ព័ត៌មានជាតិ

ឪពុកម្តាយសពជនរងគ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តគៀរថយន្តធ្លាក់ផ្លូវ ប្តឹងទៅតុលាការទាមទារយុត្តិធម៌និងទារសំណង១០មុឺនដុល្លារ

បន្ទាយមានជ័យ៖​ ករណី​គ្រោះ​ថ្នាក់​ចរាចរ​ដែល​បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក TOYOTA​ REVO​Rឈ្មោះលោក នួន នីគីដា ប្រដេញតាមរថយន្តម៉ាក(HIGHLANDER)​របស់​​ឈ្មោះ​ ខុន ជំនោរ ដូចខ្សែភាពយន្ត ហូលីវូត ​ កាលពី​ថ្ងៃទី២៦​ខែ​សីហា​ឆ្នាំ២០១៩​ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ វេលាម៉ោង៥និង៤០នាទី លើផ្លូវលេខ៥៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៧-១៨ កំពុងស្ថិតក្នុងភាពអាថិកំបាំង ដែលសមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅមិនទាន់បញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីរកដំណោះស្រាយ យុត្តិធម៌គួរជាទីទុកចិត្តបាន ដល់គ្រួសារជនរងគ្រោះនៅឡើយ។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគឺអ្នកបើករថយន្ត (Highlinder) ​ឈ្មោះ ខុន ជំនោរ ភេទ
ប្រុស​អាយុ​២៧ឆ្នាំ​។

តាមការឲ្យដឹងពីលោក ខៀវ វាសនា និងលោកស្រី ង៉ែត ពៅ ជាឪពុកម្តាយជនរងគ្រោះដែលបានស្លាប់បានបញ្ជាក់ថា នៅថ្ងៃទី ២៦ ​ខែ ​សីហា​ឆ្នាំ២០១៩ ជនរងគ្រោះបានបើក រថយន្តម៉ាក Highlander​ មួយគ្រឿងសំដៅចូលទៅក្នុងសាលាក្រុងប៉ោយប៉ែត ដើម្បីប្តិតមេដៃលះលែងប្រពន្ធឈ្មោះ ពៅ ប៉ុន្តែកូនប្រុសរបស់គាត់មិនទាន់បានប្តិតមេដៃទេដោយសារសាលាក្រុងចប់ម៉ោងធ្វើការងារ។ ​បន្ទាប់​មក​ឈ្មោះ​ ខុន ​ជំនោរ បានចេញមកក្រៅហើយបើករថយន្តចេញ ​ តែដោយមិនបានប្រយ័ត្នក៍​បាន​ប៉ះ​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​ជាប់​គ្នា​ ម៉ាក ​Lexis​ 330 ​ពណ៌​ខ្មៅ ​ហើយក៍បើកចេញមកក្រៅទៅ។ ចំណែក​ម្ចាស់រថយន្ត ឡិច​ស៊ីស​៣៣០ ​ក៍បានស្រែកប្តឹង ហើយសមត្ថកិច្ចនគរបាលចរាចរនៅទីនោះក៍បានបើករថយន្តដេញតាមភ្លាមៗដែរ។ ដោយសារស្គាល់និងដឹងថាទីលំនៅលោកលោក ខុន ជំនោរ គឺស្ថិតនៅភូមិ​សាមគ្គី​មានជ័យ​ សង្កាត់ក្រុងប៉ោយប៉ែត ទើបប៉ូលិសចរាចរណ៍បើករថយន្តយឺតៗតាមក្រោយ ដោយទំនងរង់ចាំឲ្យលោក ខុន ជំនោរ ចូលផ្ទះនឹងបានចូលទៅប្រាប់ដើម្បីដោះស្រាយ។ ផ្ទុយទៅវិញឈ្មោះ​ ខុន ជំនោរ មិនបានបើករថយន្តទៅផ្ទះទេ បែរជាបើកចេញទៅរង្វង់មូលផ្លូវលេខ៥៨ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត ដែល​មាន​ស្រី​ម្នាក់​ជិះ​ជា​មួយ​អង្គុយ​ឡាយ​វីដេអូតាម​ទូរសព្ទ័ គឺ​រថយន្ត​ម៉ាក ​(TOYOTA REVO) ​ចង្កូត​ស្តាំ ​ពាក់​ផ្លាក​លេខ​(BMC67777)​បើកបរដោយឈ្មោះ ​ នួន​ នី​គីដា​ បានបើកប្រដេញពីក្រោយយ៉ាងប្រកៀក ប្រកិត។ ​ នៅ​ពេល​នោះ​ឈ្មោះ ខុន ជំនោរ ហាក់​បី​ដូចជាស្លន់ស្លោ ហើយក៍បើករថយន្តសំដៅទៅផ្លូវលេខ៥៨។ នៅ​ពេល​នោះ​ហើយ​ដែល​រថយន្ត​ទាំងពីរ​ប្រ​ដេញគ្នា​ហាក់​បី​ដូច​ជា​ឆាក​ប្រយុទ្ធ​នៅ​ក្នុង​ខ្សែភាព​យន្ត​ ហូ​លីវូត លុះដល់​ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ១៧-១៨រថយន្តរបស់ឈ្មោះ ខុន ជំនោរ បានបែកបានបែកកង់ ក៍ឈប់នៅលើចិញ្ចើមផ្លូវ។

