ព័ត៌មានជាតិ

លោកឧកញ៉ា លឹម ហេង​ ៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ នឹងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ ផ្ដល់ផលចំណេញដល់សេដ្ឋកិច្ច

ភ្នំពេញ​ : បន្ទាប់ពីត្រូវបានក្រុមការងារហិរញ្ញវត្ថុ FATF ដែលមានមូលដ្ឋាននៅប្រទេសបារាំងក្នុងនាមជាអង្គការធ្វើការពាក់ព័ន្ធនឹងការវាយតម្លៃប្រទេសដែលមានហានិភ័យលើការលាងលុយកខ្វក់ បានប្រកាសជាផ្លូវការពីការដកឈ្មោះកម្ពុជាចេញពីបញ្ជីប្រផេះ។

ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន​សម្ដេចតេជោ​ ហ៊ុន​ សែន​ ជា​នាយករដ្ឋ​មន្ត្រី​ ក្នុងការងារប្រឆាំងទៅនឹងសកម្មភាពលាងលុយកខ្វក់មកពីបណ្ដាប្រទេសនានា នៅទីបំផុត កេរ្ដិ៍ឈ្មោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក៏បានស្គាល់ភាពប្រសើរឡើងវិញ។

តាមរយៈការដកកម្ពុជាចេញពីបញ្ជីប្រផះនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចសាទរ ព្រមទាំងបង្ហាញក្ដីរំពឹងលើភាពល្អប្រសើរឡើងវិញនៃការវិនិយោគនៅកម្ពុជានាថ្ងៃអនាគត។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា​ ៖ «នេះជាដំណឹងល្អដល់វិស័យឯកជន ក៏ដូចជាប្រទេសរបស់យើងទាំងមូល ព្រោះការណ៍ដែលកម្ពុជាត្រូវបានចាត់ចូលក្នុងបញ្ជីប្រផេះកន្លងមកនេះ បង្កជាការព្រួយបារម្ភទៅដល់អ្នករកស៊ីគ្រប់ប្រភេទ ទាំងអ្នកវិនិយោគបរទេស ទាំងអ្នកវិនិយោគនៅក្នុងស្រុក»។

អ្នកជំនាញរូបនេះបន្តថា​ ៖ «ក្រោយពីកម្ពុជាយើងរួចផុតពីបញ្ជីប្រផេះ វានឹងផ្ដល់កិត្តិយសដល់កម្ពុជាវិញ ហើយខ្ញុំគិតថា វានឹងជួយជំរុញអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសឱ្យកាន់តែមានជំនឿចិត្តក្នុងការរកស៊ីក្នុងប្រទេសកម្ពុជាយើងឱ្យកាន់តែប្រសើរឡើង»។

គួរជម្រាបថា ការប្រកាសដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។

ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម៕

Close