ព័ត៌មានជាតិ

ផ្ទៃសមុទ្រខ្មែរខេត្តកោះកុងពោរពេញដោយទូកនេសាទយួននិងថៃខុសច្បាប់ រាប់រយគ្រឿង

កោះកុង/ សមត្ថកិច្ចដែនសមុទ្របើកដៃឲ្យទូកនេសាទយួនច្រើនសន្ធឹករាប់រយគ្រឿង ចូលដែនទឹកសមុទ្រខ្មែរក្នុងខេត្តកោះកុង ដើម្បីនេសាទត្រីយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងការបង់ប្រាក់ប្រចាំខែ ចាប់ពី១០០០ដុល្លារ ដល់១៣០០ដុល្លារអាមេរិកក្នុងទូក១គ្រឿង។ សកម្មភាពបែបនេះជាដើមហេតុធ្វើឲ្យកម្ពុជាជាប់កាតក្រហមរបស់ក្រុមប្រទេសសហភាពអឺរ៉ុបសារជាថ្មីទៀតចាប់ពីដើមឆ្នាំ២០២៣នេះ ដែលមិនអាចនាំផលនេសាទសមុទ្រចេញទៅលក់នៅប្រទេសក្នុងតំបន់អឺរ៉ុបបានឡើយ។

ការដែលកម្ពុជាជាប់កាតក្រហមពីក្រុមប្រទេសសហភាពអឺរ៉ុប និងមិនអាចនាំផលនេសាទចេញទៅលក់នៅប្រទេសក្នុងតំបន់់អឺរ៉ុបបាន គឺដោយសារគ្មានការទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទក្នុងដែនសមុទ្រកម្ពុជាពីសំណាក់សមត្ថកិច្ចជំនាញ ហើយផ្ទុយទៅវិញនៅតែមានគប់គិតបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទក្នុងដែនសមុទ្រ ពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធដដែល ជាដដែល។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងបានឲ្យដឹងថា សម្រាប់ទូកនេសាទយួន មានស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀង ថាន់ទៀង គឺជាមេខ្យល់ដ៏ធំតែម្នាក់គត់របស់សមត្ថកិច្ចលើផ្ទៃសមុទ្រទាំង៣ស្ថាប័ន។ ក្នុងនោះមានស្ថាប័នទាហានជើងទឹក នគរបាលជើងទឹក និងសមត្ថកិច្ចជំនាញជលផលដែនសមុទ្រ។ ប្រភពដដែលបានបញ្ជាក់ថា ដោយមិនបូកបញ្ចូលទូកនេសាទថៃ គ្រាន់ក្រុមទូកនេសាទវៀតណាមដែលកំពុងនេសាទក្នុងដែនសមុទ្រខ្មែរក្នុងខេត្តកោះកុងមានចំនួនរាប់រយគ្រឿងឯណោះដែលស្ត្រីជនជាតិវៀតណាមខាងលើជាអ្នកនាំចូលមក និងជាអ្នកប្រមូលលុយឲ្យគណៈកម្មការបង្ក្រាបបទល្មើសនេសាទលើផ្ទៃសមុទ្រដល់ស្នាក់ការប្រចាំការលើកោះស្តេចតែម្តង។ ចំណែកស្រ្តីជនជាតិវៀតណាមជាមេខ្យល់ល្បីឈ្មោះខាងលើពីរនាក់ប្តីប្រពន្ធនោះ ក៏បានតាំងទីលំនៅអចិន្ត្រៃយ៍លើភូមិកោះស្តេច ជិតស្នាក់ការសមត្ថកិច្ចផងដែរ។

ប្រភពខាងលើឲ្យដឹងទៀតថា ទូកនេសាទយួននិងថៃខុសច្បាប់រាប់រយគ្រឿងទាំងនោះ បានប្រើប្រាស់ឧបករណ៍នេសាទទំនើបៗខុសៗគ្នាមានដូចជា ទូកអូសគូ ទូកភ្លើងព័ទ្ធត្រី ទូកភ្លើងព័ទ្ធមឹក ទូប៉ាអន ទូកមុជទឹកបាញ់ និងឆក់ត្រី។ល។ ទូកនេសាទវៀតណាមនិងថៃខុសច្បាប់រាប់រយគ្រឿងនេះ សុទ្ធតែបានបង់លុយឲ្យគណៈកម្មការបង្ក្រាបបទល្មើសដែនសមុទ្រគិតជាខែ ដោយទូក១គ្រឿងត្រូវបង់ចាប់ពី១០០០ដុល្លារ ដល់១៣០០ដុល្លារអាមេរិក តាមទូកធំឬតូច ហើយសម្រាប់ទូកនេសាទយួន គឺស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀង ថាន់ទៀង ជាអ្នកប្រមូលលុយឲ្យសមត្ថកិច្ចជាប្រចាំ។

