ព័ត៌មានជាតិ

សមត្ថកិច្ចគយខេត្តត្បូងឃ្មុំ ចាប់រថយន្តបង្កប់ឈើប្រណីត១គ្រឿង សង្ស័យដោយសារទំនាស់ផលប្រយោជន៍

ទំនាក់ទំនងការផ្សាយៈ ០៧១ ៧៨៨៨ ៣៥៥
សមត្ថកិច្ចគយស្រុកមេមត់ ខេត្តត្បូងឃ្មុំបានបើកប្រតិបត្តិការ ស្ទាក់ចាប់រថយន្តកូរ៉េ០១ គ្រឿងដឹកអុសកៅស៊ូ មានបង្កប់ឈើប្រណីត ប្រភេទឈើធ្នង់ ប្រុងនឹងឆ្លងដែនតាមច្រកទ្វារចាន់មូល ត្រូវបានគេសង្ស័យថា ពាក់ព័ន្ធនឹងទំនាស់ផល ប្រយោជន៍ ដោយសារអ្នករត់ការដ៏ល្បីឈ្មោះ អាងខ្លួនជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន។

ប្រតិបត្តិការការបានធ្វើឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខច្រកទ្វារព្រំដែនចាន់មូល ស្ថិតនៅក្នុងភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសមត្ថគយបានរឹសអូស ទាំងរថយន្តនិងឈើប្រណីតប្រភេទធ្នង់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើមេមត់ ដើម្បីបន្តនីតិធីស្វែងរកអ្នកពាក់ព័ន្ធ។

តាមប្រភពពីមន្ត្រីនគរបាលខេតត្បូងឃ្មុំម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្តកូរ៉េនេះ ដឹកឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមជាប្រចាំតាមច្រកចាន់មូល ក្រោមរូបភាពបំភ័ន្តភ្នែកដឹកអុសកៅស៊ូ។ ដោយ សារបែកការដល់មន្ត្រីជំនាញគយ និងចរចាមិនត្រូវគ្នា ក៏ឈានដល់ការបង្ក្រាបតែម្តងទៅ។

ប្រភពខាងលើបន្តថា រាល់ការដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់ឆ្លងដែន ក៏ដូចជាទំនិញផ្សេង ក្រុមឈ្មួញតែងប្រគល់ឲ្យលោក ម៉ែន ដេត ដ៏ល្បីឈ្មោះ ដែលមានតួនាទីជានាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនចាន់មូលជាអ្នករត់ការគ្រប់ស្ថាប័នពាក់ព័ន្ធ បើមិនដូច្នោះទេ គឺមិនអាចដឹកឈើខុសច្បាប់ ឬទំនិញខុសច្បាប់ឆ្លងដែនតាមច្រកទ្វារមួយនេះបានឡើយ។

ជាក់ស្តែងការចាប់រថយន្តកូរ៉េដឹកអុសកៅស៊ូ បង្កប់ឈើធ្នង់កាលពីព្រឹកថ្ងៃទី២១ ខែឧសភានេះពីសំណាក់មន្ត្រីគយស្រុកមេមត់ គឺសង្ស័យផ្តើមចេញពីទំនាស់ផលប្រយោជន៍ ដោយសារខណៈពេលដែលមន្ត្រីគយ ធ្វើការឃាត់ចាប់រថយន្តដើម្បីពិនិត្យ គឺគ្មានសមត្ថកិច្ចណាចូលរួមសហការឡើយ។ ប៉ុន្តែដោយសារករណីនេះត្រូវបែកការ មិនអាចចរចាបាន ទើបមន្ត្រីនគរបាលច្រកទ្វារព្រំដែន នាំគ្នាស្លៀកពាក់ឯកសណ្ឋាន ចេញមុខមកសហការជាមួយមន្ត្រីគយដើម្បីយកមុខតែម្តងទៅ។

អ្នករកស៊ីដឹកទំនិញឆ្លងដែនតាមច្រកទ្វារចាន់មូល ឲ្យដឹងថា លោក ម៉ែន ដេត នាយប៉ុស្តិ៍នគរបាលច្រកទ្វារចាន់មូល គឺល្បីឈ្មោះខ្លាំងណាស់ ខាងម៉ៅការរត់ការទំនិញចេញចូលខុសច្បាប់ ជាពិសេសរថយន្តដឹកឈើខុសច្បាប់ រថយន្តដឹកអុសស្វាយចន្ទី រថយន្តដឹកអុសកៅស៊ូ និងរថយន្តដឹកទំនិញផ្សេងៗ ដោយគាត់ធានាម៉ៅការរត់ការគ្រប់ស្ថាប័នជំនាញក្នុងខេត្តត្បូងឃ្មុំទាំងមូល ដែលមានសរុបរហូតដល់ទៅចំនួន១៧ស្ថាប័នជំនាញ ឈរចាំដកតុងនៅច្រកទ្វារចាន់មូលនេះ។ ហើយបើអ្នករកសុីខុសច្បាប់ណាចង់រត់ការ ជាមួយសមត្ថកិច្ចផ្សេងទៀតដោយខ្លួនឯង គឺមិនអាចធ្វើបានឡើយ គឺដាច់ខាតត្រូវចូលតាមច្រកលោក ម៉ែន ដេត ដ៏មានអំណាចទើបអាចដឹកទំនិញឆ្លងដែនតាមច្រកព្រំដែនមួយនេះបាន។

អ្នករកសុីដឹកទំនិញ សំណូមពរដល់លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យស្រាវជ្រាវនូវទង្វើករបស់លោក ម៉ែន ដេត សព្វថ្ងៃនេះផង ដើម្បីកុំឲ្យខូចឈ្មោះដល់ស្ថាប័នស្នងការដ្ឋានខេត្តត្បូងឃ្មុំទាំងមូល ដោយសារបុគ្គលរូបនេះបានប្រើប្រាស់ តួនាទី និងអំណាចរបស់ខ្លួន ទៅឃុបឃិតជាមួយក្រុមឈ្មួញរកសុីខុសច្បាប់ដឹកទំនិញឆ្លងដែនបែបនេះ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អង្គភាពព្រៃវែងប៉ុស្តិ៍ មិនអាចស្វែងរកការបកស្រាយពីលោក ម៉ែន ដេត បានទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង៕

Close