ព័ត៌មានជាតិ

គម្រោង​វិនិយោគ​ថ្មីរបស់ចិន​តម្លៃ១៣០០លាន​ដុល្លារ​នៅ​កម្ពុជា​ នឹងចុះហត្ថលេខានៅថ្ងៃនេះ

ភ្នំពេញ​ ៖ បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​លម្អិត​ និង​សក្ដានុពល​ក្នុង​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​ ក្រុម​អ្នក​វិនិយោគ​ជនជាតិ​ចិន​ មក​ពី​ខេត្ត​យូ​ណាន​ នឹង​ធ្វើ​កិច្ច​ចុះហត្ថលេខា​បោះទុន​ប្រមាណ​ ១៣០០លាន​ដុល្លារ​ជាមួយ​ធុរកិច្ច​ជន​ខ្មែរ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ លោក​ កុយ​ គួង​ បាន​អះអាង​ថា​ ក្នុង​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ​ លោក​ ទូ​ ជិន​ហោ​ បាន​ដឹកនាំ​ប្រធាន​ក្រុម​ហ៊ុន​ធំៗ​ នៃ​ខេត្ត​យូ​ណាន​ មក​ជាមួយ​ ដើម្បី​មក​ឈ្វេងយល់​ពី​លទ្ធភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​លោក​អះអាង​ថា​ នៅ​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ ធុរកិច្ច​ជន​ចិន​ទាំងនោះ​ នឹង​ចុះហត្ថលេខា​ជាមួយ​ធុរកិច្ច​ជន​កម្ពុជា​ ដែល​មាន​ទឹកប្រាក់​ ១៣០០លាន​ដុល្លារ​អាមេរិក​។

លោក​ កុយ​ គួង​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួង​ ឯកឧត្តម​ ទូ​ ជិន​ហោ​ សមាជិក​គណៈ​កម្មា​ធិការ​មជ្ឈឹ​មបក្ស​ និង​ជា​លេខាធិការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈឹ​មបក្ស​កុម្មុយនីស្ត​ចិន​ ខេត្ត​យូ​ណាន​ បាន​បញ្ជាក់​ថា​ គាត់​មកនេះ​នាំ​ប្រតិភូ​មក​ជាច្រើន​ ក្នុង​នោះ​មាន​ប្រធាន​ក្រុម​ហ៊ុន​ធំៗ​ មក​ពី​ខេត្ត​យូ​ណា​នេះ​ផង​ដែរ​ ហើយ​គាត់​បាន​បញ្ជាក់​ហើយ​ថា​ ប្រធាន​ក្រុម​ហ៊ុន​ធំៗ​ទាំងនោះ​ មក​ប្រទេស​កម្ពុជា​យើង​ គឺ​បាន​សិក្សា​ពិនិត្យ​អំពី​ សក្តា​នុ​ពល​ផ្នែក​សេដ្ឋកិច្ច​ គឺ​គេ​មាន​ចំណាប់​អារម្មណ៍​ច្រើនណាស់​ ផ្តោត​ទៅលើ​វិស័យ​ឧស្សាហកម្ម​ វិស័យ​កសិកម្ម​ គ្រឿងយន្ត​ឧស្សាហកម្ម​ គ្រឿងយន្ត​ឧស្សាហកម្ម​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ ដែល​នៅ​ថ្ងៃស្អែក​នេះ​ នឹង​មាន​ចុះហត្ថលេខា​រវាង​ធុរកិច្ច​ជន​មក​ពី​ ខេ​ត្ត​ហូ​ណាន​ និង​ធុរកិច្ច​ជន​ខ្មែរយើង​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ១៣០០លាន​ដុល្លារ​»៕

Close