សេដ្ឋកិច្ច

រដ្ឋាភិបាលគ្រោងជំរុញឱ្យខេត្តកោះកុង ឲ្យក្លាយជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនៅកម្ពុជា

រដ្ឋាភិបាលកម្ពុជាមានផែនការចង់ជំរុញខេត្តកោះកុងឱ្យក្លាយទៅជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងនៅកម្ពុជា នៅថ្ងៃខាងមុខ ពោលគឺឱ្យក្លាយជាខេត្តជាប់មាត់សមុទ្រសំខាន់មួយ ដែលមានតំបន់សេដ្ឋកិច្ចច្រើនជាងគេ។

នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កាលពីថ្ងៃទី ៣ មករា នេះ។

សម្តេច ហ៊ុន សែន ថា៖ «ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ រដ្ឋាភិបាលមានផែនការច្បាស់លាស់ ធ្វើឱ្យខេត្តកោះកុងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់ ពោលគឺច្រើនជាងខេត្តដទៃៗទៀត»។

សម្តេច បន្ថែមថា៖ «មុននេះ របៀងសេដ្ឋកិច្ចមាត់សមុទ្ររបស់យើងមានត្រឹមតែខេត្តព្រះសីហនុប៉ុណ្ណោះ តែឥឡូវកម្ពុជាមានច្រករបៀងសេដ្ឋកិច្ចមាត់សមុទ្រគ្របដណ្តប់ផ្នែកនិរតីទាំងមូល លើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅវិញទៅមក ជាពិសេសរវាងប្រទេសថៃ កម្ពុជា និងវៀតណាមជាដើម»។

ក្នុងឱកាសនោះ សម្ដេចក៏បានបង្ហាញពីអត្ថប្រយោជន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា ដូចជាផ្លូវជាតិលេខ ៤៨ និងផ្លូវជាតិលេខ ១០ ជាដើម ដែលនឹងតភ្ជាប់ខេត្តព្រះសីហនុដែលជាខេត្តកំពង់ផែ ទៅខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង និងឆ្ពោះទៅព្រំដែលថៃនៅប៉ោយប៉ែត ដែលជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់៕

Close