ព័ត៌មានជាតិ

អាជ្ញាធរមូលដ្ឋានខេត្តក្រចេះថាមិនដឹង ខណៈដីព្រៃរបស់រដ្ឋជិត១០០ហិកតា ត្រូវជនខិលខូចឈូសឆាយយកធ្វើកម្មសិទ្ធិ

ក្រចេះៈ ដីព្រៃរបស់រដ្ឋជិត១០០ហិកតា នៅចំណុចអូរដងរ៉ែក ក្នុងភូមិសាស្ត្រភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានក្រុមជនទុច្ចរិតមានលុយ គប់គិតជាមួយមន្ត្រីមានអំណាច ប្រើគ្រឿងចក្រឈូសឆាយយកធ្វើកម្មសិទ្ធិ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបែរជាឆ្លើយថាមិនដឹង ខ្វះការទទួលខុសត្រូវចំពោះមុខច្បាប់ គួរឲ្យអស់សំណើចទៅវិញ។

ពលរដ្ឋរស់នៅភូមិល្អ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដីព្រៃនៅចំនុចអូរដងរ៉ែកនេះ ត្រូវបានគេប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយយកធ្វើកម្មសិទ្ធិ អស់រយៈពេលជិត១ខែហើយ។ ពលរដ្ឋខាងលើបន្តថា ការឈូសឆាយនេះកើតឡើងបន្ទាប់ពី គេរៀបចំពលរដ្ឋប្រហែល៤០គ្រួសារ លក់ដីព្រៃខាងលើឲ្យអ្នកមានលុយម្នាក់ជាឈរឈ្មោះប្រមូលទិញ ក្នុង១ហិកតាតម្លៃចាប់ពី៣០០ ដុល្លារ ទៅ៥០០ដុល្លារ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកដឹងឮទៀតផង។

ដោយឡែកតាមប្រភពពីជាមន្ត្រីនគរបាលខេត្តក្រចេះ និងជាមេការជួលគ្រឿងចក្រម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ថៅកែរបស់ខ្លួនជាអ្នកមានលុយ និងមានអំណាចនៅក្រុងភ្នំពេញ បានទំលាក់លុយរាប់លានដុល្លាររួចទៅហើយដើម្បីទិញដីព្រៃនេះ មិនតិចជា២០០០ហិកតានោះទេ។ ដីទាំងនោះ ខ្លះទិញពីពលរដ្ឋអនាធិបតេយ្យដែលលួចកាប់ព្រៃយកដីលក់ និងដីព្រៃមួយចំនួនធំទៀត គេរត់ការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងខេត្តក្រចេះអស់ហើយ ទើបហ៊ានយកគ្រឿងចក្រចូលឈូសឆាយ។

មន្ត្រីរូបនោះបន្តថា គាត់បានកក់គ្រឿងចក្រជាង៣០គ្រឿង ដើម្បីចូលទៅសម្រុកឈូសឆាយដីព្រៃ ឲ្យសម្រេចតាមផែនការ នៅក្នុងពេលដែលមន្ត្រីពាក់ព័ន្ធក្នុងខេត្តក្រចេះ ជាប់រវល់ទប់ស្កាត់ការឆ្លងរីរាលដាលនៃជំងឺកូវីដ-19 ដែលជាឱកាសមាស ឱកាសប្រាក់ ងាយស្រួលបិទបាំងព័ត៌មានឈូសឆាយព្រៃ និងងាយស្រួលក្នុងការស្នើសុំកាន់កាប់ស្របច្បាប់ ជាដីអាស្រ័យផលជាស្តែងផងដែរ។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ គ្រឿង ចក្រជាង១០គ្រឿងបានចូលទៅដល់ភូមិល្អ និងមួយចំនួនទៀតកំពុងធ្វើសកម្មភាពឈូស
ឆាយដីព្រៃ ក្នុងបំណងធ្វើសកម្មភាពឈូសឆាយទ្រង់ទ្រាយធំទៅតាមផែនការគ្រោងទុក ប៉ុន្តែត្រូវបានបែកការណ៍ ដោយត្រូវបានក្រុមអ្នកសារព័ត៌មានចូលទៅថតសកម្មភាពជាក់ ស្តែងរាយការណ៍ជូនសមត្ថកិច្ច ក៏បើកគ្រឿងចក្ររត់គេចចេញមកក្រៅវិញអស់ទៅ។ ឯគ្រឿងចក្រដែលកំពុងឈូសឆាយព្រៃជាច្រើនគ្រឿង ក៏បើកគេចរត់សម្ងំក្នុងព្រៃអស់ផងដែរ។

ជាកស្តែងកាលពីរសៀលថ្ងៃទី២១ ខែសីហាកន្លងទៅនេះ ក្រុមអ្នកសារព័ត៌មានបានចូលទៅផ្តិតយករូបថតសកម្មភាពឈូសឆាយដីព្រៃជាក់ស្តែងម្តងទៀត ឃើញគ្រឿងចក្រចំនួន២គ្រឿងកំពុងបន្តសកម្មភាពឈូសឆាយ ហើយរាយការណ៍ជូនកម្លាំងអាវុធហត្ថផ្ទៃប្រទេស ដែលជាកងកម្លាំងរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិ ដើម្បីមានវិធានការស្រាវជ្រាវរកការពិតនិងឈានដល់ការបង្ក្រាបដកហូតដីព្រៃទុកជាសម្បត្តិរដ្ឋវិញ។

