ព័ត៌មានជាតិ

សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេតរតនគិរី ឱនក្បាលទទួលសំណែនពីមេឈ្មួញ ហ៊ូវ ជីវ៉ៃ ជាថ្នូរក្នុងការដឹងជញ្ជូនឈើខុសច្បាប់ ឆ្លងដែនទៅវៀតណាម

ទំនាក់ទនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
រតនគិរី : ទោះបីជាលោក គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ជាខ្នងបង្អែកយ៉ាងរឹងមាំរបស់មេឈ្មួញបំផ្លាញព្រៃឈើ ហ៊ូវ ជីវ៉ៃ ត្រូវបានដកតំណែងហើយក៏ដោយ ក៏មេឈ្មួញឈើរូបនេះ នៅតែមានអំណាចក្នុងការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតជាដដែល ដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសគឺលោក ថង សាវុន អភិបាលខេត្តនៅតែស្រេកឃ្លានសុខចិត្តឱនក្បាល ទទួលលុយសំណូកនោះ។

ជាក់ស្តែងកាលពី វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្បួនឈើប្រណីតរបស់ លោក ហ៊ូវ ជីវ៉ៃ ដៃគូ បានសម្រុកដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម ដូចហែកឋិន ដែលក្នុងមួយយប់ៗមានចំនួនពី៣០ទៅ៥០គ្រឿង ចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

តាមប្រភពបញ្ជាក់ថា ឈើប្រណីតនេះ មិនមែនជារបស់ លោក ហ៊ូវ ជីវ៉ៃ ម្នាក់ឯងទេ គឺសហការជាមួយលោក ស្រេង ប្រណី អតីតមេឈ្មួញឈើគ្រញូងដ៏ល្បីឈ្មោះប្រចាំខេត្តសៀមរាបនិងខេត្តព្រះវិហារ និងលោក នី កាចាញ ដោយមានលោក ណាក់ ក្បាលធំជាមេធំនៅពីក្រោយខ្នង។

មេធំឈ្មួញឈើ លោកណាក់ លោក ហ៊ូវ ជីវ៉ៃ លោក ស្រង ប្រណី និងលោក នី កាចាញ នេះ បានកេណ្ឌកម្មករស៊ីឈ្នួលកាប់ឈើ ឱ្យចូលទៅកាប់នៅក្នុងព្រៃសហគមន៍ នៃស្រុកអណ្ដូងមាស រួចហើយដឹកចេញពីព្រៃ ឆ្លងទន្លេសេសានខេត្តរតនគិរី មកប្រមូលផ្ដុំនៅកំពង់ទូក ហើយបន្តដឹកតាមរថយន្ដឡង់គ្រីស្ស័រកែច្នៃ និងរថយន្ដទួរីស ចេញទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចូលទៅទឹកដីប្រទេសវៀតណាមតែម្ដង។

ក្រុមអ្នកស៊ើបអង្កេតសកម្មភាពមេឈ្មួញធំៗឧក្រិដ្ឋកម្មព្រៃឈើលើ បានឱ្យដឹងថា បន្ទាប់ពីដកហូតតំណែងលោក គឹម រស្មី មក គឺមេឈ្មួញទាំង៣នាក់នេះ អាក់ខានធ្វើអាជីវកម្មមួយរយៈ ហើយពេលនេះ ពួកគេបានទៅខ្ចីលុយឈ្មួញវៀតណាម លើកទី១ចំនួន ៥០ម៉ឺនដុល្លារ និង លើកទី២ចំនួន ៧០ម៉ឺនដុល្លារ សរុប ១២០ម៉ឺនដុល្លារ ដើម្បីយកមករត់ការបិទមាត់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាប់តាំងពី មេឃុំ មេប៉ុស្តិ៍ ថ្នាក់ស្រុក និងថ្នាក់ខេត្ត ព្រមទាំង ស្ថាប័នជំនាញ មាន រដ្ឋបាលព្រៃឈើ , មន្ទីរកសិកម្ម , ប៉ូលិសសេដ្ឋកិច្ច , ស្នាក់ការកងរាជអាវុធហត្ថ , ស្ថាប័នតុលាការខេត្ត …រហូូតដល់គណកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ អ៊ីចឹងហើយបានអស់លោកសមត្ថកិច្ចទាំងនេះ បណ្តោយឲ្យមេឈ្មួញទាំងនេះ ដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែន ដោយគ្មានការបង្ក្រាប។

ការខ្ចីលុយថៅកែឈើជនជាតិវៀតណាមយកមករត់ការនេះគឺតម្រូវឱ្យ លោក ណាក់ និងលោក ហ៊ូវ ជីវ៉ៃ បង្ខំចិត្តត្រូវតែធ្វើយ៉ាងណា ដឹកជញ្ជូនឈើចេញឱ្យបាន។ ម៉្យាងមេឈ្មួញគ្រាក់ៗ ប្រចាំខេត្តរតន:គីរីនេះ បានទិញទឹកចិត្តសម្ថកិច្ចក្នុងខេត្តនេះអស់ទៅហើយដោយសារតែមន្រ្តីជំនាញ ជាពិសេសលោក ថង សាវុន អភិបាលខេត្ត ជាបុគ្គលដែលញ្ញៀនញ៉ាមនឹងអំពើសីុសំណូក ពុករលួយមិនចេះឆ្អែតឆ្អន់តែម្តង។

ម៉្យាងទៀត មេបញ្ជាការអាវុធហត្ថខេត្តរតន:គីរី គឺលោក ថាវ យ៉េន ដែលទើបតែដូរថ្មី កន្លងមកធ្វើឱ្យគេគិតថា ទំនងល្អល្អជាងលោក គឹម រស្មី តែមិនយូរប៉ុន្មានផង ក៏ត្រូវកក្រើកឡើងវិញរឿងដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម នេះ ពិតជាអាក្រូច ដូចពោន ពិតមែន។

សេចក្តីរាយការណ៍ឲ្យដឹងថា ឈើប្រណីតក្នុងមួយថ្ងៃៗ ដែលពួកគេដឹកចេញទៅវៀតណាម គឺមិនតិចជាងពី ៣០ ទៅ ៥០ រថយន្ដឡើយ និងកំពុងបន្តដឹករាល់ថ្ងៃ គឺដឹកចាប់តាំពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មកម៉្លេះ ហើយពួកគេមានគំរោងដឹកចេញពីកន្លែងស្តុកឱ្យអស់នៅដំណាច់ ខែមិថុនានេះ មុនពេលភ្លៀងធ្លាក់ខ្លាំងមកដល់។ … ចុះបើដឹកចេញម្ល៉ឹងៗ ហេតុអ្វីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនចាត់វិធានការប្រយុទ្ធប្រឆាំង បង្ក្រាបបទល្មើសដ៏មហាបង្កវិនាសកម្មនេះ? បែជានាំគ្នាសុខចិត្តឱនក្បាល ឲ្យមេឈ្មួញទាំងនេះទិញទឹកចិត្ត ហើយហ៊ានផ្គើនប្រឆាំងនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិទៅវិញ៕

Close