ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច! ការបំពានបឹងទន្លេ សាបរាប់ម៉ឺនហិកតា បែរជាឆ្លើយខុសការពិតថា តែ២-៣ពាន់ហិកតា

លោកសុខ ទូច បង្ហាញពីការឈឺចិត្ត ពេលឮអ្នកបំពានបឹងទន្លេសាប ឆ្លើយខុសការពិត លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញពីការមិនអាចទទួលយកបាន នៅពេលោក បានឮអ្នក ដែលកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីតាមបឹងទន្លេសាប ឆ្លើយខុសការពិត។ ប្រតិកម្មរបស់លោក ធ្វើឡើងក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោក សុខ ទូច បាននិយាយដោយប្រើសំឡេងខ្លាំងៗនិងឮៗ ដើម្បីបង្ហាញពីអារម្មណ៍របស់លោក ដែលពិបាកទប់ នៅពេលឮការកុហករបស់អ្នក ដែលទន្ទ្រានតាមតំបន់បឹងទន្លេសាប។ លោក លើកឧទាហរណ៍ថា តំបន់តាមបឹងទន្លេសាបក្នុងខេត្តកំពង់ធំ ត្រូវបានបំពានដល់ទៅជាង១០ម៉ឺនហិកតា តែអ្នកបំពាន ឆ្លើយថា ត្រឹមតែ៣ពាន់ហិកតា ហើយតំបន់តាមបឹងទន្លេសាបក្នុងខេត្តសៀមរាប ត្រូវបានបំពានដល់ទៅរាប់ម៉ឺនហិកតា តែអ្នកបំពាន ឆ្លើយថា ត្រឹមតែ២ពាន់ហិកតា។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទាមទារឲ្យអ្នកបំពានទាំងនោះ មានភាពស្មោះត្រង់ជាមួយប្រជាជន និងរាជរដ្ឋាភិបាល ហើយហ៊ានឆ្លើយការពិត។ លោក បង្ហាញពីអារម្មណ៍របស់លោកដូច្នេះថា៖«ខ្ញុំ ទប់អត់បាន អ៊ីចឹង ខ្ញុំ យកវេទិកានេះប្រាប់។ សម្តីខ្ញុំថ្ងៃនេះ គឺជាការពិត ខ្ញុំ អត់បានពន្លើសទេ»។

លោក សុខ ទូច នេះហើយ ដែលជាអ្នកធ្វើដំណើរតាមទូក ដើម្បីពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពបឹងទន្លេសាប កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយពិនិត្យឃើញថា ព្រៃលិចទឹកតាមតំបន់បឹងទន្លេសាប ត្រូវបានកាប់បំផ្លាញ និងដីតាមតំបន់បឹងទន្លេសាប ត្រូវបានទន្ទ្រានយក លោក ក៏បានធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សម្តេច ហ៊ុន សែន បានចេញបញ្ជាភ្លាម ឲ្យចាត់វិធានការលើអ្នក ដែលកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីតាមតំបន់បឹងទន្លេសាប។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាឲ្យរឹបអូសយកមកវិញនូវដីតាមតំបន់បឹងទន្លេសាប ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់។

ធ្វើតាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្ថាប័នមានសមត្ថកិច្ច បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដីព្រៃលិចទឹក ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួននគរបាល២រូប គឺលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមការសង្ស័យថា បានពាក់ព័ន្ធនឹងការកាន់កាប់ និងការលក់ព្រៃលិចទឹកនៅតាមបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី១៦ ខែធ្នូដដែល សម្តេច ហ៊ុន សែន បានប្រកាស ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា រាជរដ្ឋាភិបាល ប្តូរផ្តាច់ការពារបឹងទន្លេសាបឲ្យបានដាច់ខាត៕

Close