កម្សាន្ត

ប្រជុំកោះពោធិ៍ កោះទន្សាយ ក្លាយជាតំបន់អភិរក្ស

តំបន់ប្រជុំកោះពោធិ៍ និង កោះទន្សាយ ក្នុងខេត្តកែប ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាតំបន់ការពារ និង អភិរក្ស ដោយមិនអនុញ្ញាតឱ្យមានការនេសាទក្នុងបរិវេណហាមឃាត់ទៀតឡើយ ។

បើតាមការបញ្ជាក់របស់ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានឱ្យដឹងនាពេលថ្មីៗនេះថា តំបន់ដែលដាក់ក្នុងការគ្រប់គ្រងនេះ មានកន្លែងអភិរក្សជលផល កន្លែងការពារជលផល ដែនជម្រកសុវត្ថិភាពជលផល កន្លែងអេកូទេសចរណ៍បាតសមុទ្រ ដែលជាបណ្តុំ និង សម្បូរទៅដោយផ្កាថ្ម ថ្មប៉ប្រះទឹក ស្មៅសមុទ្រ និង ជម្រកជលផលដូចជាក្តាមសេះ បង្កា ជាដើម ។

ការ«ចេញប្រកាសស្តីពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និង កោះទន្សាយ ក្នុងខេត្តកែប» នេះ ត្រូវបានលោក អេង ជាសាន បញ្ជាក់ថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះទាំងនេះ គឺក្នុងគោលបំណងការពារ អភិរក្ស និង ប្រើប្រាស់ធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព សម្រាប់ជាប្រយោជន៍លើកស្ទួយជីវភាពប្រជាពលរដ្ឋ ជំរុញវិស័យទេសចរណ៍ធម្មជាតិ ការសិក្សាស្រាវជ្រាវ និង ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

កន្លែងអភិរក្សជលផលពុំអាចអនុញ្ញាតឱ្យប្រព្រឹត្តសកម្មភាព ដែលនាំឱ្យប៉ះពាល់ដល់ធនធានបានឡើយ ។ ដោយឡែកការធ្វើនេសាទ ឬ សកម្មភាពផ្សេងៗ នៅក្នុងដែនជម្រកសុវត្ថិភាព ជលផល ត្រូវបានហាមឃាត់ក្នុងរដូវកាលកំណត់ជាក់លាក់ក្នុងរយៈពេល៣ខែ ហើយក្រោយរដូវកាលនេះ ការនេសាទជាលក្ខណៈគ្រួសារ និង សកម្មភាពផ្សេងទៀត ដែលមិនប៉ះពាល់ជាអវិជ្ជមានដល់ធនធានជលផលអាចអនុញ្ញាតបានជាធម្មតា ។

តាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ថា តំបន់គ្រប់គ្រងជលផលសមុទ្រទាំងនោះ មាន កោះពោធិ៍ កោះស្វាយព្រៃ កោះហាលត្រី កោះមាក់ប្រាង កោះអាចម៍សេះ កោះអង្ក្រង កោះស្ងួត កោះទន្សាយ កោះស្វាយ កោះកុក កោះម្ទេស និង កោះត្បាល់ ដែលស្ថិតនៅក្នុងដែននេសាទនៃភូមិសាស្ត្រក្រុងកែប និង ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងផ្ទៃក្រឡាសរុប ១១ ៣០៧ ហិកតា ៕

Close