ស្រាប់នៅថ្ងៃទី២២ ខែសីហា កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះសរុបចំនួន៨នាក់ រួមនឹងអ្នកសារព័ត៌មានចំនួន៣នាក់ បានចុះទៅស្រាវជ្រាវដល់ទីតាំងខាងលើ ប៉ុន្តែរកមិនឃើញគ្រឿងចក្រឡើយ ដោយសារជនល្មើសហាក់ដឹងជាមុន បើកគ្រឿងចក្ររត់គេចបាត់ស្រមោល ដោយបន្សល់ទុកនូវភស្តុតាង រោងតង់ស្នាក់នៅ ប្រេងម៉ាស៊ូត និងប្រេងម៉ាសុីនចំនួ២៦កាន ម៉ូតូចំនួន៤គ្រឿងនៅនឹងកន្លែងសម្រាប់ធ្វើសកម្មដឹកជញ្ជូនប្រេង និងស្បៀងអាហារ។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថរកឃើញថា ដីព្រៃចំនួន៤០ត្រូវបានគេឈូឆាយរួចរាល់ទៅហើយ ប៉ុន្តែមិនបានដកហូតវត្ថុតាងដូចខាងលើដើម្បីកសាងសំណុំរឿងនោះទេ។

សន្តិសុខភូមិល្អម្នាក់ឈ្មោះតាអឿន បានឲ្យដឹងថា គាត់ត្រូវគេឲ្យចាំមើលផ្លូវ និងស្ទាក់ផ្លូវអ្នកកាសែតមិនឲ្យចូលទៅថតសកម្មភាពឈូសឆាយដីព្រៃ ជាថ្នូរនឹងប្រាក់ប្រចាំថ្ងៃសម្រាប់ដោះស្រាយជីវភាព។

តាអឿនឲ្យដឹងថា មានអ្នកកាសែតចំនួន៣នាក់ប្រចាំខេត្តក្រចេះ ត្រូវបានមន្ត្រីនគរបាលខេត្តដែលជាមេការជួលគ្រឿងចក្រ ឲ្យចាំដោះស្រាយ ថ្លៃប្រេងសាំង ថ្លៃបាយទឹក បិទមាត់អ្នកកាសែតផ្សេងទៀតដែលចូលទៅដល់ភូមិល្អដោយខ្លាចបែកការណ៍។ សន្តិសុខភូមិរូបនោះបន្តថា គាត់មិនស្គាល់ឈ្មោះអ្នកកាសែតទាំងបីរូបនោះទេ ប៉ុន្តែគាត់មានលេខទូរស័ព្ទ គឺលេខ០៩៧ ៨១១ ១១ ៣៦ ,០៩៧ ៤៨ ៩៨ ៥២៦ និងលេខ ០៣១ ៦៣១ ៣១ ៣១។

ពាក់ព័ន្ធនឹងការប្រើគ្រឿងចក្រទ្រង់ទ្រាយធំឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធនេះ មេភូមិល្អ ក៏ដូចជាលោកស្រី ពេជ្រ ពៅ មេឃុំចង្រ្កង់ បានឲ្យដឹងថា ពួកគាត់មិនបានដឹងរឿងឈូសឆាយដីព្រៃនេះទេ ហើយក៏ពុំដែលបានទទួលស្គាល់លើលិខិតលក់ទិញដីព្រៃនៅចំណុចអូរដងរ៉ែកដែរ។ លោកស្រីមេឃុំបន្តថា គ្រឿចក្រឈូសឆាយដីព្រៃនោះ គឺជាក្រុមទុច្ចរិតអនាធិបតេយ្យលួចឈូសដីព្រៃរដ្ឋ មិនឲ្យអាជ្ញាធរមូលដ្ឋានដឹងឡើយ។

ការលើកឡើងបែបនេះរបស់លោកស្រី ពេជ្រ ពៅ មេឃុំចង្ក្រង់ គឺជាទង្វើខ្វះការទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ដែលអភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន គួរបើកការស៊ើបអង្កេត រកការពិត បើមិនដូច្នោះទេដីព្រៃរបស់រដ្ឋនៅក្នុងភូមិល្អរាប់ពាន់ហិកតា នឹងវិនាសអន្តរាយ ក្លាយជាកម្មសិទ្ធិស្របច្បាប់របស់បុគ្គលមានលុយ មានអំណាចជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថា កន្លងមកប្រមុខរាជរដ្ឋភិបាលសម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗមិនឲ្យមន្ត្រីមូលដ្ឋានពាក់ព័ន្ធនឹងការគប់គិតជាមួយជលខិលខូច លួចយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិឡើយ ដោយព្រមានដកហូតតួនាទី និងទ្រព្យសម្បត្តិទៀតផង។ ឯក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ក៏បានជូនដំណឹងទៅគ្រប់រដ្ឋបាលរាជធានីខេត្ត មិនអនុញ្ញាតឲ្យមេឃុំ ចៅសង្កាត់ ចុះហត្ថខាទទួលស្គាល់ លើលិខិតកាន់កាប់ដីធ្លីក្នុងតំបន់ការពារ អភិរក្ស របៀងជីវចម្រុះ ក៏ដូចជាដីកម្របព្រៃឈើរបស់រដ្ឋឡើយ។

ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចង់ឃើញចំណាត់ការផ្លូវច្បាប់ និងការដកហូតដីព្រៃនៅចំណុចអូរដងរ៉ែ ក្នុងភូមិល្អ ឃុំចង្ក្រង់ ពីសំណាក់រដ្ឋបាលខេត្តក្រចេះ ទុកជាសម្បត្តិរដ្ឋវិញ ដើម្បីទុកជាប្រយោជន៍រួមនៅថ្ងៃខាងមុខ៕

Close