អន្តរជាតិ

ផ្លូវហាយវេក្រោមទឹកវែងបំផុតរបស់ចិនដាក់ឲ្យដំណើរការជាផ្លូវការរក្រោយការសាងសង់ជាង 4 ឆ្នាំ

ប៉េកាំង ៖ នៅទីបំផុតក្រោយការចំណាយពេលទៅលើការដ្ឋានសាងសង់អស់រយៈពេលជិត4ឆ្នាំ  សំណង់ផ្លូវហាយវេក្រោមទឹកដែលវែងបំផុតរបស់ប្រទេសចិនត្រូវបានដាក់ឲ្យដំណើរការធ្វើចរាចរណ៍ជាផ្លូវការហើយនៅដើមសប្តាហ៍នេះ។

ផ្លួវហាយវេក្រោមទឹក Taihu លាតសន្ធឹងក្នុងចម្ងាយសរុបដល់ទៅ 10.79 គីឡូម៉ែត្រពីក្រោមទន្លេ Taihu ស្ថិតនៅខេត្តភាគខាងជើង Jiangsu និងឈាងខាងកើតក្បែរទីក្រុង Shanghai ប្រមាណជា 50 គីឡូមែ៉ត្រប៉ុណ្ណោះ  ហើយយោងតាមសេចក្តីប្រកាសដោយមន្ត្រីរដ្ឋាភិបាលបានអះអាងថាគម្រោងសាងសង់
នេះសរុបចំណាយថវិការហូតទៅដល់ 9.9 ពាន់លានយ័ន ឬប្រមាណជា 1.56 ពាន់លានដុល្លារដែលការដ្ឋានចាប់ផ្តើមដំបូងតាំងតែពីថ្ងៃទី9 ខែមករា  ឆ្នាំ2018 មកម្ល៉េះ។

គួរឲ្យដឹងដែរថា សំណង់ផ្លូវក្រោមទឹកនេះបានចំណាយសាច់ស៊ីម៉ង់ត៍សុទ្ធដល់ទៅជាង 2 លានម៉ែត្រគូប  ហើយផ្លូវនេះបានបែងចែកជា  2 ច្រកបញ្ច្រាសគ្នា  និង 6 គន្លង  ជាមួយនឹងទទឹងផ្លូវសរុបដល់ទៅ 17.45 ម៉ែត្រ  ហើយនៅតាមដងផ្លូវត្រូវបានបំពាក់នូវបច្ចេកវិទ្យា LED ដែលពោរពេញទៅដោយពណ៌ចម្រុះដើម្បីអាចជួយសម្រួលឲ្យអ្នកបើកបរមានអារម្មណ៍ល្អ មិនធុញថប់នោះឡើយ។

ផ្លូវក្រោមទឹកនេះគឺជាកំណាត់ផ្លូវមួយផ្នែកនៃផ្លូវហាយវេមួយខ្សែទៀតមានឈ្មោះថា Changzhou-Wuxi ដែលទើបតែបើកឲ្យដំណើរការកាលពីថ្ងៃទី31 ខែធ្នូឆ្នាំ2021 កន្លងទៅនេះ ហើយក៏ជាផ្លូវដែលអាចប្រើប្រាស់ជំនួសឲ្យផ្លូវល្បឿនលឿនសម្រាប់អ្នកធ្វើដំណើរឆ្លងពីទីក្រុង Shanghai ទៅកាន់ទីក្រុង Nanjing ដែលជារដ្ឋធានី
របស់ខេត្ត Jiangsu នោះផងដែរ៕

Close