តាមប្រភពពីអាខោនហ្វេសបុកមួយរបស់មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៩១១ដែលស្ថិតនៅក្បែរកន្លែងកើត​ហេតុ​បាន​ស​រសេរ​ថា​រថយន្ត​ម៉ាក​( Highlinder )​របស់​លោក ខុន ជំនោរ បានបែកកង់ហើយឈប់លើចិញ្ចើមផ្លូវតែត្រូវរថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ (Toyota Revo)​ បើកមកគៀពេញទំហឹង បណ្តាល​ឱ្យរថយន្ត​​ធ្លាក់​ពី​លើ​ផ្លូវ​តែ​មិន​ក្រឡាប់​ទេ​ និងផ្ទុះពោងសុវត្ថិភាពទាំងអស់ដែលមិន​សមទំនងឲ្យលោក ខុន ជំនោរ ស្លាប់បានឡើយ។ ចំណែករថយន្តរបស់លោក នួន នីគីដា ​ក៍បានធ្លាក់ពីក្រោយដែរ បណ្តាលឱ្យមានផ្សែងហុយចេញពីរថយន្ត តែម្ចាស់មិនបានរងរបួសទេ ព្រោះ​គេ​បាន​យក​បំពង់​បាញ់​ពន្លត់​អគ្គិសនីពីក្នុង​រថយន្ត​មក​បាញ់​ពន្លត់​ភ្លើងដែលឆេះរថយន្តរបស់គេ ឱ្យ​រលត់។

បើតាម​ឪពុក​ម្តាយសាកសពរបស់ជនរងគ្រោះ ឈ្មោះ​ ខុន ជំនោរ បាន​អះ​អាង​ថាកូនប្រុសរបស់គាត់មិន​គួរ​ស្លាប់​ទេ ប្រសិន​បើ​គ្មាន​ការ​វាយ​បន្ថែម​នោះ ព្រោះ​សាក​សព ត្រូវ​បាន​បាក់​ធ្មេញ​មុខ ​ បាក់​ធ្គាម​ខាង​ស្តាំ សៀត​ផ្កា​ខាង​ស្តាំ ជាំ​ផុង នៅ​លើ​ក្បាល​មានស្នាមមុតដាច់ និងធ្លុះបំពង់ក ឯរថយន្តមានស្នាមវាយបំបែកកញ្ចក់ហើយសំណាញ់រថយន្តត្រូវគេបោចចោលមានចម្ងាយឆ្ងាយពីរថយន្ត និងមានស្នាមវាយទ្វារទី២។ បើតាមភិនភាគស្លាកស្នាមសាកសពជនរងគ្រោះ និងស្លាកស្នាមរថយន្ត គឺទំនងមានការប្រើហិង្សា វាយសម្លាប់ជនរងគ្រោះបន្ថែមលើគ្រោះថ្នាក់ចរាចរ​ណ៍យ៉ាង​ពិត​ប្រាកដណាស់។

ឪពុកម្តាយជនរងគ្រោះបានលើកឡើងថា តើ លោក នួន នីគីដា មានតួនាទីជាសមត្ថកិច្ចខាងណា ទើបបើករថយន្តប្រដេញ ប្រផាប់ប្រផីង ដេញរថយន្តកូនប្រុសគាត់សាហាវបែបនេះ? ឬមានផែនការអ្វីទុកជាមុន បានជារថយន្តកូនប្រុសរបស់គាត់បែកកង់ឈប់ស្ងៀមហើយ បែរជាបើកគៀបុកទំលាក់ផ្លូវបង្កឲ្យមនុស្សស្លាប់បែបនេះ?

មកដល់ពេលនេះរយៈពេលជិត១ខែហើយ ឪពុកម្តាយជនរងគ្រោះនៅមិនទាន់បានទទួលការដោះស្រាយបែបណាពីអធិការនគរបាលស្រុកអូរជ្រៅនៅឡើយទេ និងហាក់អស់សង្ឃឹមថានឹងទទួលបាននូវពន្លឺយុត្តិធម៌ ទើបសម្រេចចិត្តដាក់ពាក្តបណ្តឹងទៅតុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ ខែកញ្ញានេះ ដើម្បីស្វែងរកយុត្តិធម៌ និងទាមទារសំណង១០មុឺនដុល្លារពីជនបង្កហេតុ៕

Close