អន្តរជាតិ

យូណេស្កូសម្រេចបញ្ចូល​ល្ខោនខោល ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ​៖ ប្រទេស​កម្ពុជា នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ បានប្រកាស​ការអបអ​សាទរ ចំពោះ​ការដាក់បញ្ចូល​ល្ខោនខោល ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ។ ជាការ​ប្រកាស​ដែល​ចង់​បញ្ជាក់ថា ចាប់តាំងពី​ពេលនេះ​ទៅ ឈប់​មាន​មន្ទិល​ទៀតហើយ ដែលថា ល្ខោនខោល​ជា​របស់​ថៃ ។ តែ​វា​គឺជា​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា​ពិតៗ ។​

​ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឲ្យ​ដឹងថា ការដាក់បញ្ចូល​ល្ខោនខោល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​បេតិកភណ្ឌ​អរូបី របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស ។​

​បើតាម​ក្រសួង​វប្បធម៌​ថា ជោគជ័យ​ទាំងនេះ​គឺ​មិនអាច​កាត់ផ្តាច់​បានទេ ពី​ការចូលរួម​យ៉ាង​ផុលផុស របស់​សិល្បករ អង្គការ​សមាគម អង្គការ​សង្គម​ស៊ីវិល ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការជួយ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន ប្រជាជន និង​ស្រទាប់​យុវជន​កម្ពុជា​ទាំងមូល ៕ plk

 

Tags
Close