ព័ត៌មានជាតិ

ជំនួញឈើខុសច្បាប់ ចាប់ផ្តើមសម្រុកចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ

ទំនាក់ទនងការផ្សាយៈ 071 7888 345
រតនគិរីៈ ឈើខុសច្បាប់ បានសម្រុកដឹកចេញយ៉ាងគំហុកតាមច្រកអន្តរជាតិអូរយ៉ាដាវ រយៈពេល២សប្តាហ៍ហើយ ខណៈលោក ញ៉ែម សំអឿន ដែលទើបឡើងកានតំណែងជាអភិបាលខេត្តរតនគិរីថ្មីៗនេះ នៅមិនទាន់មានវិធានការច្បាស់លាស់ណាមួយ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឆ្លងដែនទៅកាន់ប្រទេសវៀតណាមនេះឡើយ។

បើតាមសេចក្តរាយការណ៍ពីសកម្មជនឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនគិរីបានឲ្យដឹងថា ជារៀងរាល់ថ្ងៃឈើខុសច្បាប់ ត្រូវបានមេឈ្មួញសម្រុកដឹកតាមរថយន្តសាំងយ៉ុង ពី៥ទៅ៧ គ្រឿង ឆ្លងកាត់ស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយមានសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័នជាអ្នកចាំសម្របសម្រួលជាថ្នូរនិងផលប្រយោជន៏ខុសច្បាប់ ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍ ដោយមានលោក វរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍ស្តីទី និងជាប្រប្រធានគោលដៅត្រួតពិនិត្យបារ៉ាស់ ដែលទំនងជាអ្នកគប់គិតផ្តើមបើកបារ៉ាស់ ឲ្យរថយន្តដឹកឈើខុសច្បាប់ឆ្លងដែន ចូលទឹកដីប្រទេសវៀតណាម។

ប្រភពដដែលខាងលើបានឲ្យដឹងទៀតថា មេឈ្មួញរកសុីឈើខុសច្បាប់ឈ្មោះ មករា បានប្រើប្រាស់រថយន្តសាំងយ៉ុងចំនួន៤គ្រឿងសម្រាប់ដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែន យ៉ាងសកម្ម ខណៈមន្ត្រីជំនាញពាក់ព័ន្ធ ស្អេកស្កះតាមដងផ្លូវ អង្គុយចាំរាប់ក្បាលឡាន ទទួលផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីតួនាទី មិនខ្វល់ពីការវិនាសអន្តរាយធនធានព្រៃឈើរបស់ប្រទេសកម្ពុជាឡើយ។

ក្រុមសកម្មជនឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនគិរីលើកឡើងថា បើទោះបីជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណាច និងការទទួលខុសត្រូវដល់គណៈបញ្ជាការខេត្តយ៉ាងណាក៏ដោយ ក៏ទំនងជាលោក ញ៉ែម សំអឿន ដែលទើបឡើងកាន់តំណែងជាអភិបាលខេត្តរតនគិរី គ្មានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសដឹកឈើឆ្លងដែន របស់មេឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា នេះដែរ ដោយសារមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្នុងខេត្តនេះ នាំគ្នាបិទបាំងព័ត៌មានដ៏អាស្រូវនេះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននោះ។

ក្រុមសកម្មជនឃ្លាំមើលបទល្មើសព្រៃឈើ សំណូមពរដល់នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេសនាយឧត្តមសេនីយ៏ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាចាត់បញ្ជូនមន្ត្រីជំនាញបើកការស្រាវជ្រាវ និងបង្រ្កាបបទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀណាម ក្នុងទឹកដីខេត្តរតនគិរីនេះផង៕

Close