ព័ត៌មានជាតិ

កម្ពុជាស្នើសិង្ហបុរី ឲ្យជួយដល់នគរបាលជាតិក្នុងការគ្រប់គ្រងច្បាប់ និងបណ្តាញព័ត៌មាន

ក្នុង​ពេល​អនុញ្ញាត​ឲ្យ​លោក​ ​Hoong​ ​Wee​ ​ Teck​ ​អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហបុរី​ ​ចូល​ជួប​សម្តែង​ការគួរសម​កាលពី​រសៀល​ថ្ងៃទី៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​វិមាន​សន្តិភាព​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​បាន​ស្នើ​ឲ្យ​សិង្ហបុរី​ជួយ​ដល់​នគរបាល​ជាតិ​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ច្បាប់​ ​និង​បណ្តាញ​ព័ត៌មាន​។​

​យោង​តាម​ ​លោក​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​ជំនួយការ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ឲ្យដឹង​ថា​ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​ ​សិង្ហបុរី​គឺ​មានបទពិសោធន៍​ ​និង​មាន​ព័ត៌មាន​ជាច្រើន​ពាក់ព័ន្ធ​ ​និង​តំបន់​ ​និង​ជុំវិញ​ប្រទេស​ផង​។​ ​ក្នុង​ន័យ​នេះ​សម្ដេច​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ ​ទាំង​ទ្វេភាគី​ ​និង​ពហុភាគី​ ​ដើម្បី​ធ្វើ​យ៉ាងណា​ផ្លាស់ប្ដូរ​ព័ត៌មាន​ ​និង​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។​

​សម្ដេច​បន្ត​ថា​ ​ភេរវកម្ម​ ​និង​ឧក្រិដ្ឋ​កម្ម​ផ្សេង​ៗ​ ​គឺ​រៀបចំឡើង​មាន​បណ្ដាញ​ ​និង​ជា​ប្រព័ន្ធ​ ​ក្នុង​ន័យ​នេះ​គប្បី​ណា​រួម​សហការ​គ្នា​ ​ដើម្បី​ទប់ស្កាត់​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ ​ឬក៏​ជាពិសេស​អំពី​សកម្មភាព​របស់​ភេរវ​ករ​។​

​សម្ដេច​ថា​ ​សិង្ហបុរី​ជា​ប្រទេស​មួយ​ ​ដែល​ជា​កន្លែង​អប់រំ​ ​និង​ហ្វឹកហាត់​បាន​ល្អ​ ​ក្នុង​ន័យ​នេះ​សម្ដេច​ស្នើសុំ​ឲ្យ​សិង្ហបុរី​ចែករំលែក​នូវ​បទពិសោធន៍​ទៅលើ​បញ្ហា​បង្ហាត់បង្រៀន​ ​និង​ការគ្រប់គ្រង​និង​ច្បាប់​បណ្ដាញ​ព័ត៌មាន​៕​

Close