អន្តរជាតិ

នាយករដ្ឋមន្ត្រីថា ការហៅរបស់លោក សុខ ឥសាន ថាលោក គង់ គាំ ជាCIA របស់បក្សប្រជាជន មិនត្រឹមត្រូវទេ

ភ្នំពេញ៖​ភ្លាមៗកាលពី​ថ្ងៃទី០៤ វិច្ឆិកា ម្សិលមិញ បន្ទាប់ពីការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជាតាមបណ្ដាញសង្គម តេឡេក្រាម ដែលបានហៅលោក គង់ គាំ​ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង​ ថា ជារនុកក្នុង ឬ CIA របស់បក្សប្រជាជន​ដែលកាន់អំណាច លោក ហ៊ុន សែន បាន​ថ្លែងថា ការហៅនោះ របស់លោក សុខ ឥសាន មិនត្រឹមត្រូវទេ ។

លោកនាយករដ្ឋមន្ត្រី​ត្រូវបានដកស្រង់សម្ដី​ដោយអង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងបក្សប្រជាជនកម្ពុជា ថា ការលើកឡើងរបស់លោក សុខ ឥសាន ដែលថា លោក គង់ គាំ ជា CIA របស់គណបក្សប្រជាជនកម្ពុជាមិនត្រឹមត្រូវទេ។ លោកថា  ការថ្លែងបែបនេះរបស់លោក គង់ គាំ គឺចេញពីឆន្ទះរបស់លោកពិត មិនពាក់ព័ន្ធគណបក្សប្រជាជនកម្ពុជា ទេ។

សេចក្ដីថ្លែងនេះ​របស់លោកនាយករដ្ឋមន្ត្រីបាន​ធ្វើឡើង​ក្រោយពី​ការលើកឡើង​របស់លោក គង់ គាំ​ ប្រាប់វិទ្យុនៅក្នុងស្រុកមួយ​ដែលបាន​ថ្លែងសរសើរដល់កំណើន​សេដ្ឋកិច្ចកម្ពុជា ហើយថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុបពុំអ្វីសំខាន់សំរាប់កម្ពុជា​ ដែលចំណុចទាំងនេះ​ត្រូវបានលោក សុខ ឥសាន លើកយកមកអត្ថាធិប្បាយ​ដែលជារបៀបកេង​ចំណេញខាងនយោបាយសម្រាប់បក្សប្រជាជនរបស់លោកនោះ ។

ប៉ុន្តែយ៉ាងណាក៍ដោយលោក ហ៊ុន សែន បានបញ្ជាក់ថា​ថា លោក គង់ គាំ ជាមនុស្សចេះដឹងម្នាក់ ហើយការលើកឡើងរបស់លោកគឺចេញពីឆន្ទៈពិតរបស់លោក។ ដោយលោកនាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា  លោក គង់ គាំ បានចាកចេញពីគណបក្សប្រជាជនកម្ពុជាជាផ្លូវការ ដោយមានលិខិតត្រឹមត្រូវ ៕ ដោយ៖ កែវ ពិទូរ្យ

Tags
Close