អន្តរជាតិ

ប្រតិភូ​អឺរ៉ុប​ចាប់​ផ្តើម​ពិភាក្សា​បញ្ហា EBA ជាមួយ​កម្ពុជា នាព្រឹកនេះ ខណៈនាយករដ្ឋមន្រ្តីខ្មែរប្រាប់កម្មករកករ​កុំ​ឲ្យ​ខ្វល់!

គណៈប្រតិភូអឺរ៉ុបបានចាប់ផ្ដើមដំណើរទស្សន កិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយនៅថ្ងៃពុធនេះនឹងមានជំនួបជាមួយរដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ រដ្ឋមន្ដ្រី​ការបរទេស និង​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ជជែក​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កេត សោផាន់ បាន​និយាយ​ថា មន្ដ្រី​សហភាព​អឺរ៉ុប​ទាំងនោះ​នឹង​ជួប​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅព្រឹក​ថ្ងៃ​ពុធ ខណៈ​ដែល​នឹង​មាន​ជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស លោក ប្រាក់ សុខុន និង​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ នាពេល​រសៀល​ថ្ងៃ​ដដែល។

លោក កេត សោផាន់  បាន​និយាយ​ដូច្នេះ​ថា ខ្ញុំមិនអាចវិនិច្ឆ័យមុនអំពីលទ្ធផលបាន​ទេ។ សូម​មក​ចូលរួម​កិច្ច​ប្រជុំ ខ្ញុំ​នឹង​ធ្វើ​សន្និសីទ​មួយ​ខ្លី​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ការបរទេស​នៅ​រសៀល​នេះ។

បន្ទាប់​ពី​លើក​ឡើង​ពី​ការព្រួយបារម្ភ​អំពី​លទ្ធិ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា សហ ភាពអឺរ៉ុបបានប្រកាសកាលពីខែកុម្ភៈ ថា ខ្លួន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​អនុគ្រោះពន្ធ EBA។

EBA គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​ឲ្យ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​បាច់​បង់ពន្ធ ហើយ​កម្ម វិធីអនុគ្រោះពន្ធនេះអាចត្រូវបានដក​ចេញវិញ ក្នុង​ករណី​មាន​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

យោងតាម​តួលេខ​ផ្លូវការ ទំនិញ​ដល់​ទៅ ៤០​ភាគរយ​នៃ​ទំនិញ​ទាំងអស់ ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

អង្គការ សមាគម សហជីព សហគមន៍ធុរកិច្ច នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពីពេល​ថ្មីៗ​កន្លង​ទៅ បាន​សម្ដែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​នីតិ​វិធី​របស់​សហភាព​អឺរ៉ុប​ដើម្បី​ដក EBA ពី​កម្ពុជា។ សេចក្តីថ្លែងការណ៍​ដែល​មាន​ចុះហត្ថ លេខាពីអង្គការ សមាគម សហជីព និង​សហ គមន៍ ចំនួន​៦៨ បាន​និយាយ​ថា ៖ «យើង​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​ព្យួរ​ប្រព័ន្ធ​អនុ គ្រោះពន្ធ EBA ដែល​នឹង​ជះ​ផល​អវិជ្ជមាន​ដោយ​ផ្ទាល់និងប្រយោលដល់ជីវភាពរស់នៅនិងសុខ មាលភាពរបស់ពលរដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ទាំងមូល។»

អង្គការ សមាគម សហជីព សហគមន៍ទាំងនេះ បាន​សម្ដែង​ការ​ជឿជាក់​ថា ស្ថានភាព​អាក្រក់​នេះនឹង​អាច​បញ្ជៀស​បាន បើសិន​ជា​រដ្ឋាភិបាល​ប្រឹងប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ពិតដល់ពលរដ្ឋខ្មែរទូទាំងប្រទេស៕

Close