ព័ត៌មានជាតិ

ក្រោយ​ផ្លូវដែក​ភ្នំពេញ​-​ប៉ោយប៉ែត​ដាក់​ឲ្យ​ដំណើរការ ភ្ញៀវទេសចរ​ត្រឡប់មក​ជិះ​ឡូរី​នៅលើ​កំណាត់​ផ្លូវដែក​ម្តងទៀត​

ក្រោយ​ផ្លូវដែក​ភ្នំពេញ​-​ប៉ោយប៉ែត ត្រូវបាន​សម្ពោធ​បើកដាក់​អោយ​ដំណើរការ​ជាថ្មី គេ​សង្កេតឃើញ​ភ្ញៀវ​ទេសចរណ៍​រាប់រយ​នាក់​បាននាំគ្នា​សម្រុក​មក​ជិះ​ឡូរី​នៅលើ​ផ្លូវដែក​នេះ​សារជាថ្មី​ម្តងទៀត​។​

​បុរស​ជា​អ្នករត់រ​ម៉ក​ម៉ូតូ​កង់​បី ដឹក​ភ្ញៀវ​ម្នាក់ បាន​ឲ្យ​ដឹងថា ក្រោយពី​ផ្លូវដែក​សម្ពោធ​បើកដាក់​អោយ​ដំណើរការ​ជាថ្មី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ រាប់រយ​នាក់ បាន​បង្វែរ​ពី​ការ​ជិះ​ឡូរី​ទេសចរ​ជើងភ្នំ​បាណន់ នាំគ្នា​សម្រុក​មក​ជិះ​ឡូរី នៅ​ចំណុច​រ៉ា​អូរ​ដំបង ស្ថិតក្នុង​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ឡើងវិញ​។

​លោក​បន្តថា មូល​ហេតុដែល​ធ្វើអោយ​ក្រុម​ភ្ញៀវ​វិលត្រឡប់​ពី​ការ​ជិះ​ឡូរី​ទេសចរ​ជើងភ្នំ​បាណន់ មក​ជិះ​ឡូរី នៅ​ខាង​រ៉ា​អូរ​ដំបង​វិញ ដោយសារតែ​ពួកគាត់​មិន​ចូលចិត្ត​នូវ​អ្វី​ដែលជា​របស់​កែច្នៃ​បង្កើត​ថ្មី ដែល​ប្រើប្រាស់​ដែក​តូចៗ ហើយ​ទំនើប​ខុសពី​របស់​ដើម​នោះទេ គឺ​ពួកគាត់​ចូលចិត្ត​នូវ​អ្វី​ដែលជា​របស់​ដើម របស់​បូរាណ ដែល​សេសសល់​បន្ត​ពី​សម័យមុន មាន​ដែក​ក្រាស់​ហើយ​ធំ​។ និង​មួយវិញទៀត​ឡូរី​នៅ​ខាង​រ៉ា​អូរ​ដំបង វា​នៅក្បែរ​ទីក្រុង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ដោយ​មិន​ចំណាយពេល​វេលា​យូរ ហើយ​អ្វីដែល​ពិសេស វា​សំបូរ​ទៅដោយ​ទេសភាព​ព្រៃឈើ​និង​ខ្យល់អាកាស​បរិសុទ្ធ​ល្អ និង​ក្រអូប​ពោ​ពេញ​ដោយ​ក្លិន​ផ្កា​ស្រូវ​ផងដែរ​។​

​ឡូរី​ដឹក​ភ្ញៀវ​ទេសចរណ៍​រ៉ា​អូរ​ដំបង មាន​ទីតាំងនៅ​ឃុំ​អូរ​ដំបង​២ ស្ថិតក្នុង​ស្រុក​សង្កែ ខេត្តបាត់ដំបង ធ្វើដំណើរ​ចេញពី​ចំណុច​ក្នុង​រ៉ា​អូរ​ដំបង ឆ្ពោះទៅ​ចំណុច​គោលដៅ​រ៉ា​អូរ​ស្រឡៅ ដែលមាន​ចំងាយ​ផ្ទៃដី ៧​គីឡូម៉ែត្រ និង​តម្លៃ​ក្នុង​ភ្ញៀវ​ម្នាក់​៥​ដុល្លារ​ទាំង​ទៅ​ទាំង​មក​៕​

Close