ព័ត៌មានជាតិ

បែកធ្លាយរឿងមេគយចល័តតំបន់២ ឲ្យក្រុមអ្នករកស៊ីដឹកទំនិញទៅបង់លុយនៅផ្ទះរបស់ខ្លួន ?

ទំនាក់ទំនងការផ្សាយៈ 071 7888 345
ភ្នំពេញៈ ក្រុមអ្នករកស៊ីដឹកទំនិញចេញចូលពីវៀតណាមមកកម្ពុជា នឹងពីកម្ពុជាទៅវៀតណាមបានទម្លាយឲ្យដឹងថា លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បានតម្រូវឲ្យក្រុមអ្នករកស៊ីដឹកទំនិញទៅបង់លុយប្រចាំខែនៅផ្ទះរបស់ខ្លួន (ខៀវ សារឿន) ដែលស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរ ច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។

ប្រភពដដែលបានបញ្ជាក់ថា លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បានកំណត់យកលុយពីក្រុមអ្នករកស៊ីដឹកទំនិញ គឺសម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀល។ រថយន្តធុនមធ្យម យកចាប់ពី ៣០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ក្នុង១ជើង រថយន្តធុនធំ យកចាប់ពី ៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ហើយបើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ គឺលោក ខៀវ សារឿន កំណត់យកច្រើន រហូតដល់រាប់រយ រាប់ពាន់ដុល្លារក្នុង១ជើងៗ។
ជាក់ស្ដែងអាជីវករអ្នកដឹកទំនិញពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិចក្រី ដោយប្រើរថយន្តចំណុះ ៥តោន គឺត្រូវបានលោក ខៀវ សារឿន កំណត់យកក្នុង១ជើងចំនួន២០ម៉ឺនរៀល។ ហើយការបង់លុយនេះ គឺមិនមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋទេ។

ក្រុមអ្នករកស៊ីដឹកទំនិញបានបន្តទៀតថា ឥឡូវនេះមិនមែនដឹកមួយជើងបង់មួយជើង នៅស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដូចមុនទៀតទេ គឺលោក ខៀវ សារឿន គិតជាខែ និងរាប់ជើងឡាន ដោយស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង គ្រាន់តែជាកន្លែងពិនិត្យឯកសារ និងរាប់ក្បាលឡានដើម្បីគាបឱ្យក្រុមឈ្មួញ ទៅបង់លុយនៅផ្ទះរបស់ខ្លួន (ខៀវ សារឿន) ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង យ៉ាងទៀងទាត់។

ចំណែកលោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បានបដិសេធចំពោះការចោទប្រកាន់របស់ក្រុមអាជីវករខាងលើនេះ។ ដោយលោកអះអាងថា “មិនបានយកលុយពីអាជីវករទេ ហើយក៏ពុំមាន ករណីបង់លុយដល់ផ្ទះអ្វីដែរ”៕ (ប្រភពទាំងស្រុងពីCEN)

Close