សេដ្ឋកិច្ច

ដើមឆ្នាំ២០២១ចំណូលពន្ធគយធ្លាក់ចុះ១៥% ធៀបនឹងដើមឆ្នាំ២០២០

រយៈពេល​មួយ​ត្រីមាស​នៃ​ឆ្នាំ​២០២១​ ការ​ប្រមូល​ចំណូល​ពន្ធគយ​នៅ​អំឡុង​ពេល​នៃ​វិបត្តិកូវីដ-១៩ ​បាន​ចំនួន​៦១៤​លាន​ដុល្លារអាមេរិក​។ នេះ​បើ​តាម​ការ​ប្រកាស​នៅ​លើ​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​។ ចំណូល​ពន្ធគយ​ នៅ​ដើម​ឆ្នាំ​២០២១​នេះ​ មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​១៥.២% ​បើ​ធៀប​នឹង​ចំណូល​ពន្ធ​គយ​ដែល​ប្រមូល​បាន​នៅ​រយៈពេល​មួយ​ត្រីមាស​ដូចគ្នា​នៃ​ឆ្នាំ​២០២០​ ដែល​មាន​ចំណូល​ប្រមាណ​៧២៣​លាន​ដុល្លារ​អាមេរិក​។

ក៏ប៉ុន្តែសម្រាប់ការនាំចេញផលិតផលអេឡិចត្រូនិច និងកសិផលវិញ កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះទំនិញអេឡិចត្រូនិច មាន កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ និងផលិតផលឧស្សាហកម្ម បានចំនួន៨៨៧លានដុល្លារអាមេរិក កើនឡើង៥២.១៨%។ សម្រាប់ដំណាំកសិផល មានជាអាទិ៍ ស្រូវ អង្ករ កៅស៊ូ កម្ពុជានាំចេញបានក្នុងចំនួន១០១៤លានដុល្លារអាមេរិក កើនឡើង៧០.៣៦%។

ជាមួយគ្នានេះ សម្រាប់តែខែមីនាឆ្នាំ២០២១ កម្ពុជាប្រមូលចំណូលពន្ធគយបាន២១១លានដុល្លារអេមរិក។ ចំណូលនេះក៏មានការធ្លាក់ចុះដូចគ្នា ក្នុងរង្វង់៤.៧% បើធៀបទៅនឹងខែមីនាដូចគ្នានៅឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចំណូលពន្ធគយ៦១៤លានដុល្លារអាមេរិកនៅត្រីមាសទី១នេះ ជាការសម្រេចបានជាចំណែក២៦%នៃផែនការប្រចាំឆ្នាំ ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាប្រមូលចំណូលពន្ធគយសរុបបានប្រមាណ២៤១៩លានដុល្លារអាមេរិក ខណៈចំណូលពន្ធគយសរុបនៅឆ្នាំ២០១៩ មានចំនួន៣២០០លានដុល្លារអាមេរិក៕

Close