អន្តរជាតិ

លោក មាជ សុវណ្ណារ៉ា និង​សកម្មជន ១០នាក់​ទៀត ស្នើសុំ​សម្តេច ហ៊ុន សែន លើកលែង​ទោស

មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស ១០នាក់​ទៀត រួមមាន៖ ឃិន ជំរឿន, នាង សុឃុន, សាន គីមហេង, សាន សីហៈ, អ៊ុក ពេជ្រសំណាង, ទេព ណារិន, អឿ ណារិទ្ធ, អាន បឋម, កែ ឃី និង ស៊ុំ ពុទ្ធិ ដែល​កំពុង​ជាប់​ឃុំឃំាង​នៅ​ពន្ធនាគារ​ព្រៃស បាន​ស្នើសុំ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយធ្វើ​អន្តរាគមន៍​ឱ្យ​ពួកគេ​បាន​រួចផុត​ទោស និង​មាន​សេរីភាព។ លិខិត​ស្នើសុំ​ការ​លើកលែង​ទោស​នេះ ត្រូវបាន​អ្នក​ទាំង១១ ផ្តិត​មេដៃ​រួមគ្នា​កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ ហើយត្រូវ​បាន​ដល់ដៃ​អ្នក​កាសែត​នៅថ្ងៃទី​២៧​សីហា​នេះ។

មន្រ្តី និង​សកម្មជន​បក្ស​ទាំង១១​នាក់​ដែល​បាន​ជាប់​ឃុំ​ជាង​៣ឆ្នាំ​មកនេះ បាន​រៀបរាប់​តាម​រយៈ​លិខិត​នេះ​ថា៖ «យើងខ្ញុំ​ទាំង​អស់​គ្នា មានការ​សោកស្តាយ​ចំពោះ​ការ​ចូលរួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ (ក្បែរ​ស្ពាន​នាគ) ដែល​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន កាល​ពីថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយមិន​បាន​ពិចារណា​ឱ្យ​បាន​ដិតដល់ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម»។

ក្នុង​លិខិត​នេះ​បន្តថា អ្នកទាំង​១១ មានការ​នឹក​រឮក​ដល់​គ្រួសារ ឪពុកម្តាយ​ចាស់​ជរា ហើយកូន​បោះបង់​ចោល​ការ​សិក្សា ដោយសារ​ឪពុក​ជាប់​ពន្ធនាគារ និង​បាត់បង់​ការងារ បាត់បង់​មុខរបរ​រកស៊ី និង​បាត់បង់​ការរៀន​សូត្រ​បន្ត។

ជាមួយគ្នា​នេះ លោក មាជ សុវណ្ណារ៉ា តាមរយៈ​លិខិត​ដដែល​នេះ បាន​សន្យា​ថា លោក​នឹង​ដក​បណ្តឹង​គ្រប់​ស្ថាប័ន ឬ​តុលាការ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ ដែល​លោក​បាន​ដាក់​នាពេល​កន្លង​មក។

សូម​រំលឹក​ថា លោក មាជ សុណ្ណារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា ជា​អ្នក​ដឹក​នាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។ ជា​មួយ​គ្នា​នេះ នៅ​មាន​សកម្មជន​គណបក្ស ១០​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ​ក្នុង​ថ្ងៃ​បន្តបន្ទាប់៕

Close