អន្តរជាតិ

ក្រុមប្រឹក្សាយោធាស៊ូដង់ រឹបអូសលុយរាប់រយលានដុល្លារពីភូមិគ្រឹះមេដឹកនាំផ្ដាច់ការ អាល់បាហ្សៀ

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា អាជ្ញាធរនៃក្រុមប្រឹក្សាយោធាប្រទេសស៊ូដង់បានចូល ទៅឆែកឆេរ ភូមិគ្រឹះរបស់អតីតប្រធានាធិបតី អាល់បាហ្សៀ ដោយរកឃើញប្រាក់សុទ្ធរាប់រយលានដុល្លារអាមេរិក។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ការរឹបអូសបានលុយដុល្លារនៅភូមិគ្រឹះលោក អាល់បាហ្សៀ យ៉ាងហោចណាស់ចំនួន ១១៣ លានដុល្លារ ដោយអាជ្ញាធរនៃក្រុមប្រឹក្សាយោធាកាលពីថ្ងៃអាទិត្យ ២១មេសានេះ។

តាមសេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថា ការរឹបអូសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះធ្វើឡើងនៅពេលដែលពួកយោធាបានចូលទៅចាប់ខ្លួនលោក អាល់បាហ្សៀ ក្នុងភូមិគ្រឹះរបស់គាត់ ហើយបាននាំខ្លួនបុរសខ្លាំងនេះទៅពន្ធនាគារ។

ទោះជាយ៉ាងណា គេពុំអាចដឹងថា លុយច្រើនរាប់លានដុល្លារទៀត ត្រូវបានមេដឹកនាំផ្ដាច់ការរូបនោះ លាក់ទុកនៅកន្លែងណាផ្សេងទៀតទេ។

ប្រទេសស៊ូដង់ ជារដ្ឋមួយដ៏ក្រីក្របំផុតនៃទ្វីបអាហ្វ្រិក ប៉ុន្ដែប្រាក់ច្រើនរាប់រយលានដុល្លារនេះស្ថិតក្នុងផ្នែកមួយនៃការកិបកេងទ្រព្យសម្បត្តិរបស់រដ្ឋដោយប្រធានាធិបតីរូបនេះ។ រដ្ឋអាជ្ញាកំពុងតែបើកការស្រាវជ្រាវបន្ថែមទៀតទៅលើទ្រព្យសម្បត្តិរបស់លោក អាល់បាហ្សៀ ដែលពួកគេកំពុងតែឃុំខ្លួនរួចទៅហើយ។

ស៊ូដង់ជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង។ ប្រជាជននៃប្រទេសអិស្លាមដ៏ធំមួយនេះ បានធ្វើបាតុកម្មទម្លាក់លោក អាល់បាហ្សៀ កាលពីថ្ងៃ១១មេសា ដោយបានបញ្ចប់អំណាចផ្តាច់ការ របស់បុរសនេះ រយៈពេល៣០ឆ្នាំ។តាមប្រភពដដែលអាជ្ញាធរនិងរដ្ឋអាជ្ញារបស់ប្រទេសស៊ូដង់កំពុងតែស៊ើបអង្កេត និង ស្រាវជ្រាវទ្រព្យសម្បត្តិជាច្រើនរាប់រយលានដុល្លារទៀត របស់មន្រ្ដីជាន់ខ្ពស់លោកអាល់បាហ្សៀ ដែលពួកគេជាង១០០នាក់ត្រូវបានចាប់ឃុំខ្លួន។

លោក អាល់បាហ្សៀពេលនេះត្រូវបានក្រុមសិទ្ធិមនុស្សទាមទារឱ្យនាំខ្លួន ទៅកាត់ទោស នៅឯតុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC ករណីមេដឹកនាំផ្តាចការរូបនេះ ត្រូវបានចោទពីបទសម្លាប់រង្គាលទៅលើជនស៊ីវិលនៅតំបន់ ដាហ្វ័រ កាលពីសង្រ្គាមស៊ីវិល ក្នុងរវាងឆ្នាំ២០០៣ដល់ ២០០៨៕

Close