បើតាមប្រភពដដែលខាងលើឲ្យដឹងបន្ថែមថា ក្រៅពីនាំទូកវៀតណាមរាប់រយគ្រឿងចូលមកនេសាទដោយខុសច្បាប់ក្នុងដែនសមុទ្រខ្មែរ ស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀង ថាន់ទៀង រូបនេះក៏ជាអ្នកផ្គត់ផ្គង់ចែកចាយស្បៀងអាហារដូចជាបន្លែ សាច់ ទឹកកកក្លាសេ និងប្រេងឥន្ធនៈឲ្យទូកយួនខុសច្បាប់គ្នាគេទាំងអស់នោះផងដែរ។ ការធ្វើបែបនេះគឺដើម្បីកុំឲ្យទូកនេសាទយួនខុសច្បាប់ទាំងនោះចូលមកចតក្បែរទីប្រជុំជនកោះស្តេច ខ្លាចប្រជានេសាទខ្មែរឃើញ ទប់កំហឹងមិនបាន និងដឹងពីទង្វើខុសច្បាប់របស់សមត្ថកិច្ចខ្មែរទាំងនោះ។

ប្រភពខាងលើបញ្ជាក់ថា ការបើកដៃឲ្យទូកនេសាទបរទេសចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រកម្ពុជា ជាថ្នូរនឹងការបង់លុយកាក់បន្តិចបន្តួចប្រចាំខែដល់សមត្ថកិច្ចខ្មែរ មិនមែនជាសកម្មភាពបទល្មើសថ្មីទើបនឹងកើតឡើងនោះទេ គឺវាបានអូសបន្លាយជិត១ទសវត្សរ៍មកហើយចាប់តាំងពីឆ្នាំ២០១៤រហូតមក ជាហេតុធ្វើឲ្យប្រទេសកម្ពុជារើខ្លួនមិនរួចពីប្រទេសជាប់កាតក្រហម មិនអាចនាំផលនេសាទសមុទ្រទៅទីផ្សារសហគមន៍អឺរ៉ុបបាន។

ពាក់ព័ន្ធនឹងរឿងអាស្រូវបើកដៃឲ្យទូកនេសាទយួនរាប់រយគ្រឿងចូលលុកលុយក្នុងដែនសមុទ្រខ្មែដោយអនាធិបតេយ្យខាងលើ មិនអាចសុំការបកស្រាយពីលោក គង់ សុថា អគ្គនាយកជលផលដែនសមុទ្របានទេ។

អង្គការសង្គមស៊ីវិលជាច្រើនបានលើកឡើងថា នៅដើមខែតុលាឆ្នាំ២០២២ មុននឹងផ្លាស់ប្តូរតំណែង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មធ្លាប់បានសន្យាជាមួយនឹងអគ្គនាយកកិច្ចការសមុទ្រនិងជលផលរបស់សហភាពអឺរ៉ុបថា នឹងលុបបំបាត់បទល្មើសនេសាទខុសច្បាប់ នេសាទគ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ក្នុងដែនសមុទ្រកម្ពុជា និងដែនសមុទ្រអន្តរជាតិ ពិសេសពេលច្បាប់ជលផលថ្មីចូលជាធរមាន។ផ្ទុយទៅវិញអគ្គនាយកជលផលដែនសមុទ្រ ហាក់មិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបឡើយ បែរជាបើកដៃឲ្យទូកនេសាទ យួន ថៃ កាន់ច្រើនឡើងៗចូលមកនេសាទដោយខុសច្បាប់ ទើបទីផ្សារអឺរ៉ុបបដិសេធមិនទទួលទិញផលនេសាទសមុទ្រពីកម្ពុជាឡើយ ហើយបន្តដាក់កម្ពុជាក្នុងបញ្ជីខ្មៅឬកាតក្រហម ព្រោះតែការបើកដៃឲ្យមានការនេសាទល្មើសច្បាប់លើដែនសមុទ្រ។

ប្រជានេសាទបលើកឡើងថា ដោយសារតែក្រសួងកសិកម្មហាក់មិនយកចិត្តទុកដាក់ខ្វាយខ្វល់ពីទីផ្សារនាំចេញហ្នឹងហើយ ទើបប្រជានេសាទក៏ដូចជាកសិករខ្មែរងើបមុខមិនរួច ហើយផលនេសាទមុទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ត្រូវបានក្រុមឈ្មួញថៃចូលមកប្រមូលទិញ រួចដឹកចេញពីកំពង់ផែឯកជនមួយក្នុងទីរួមខេត្តកោះកុង តាមច្រកទ្វារអន្តរជាតិចាំយាម បន្តទៅកាន់ទីផ្សារអន្តរជាតិ និងមួយចំនួនតូចត្រូវបានដឹកចូលមកចែកចាយក្នុងស្រុកវិញ។

តើការបង្កើតគណៈកម្មការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រមានប្រយោជន៍អ្វីដល់រាជរដ្ឋាភិបាលកម្ពុជាខ្លះ ? បើលើផ្ទៃសមុទ្រពោរពេញដោយបទល្មើសនេសាទបរទេសនោះ! តើមានមន្ត្រីខ្មែរប៉ុន្មាននាក់ដែលនាំឲ្យប្រទេសជាតិទាំងមូលជាប់ក្នុងបញ្ជីខ្មៅ ឬកាតក្រហមពីសហគមន៍អឺរ៉ុបនោះ?៕



Close