ព័ត៌មានជាតិ
តំបន់វិស្សមកាលក្រសួងការពារជាតិលើដីជាង ១ពាន់ហិកតាក្នុងខេត្តកោះកុង នឹងបើកការដ្ឋានឆាប់ៗនេះ
ក្រសួងការពារជាតិ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង ១០០០ហិកតា នៅខេត្តកោះកុង ឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាល ពីថ្ងៃទី៣ ខែកញ្ញា។
ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរង ខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯក សឿន រឿត ដែលជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់។
លោក សុខ សុទ្ធី បានឱ្យដឹងថា ការចុះពិនិត្យទីតាំង គឺដើម្បីចង្អុលបង្ហាញ និងអនុញ្ញាតឱ្យគ្រឿងចក្រនៃកងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមឈូសឆាយព្រំដី និងបោះបង្គោលព្រំដីតាមនិយាមកាដែលបានកំណត់រួចហើយ។
តាមផែនការ ដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍនេះ មានទីតាំងស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង កាលពីខែកក្កដា បានសម្រេចប្រគល់ដីរដ្ឋ ១ ១០២ ហិកតា ទៅក្រសួងការពារជាតិដើម្បីបង្កើតជាងតំបន់អភិវឌ្ឍ និងតំបន់វិសមកាលក្រសួងការពារជាតិ ក្រោមឈ្មោះ «សម្តេចពិជ័យសេនា ទៀ បាញ់»៕