសំណាក់កម្លាំងប្រដាប់អាវុធ។

សេចក្តីរាយការណ៍បន្តថា ដោយសារតែភូមិសាស្ត្រតំបន់ព្រៃសហគមន៍ភូមិម្លូ មានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីព្រំដែនប៉ុស្តិ៍ហ្វាតាំ បានបង្កនូវភាពងាយស្រួលដល់ក្រុមឈ្មួញក្នុងការឃុបឃិតជាមួយមន្ត្រីនគរបាលការពារព្រំដែន ក្រោមការគ្រប់គ្រងផ្ទាល់របស់លោក ហេង រតនា ក្នុងការប្រព្រឹត្តអំពើពុករលួយ បើកឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមដោយរលូន។

សេចក្តីរាយការបន្ថែមថា ដោយតែលោក ហេង រតនា ជាក្មួយសម្តេចក្រឡាហោម ស ខេង មានអំណាចនិងតួនាទីជាស្នងការរងនគរបាលទទួលបន្ទុកកិច្ចការព្រំដែនដ៏មហិមានេះ បទល្មើសព្រៃឈើឆ្លងដែន តាមខ្សែបន្ទាត់ព្រំដែនខេត្តរតនគិរី បានកើតឡើងទ្រង់ទ្រាយធំជាច្រើនឆ្នាំហើយ។សត្វព្រៃ និងព្រៃឈើក្នងតំបន់កន្ទុយនាគ នៃឧទ្យានជាតិវរជ័យ ព្រៃសហគមន៍ក្នុងស្រុកតាវែង ស្រុកអណ្តូងមាស ស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ជាប់ព្រំដែនប្រទេសវៀតណាមត្រូវក្រុមឈ្មួញឃុបឃិត ជាមួយកម្លាំងនគរបាលវរការពារព្រំដែន នាំគ្រឿងចក្រនិងជនជាតិយួនចូលមកដាក់អន្ទាក់ចាប់សត្វ និងកាប់បំផ្លាញព្រៃឈលយ៉ាងវិនាសកម្ម ហើយរ៉ែមាសមួយចំនួនក្នងតំបន់អូរដំបូក អតីតក្រុមហ៊ុនឧកញ៉ាទ្រីភាព និងក្រុមហ៊ុនឧកញ៉ា ណាមារ៉ាឌី ក៏ធ្លាប់ត្រូវបានជនជាតិយួននាំគ្រឿងចក្រមកធ្វើអាជីវកម្មផងដែរ ។

ជាក់ស្តែងកាលពីចុងខែមេសាកន្លងទៅថ្មីនេះ កម្លាំងអាវុធហត្ថខេត្តរតនគិរី បានបើកប្រតិបត្តិការចាប់គ្រឿងចក្រចំនួន៦គ្រឿង និងជនជាតិយួនឆ្លងដែនខុសច្បាប់ចំនួន១២នាក់ ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃនៅក្នុងស្រុកអណ្តូងមាស ដោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយបើកដៃពីមន្ត្រីនគរបាលការពារព្រំដែន ក្រោមឱវ៉ាទផ្ទាល់របស់លោក ហេង រតនា តែម្តង ។

ពាក់ព័ន្ធការលើឡើងខាងនេះ លោក ហេង រតនា បានបដិសេធតាមទូរស័ព្ទថា លោកបានបញ្ចប់តួនាទីជាស្នងការរងខេត្តរតនគិរី ទទួលបន្ទុកកិច្ចការព្រំដែនយូរហើយ ដោយបច្ចុប្បន្ន លោកបានផ្លាស់មកបំពេញភារកិច្ចនៅក្រសួងមហាផ្ទៃ ក្នុងនាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនវិញហើយ ហើយលោកក៏មិនដែលស្គាល់ឈ្មោះនីកាចាញអីនឹងដែរ។លោកថា អ្នកផ្តល់ព័ត៌មានឲ្យថាលោកមានជាប់នឹងការបើកផ្លូវឲ្យមានការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ គឺមិនពិតនោះទេ លោកមានតែបញ្ជាឲ្យកម្លាំងនគរបាលការពារព្រំដែនចាប់តែប៉ុណ្ណោះ។

លោក ហេង រតនា បន្តថាលោកនឹងទាក់ទងទៅលោកស្នងការខេត្តរតនគិរី ដើម្បីស្រាវជ្រាវលើព័ត៌មានដែលថា មានការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ តាមច្រកប៉ុស្តិ៍ហ្វាតាំនិងប៉ុស្តិ៍ហ្វាសាវនេះ៕

Close