សេដ្ឋកិច្ច

ជប៉ុនផ្តល់ជំនួយដល់កម្ពុជាជិត៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ

ភ្នំពេញ​៖ គិត​ត្រឹម​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​របស់​ជប៉ុន បាន​ផ្តល់​ថវិកា​ជិត៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​កម្ពុជា នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​បើក​កម្មវិធី​ទស្សនកិច្ច​អ្នក​សារព័ត៌មាន ស្ស្ដីអំពីជំនួយជប៉ុន ODA (Official development assistance) នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ ។

លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បាន​និង​កំពុង​គាំទ្រ​ដល់​កម្ពុជា ចាប់ពី​ដំណើរការ​សន្តិភាព​ដំបូង តាម​រយៈ​ការ​កសាង​ឡើង​វិញ​ជា​បន្តបន្ទាប់ និង​រហូត​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ។ រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ប្រមាណ ៣​ពាន់​៩​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ជំនួយ ODA គិត​ត្រឹម​ឆ្នាំ​សារពើពន្ធ ២០១៨»​ ។

លោក​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់​ទៀត​ថា ប្រទេស​ជប៉ុន​ គាំទ្រ​ដល់​ការ​ពង្រឹង​បន្ថែម​នូវ​គ្រឹះ​សេដ្ឋកិច្ច​សង្គម ដើម្បី​ជួយ​ឱ្យ​កម្ពុជា សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន ៣​គឺ​៖ ១៖ ការ​អភិវឌ្ឍ​ឧស្សាហកម្ម​, ២៖ ការ​ផ្តល់​នូវ​គុណភាព​នៃ​ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុន និង​៣៖ ការ​ជំរុញ​ឱ្យ​មាន​សង្គម​ប្រកបដោយ​និរន្ត​ភាព តាម​រយៈ​ការ​ពង្រឹង​អភិបាលកិច្ច​។​ជប៉ុន ក៏​បាន​នឹង​កំពុងធ្វើការ​រួម​គ្នា​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​ជា​ច្រើន​។ កិច្ចការ​ទាំងនេះ​រួម​មាន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម ដូច​ជា​ផ្លូវថ្នល់ កំពង់​ផែ មន្ទីរពេទ្យ សាលារៀន ធនធានមនុស្ស និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក ការ​លុប​បំបាត់​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ជំរុញ​ការ​វិនិយោគ​ជាដើម​។

បើ​តាម​លោក កា​តា​ណា ប្រធាន​គ្រប់គ្រង ODA របស់​ជប៉ុន​ប្រចាំ​កម្ពុជា បាន​រំលឹក​ថា ជប៉ុន​បាន​អនុវត្តន៍​ជំនួយ​យ៉ាង​សកម្ម​នៅ​កម្ពុជា តាំងពី​ឆ្នាំ​១៩៩១​។ លោក​ថា​ទឹកប្រាក់​សរុប​នៃ​ជំនួយ ODA ដល់​កម្ពុជា​គិត​ត្រឹម​ឆ្នាំ​២០១៧ (​ដោយ​គិត​អត្រា ១​ដុល្លារ​/ ១១០​យ៉េន​) មាន​ចំនួន​ប្រមាណ ១២៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ជា​កម្ចីសម្បទាន​, ប្រហែល ១៨៣១​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ជំនួយ​ឥត​សំណង និង​ប្រហែល ៧៨៤​លាន​ដុល្លារ​អា​មេ​រិ​ក ជា​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស ​៕

Close