ព័ត៌មានជាតិ

កូវីដ-១៩ ធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ដឹងថា «មន្រ្តីតិច ក៏អាចធ្វើការបានដែរ

ជំងឺកូវីដ-១៩ ធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ឆ្លងកាត់បទពិសោធមួយ​ គឺមន្រ្តីតិច តែការងារ នៅតែដំណើរការ។ អ្នកតាមដានស្ថានការណ៍សង្គម គាំទ្រឲ្យកាត់បន្ថយមន្រ្តីរាជការតាមស្ថាប័នដែលមិនសូវចាំបាច់។

ពេលកម្ពុជា ចាប់ផ្តើមផ្ទុះជំងឺកូវីដ-១៩ មន្រ្តីក្នុងរង្វង់តែ២ទៅ១០ភាគរយប៉ុណ្ណោះ ដែលរដ្ឋាភិបាល ទុកឲ្យបំពេញការងារផ្ទាល់និងប្រចាំការនៅតាមក្រសួង-ស្ថាប័ននីមួយៗ ឯក្រៅពីនេះ ត្រូវបំពេញការងារតាមអនឡាញពីគេហដ្ឋានរៀងៗខ្លួន។ ថ្វីបើក្រសួង-ស្ថាប័នរដ្ឋនីមួយៗ ទុកមន្រ្តីតិចតួចឲ្យប្រចាំការដូច្នេះក្តី តែការងារក្នុងក្រសួង-ស្ថាប័នទាំងអស់នោះ មិនចោទជាបញ្ហាអ្វីឲ្យធ្ងន់ធ្ងរឡើយ។ 

ស្ថានភាពអំពីក្រសួង-ស្ថាប័នរដ្ឋ នៅដំណើរការងារជាធម្មតា ជាមួយនឹងចំនួនមន្រ្តីដ៏តិចតួចនេះ គឺគេបានដឹងតាមរយៈប្រសាសន៍របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានថ្លែងក្នុងពិធីប្រគល់រថយន្ត ហ្វ័ររេងជើ ភិកអាប់ (Ford Ranger Pick-up) ចំនួន៨៧គ្រឿងដល់បណ្តាស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកទៅបែងចែកឲ្យអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្នុងបរិវេណក្រសួងមហាផ្ទៃ។

ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្តេចក្រឡា ហោម កត់សម្គាល់ឃើញថា បើប្រៀបធៀបរវាងការងារ ដែលមានមន្រ្តីក្នុងអង្គភាពផ្ទាល់ទាំងអស់គ្នា (១០០ភាគរយ) ជាមួយការងារ ដែលមានមន្រ្តីក្នុងអង្គភាពតែ២ភាគរយ គឺការងារដែលមានមន្រ្តីក្នុងអង្គភាពតែ២ភាគរយ បានថយចុះតិចតួចប៉ុណ្ណោះ ខណៈកិច្ចការជាច្រើនទៀត និងកិច្ចការធំៗ នៅអាចដំណើរការជាប្រក្រតី។ ផ្អែកលើសម្មតកម្មនេះ សម្តេចបានទាញចេញជាសេចក្តីសន្និដ្ឋានថា ទៅថ្ងៃមុខ រដ្ឋាភិបាល​កម្ពុជា អាចកាត់បន្ថយចំនួនមន្រ្តីរាជការបាន ដ្បិតបច្ចុប្បន្ន មន្រ្តីរាជការ ដែលនៅប្រចាំការតាមក្រសួង-ស្ថាប័ន មាន២ភាគរយប៉ុណ្ណោះ តែអាចដំណើរការបាន។ 

រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ថា៖«ឆ្នាំ [២០២១] នេះ យើង អាចរកឃើញបញ្ហាមួយត្រង់ថា ចំនួនមន្រ្តីក្របខ័ណ្ឌរបស់យើង យើង អាចមានលទ្ធភាព ដើម្បីកាត់បន្ថយបាន។ កាត់បន្ថយបាន ពីព្រោះថា នៅ២ភាគរយ យើង ធ្វើការបានប៉ុណ្ណឹង អ៊ីចឹងយើងអាចថែម១០ភាគទៀត ក៏វាអត់បញ្ហា តែវាបានថយចុះក្របខ័ណ្ឌយ៉ាងច្រើន។ សម្តេច បន្តថា៖«នេះ ខ្ញុំ គ្រាន់តែប្រមើលមើលជាបឋមប៉ុណ្ណឹងទេ ដែលចាត់ទុកថា ជាកម្មវត្ថុ ឬជារបៀបវារៈការងាររបស់យើង ក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាឲ្យរដ្ឋបាលនេះ មានគុណភព មានប្រសិទ្ធភាព ហើយធានាបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។

លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថា មិនមែនតែមន្រ្តីរាជការទេ ដែលមានចំនួនច្រើន ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ក៏ធំដែរ ដែលគួរតែកាត់បន្ថយ។ យ៉ាងណា លោកជំរុញឲ្យមានការសិក្សាច្បាស់លាស់ជាមុនថា កន្លែងណា គួរកាត់បន្ថយ ហើយកន្លែងណា មិនគួរកាត់បន្ថយ។ លោកបន្ថែមថា កន្លែងណា ដែលមិនមានមន្រ្តីរាជការគ្រប់គ្រាន់ ការបំពេញការងារ នឹងមិនមានប្រសិទ្ធភាពឡើយ ហើយកន្លែងណា ដែលមានមន្រ្តីច្រើនពេកលើសពីតម្រូវការ ការងារអាចនឹងមិនដំណើរការដូចគ្នា ដោយសារពួកគេប្រចាំគ្នា។ 
 
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បន្តថា៖«ខ្ញុំ ចង់ឃើញរដ្ឋាភិបាលប្រើប្រាស់ថវិកា ដែលយើង បង់ពន្ធឲ្យមានប្រសិទ្ធភាព ជាជាងគ្រាន់តែការយកលុយទៅចិញ្ចឹមមនុស្សច្រើនហូរហៀ ដែលជាលុយញើសឈាមរបស់ប្រជាពលរដ្ឋអ្នកបង់ពន្ធ ឲ្យរដ្ឋបានគិត។ […] ហើយចំនួនមន្រ្តីរាជការ ដែលកំពុងធ្វើការក្នុងស្ថាប័នរដ្ឋហ្នឹង កុំចេះតែប្រមូលចូល ដោយសារកត្តានយោបាយ ដោយសារអ្នកហ្នឹងឯង ជាខ្សែបណ្តាញនយោបាយ […]»៕ដកស្រង់ពីថ្មីៗ

Close