ព័ត៌មានជាតិ

អាងអំណាចជារដ្ឋលេខាធិការ ហ៊ានចាក់ដីលុបច្រាំងទន្លេ មិនស្តាប់អាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាលចុះហាមឃាត់

ទំនាក់ទំនងការផ្សាយ 071 7888 345
ច្រាំងទន្លេមួយកន្លែងនៅចំណុចប្រសព្វព្រែកគង់វ៉ាន់ ស្តិតក្នុងភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានលោករដ្ឋលេខាធិការមួយរូបប្រើអំណាចរំលោភយកធ្វើកម្មសិទ្ធិខុសច្បាប់ និងកំពុងសាងសង់សំណង់រឹងយ៉ាងរលូន បើទោះបីជាអាជ្ញាធរមូលដ្ឋានចុះទៅធ្វើការហាមឃាត់ជាច្រើនលើក ច្រើនសារហើយក៏ដោយ ក៏មិនព្រមស្តាប់ដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រូចសើច ដែលមិនពេញចិត្តនឹងទង្វើរំលោភបំពានច្រាំងទន្លេ ពីសំណាក់បុគ្គលមានអំណាច បានរាយការណ៏ឲ្យដឹងថា សំណង់នេះបានបុកគ្រឹះសាងសង់សំណង់រឹងជិត២ខែមកហើយ ប៉ុន្តែពួកគាត់មិនស្គាល់ម្ចាស់សំណង់ឈ្មោះអីទេ គ្រាន់តែដឹងថាជាបុគ្គលមានអំណាចមកពីក្រុងភ្នំពេញ ហើយក៏មិនដឹងថាគេទិញពីអ្នកណា មានច្បាប់ចេញដោយអាជ្ញាធរថ្នាក់ណាដែរ។ កន្លងមក ពួកគាត់បានឃើញអាជ្ញាធរមូលដ្ឋាន ឃុំ និងស្រុក ចុះមកពិនិត្យជាបន្តបន្ទាប់ តែម្ចាស់សំណង់នៅតែបន្តសាងសង់និងចាក់ដីលុបច្រាំទន្លេបានជាដដែល ធ្វើឲ្យពួកគាត់មានការសង្ស័យថា អាជ្ញាធរមូលដ្ឋានខ្លាចអំណាចម្ចាស់សំណង់ ឬក៏ឃុបឃិតសម្ងំយកផលប្រយោជន៍ហើយ បានជាគ្មានចំណាត់ផ្លូវច្បាប់នោះ។

មេឃុំពុកឬស្សី លោក អាំង លីឡេង បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា លោកទទួលស្គាល់ថាសំណង់រឹងរំលោភយកច្រាំងទន្លេនេះគឺខុសច្បាប់ ហើយរដ្ឋបាលឃុំនិងស្រុកបានចុះទៅពិនិត្យ និងបានហាមឃាត់មិនឲ្យបន្តសាងសង់ដែរ ប៉ុន្តែគេមិនស្តាប់ឡើយ។ លោកបន្តថា គាត់(ម្ចាស់សំណង់)ជាបុគ្គមានអំណាចធំ ឋានៈលោកត្រឹមមេឃុំពិតជាលំបាកខ្លាំងណាស់។ លោកមេឃុំបន្តថា ដូចករណីសំណង់លុបច្រាំងទន្លេនៅក្បែរនោះប្រមាណ២០០ម៉ែត្រ ជារបស់មន្រ្តីធំនៅក្រសួងមហាផ្ទៃ ទោះមានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋានក្តី ក៏គេនៅតែសាងសង់រហូតរួចរាល់ជាស្ថាពរដែរ។

ដោយឡែក លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា សំណង់ចាក់លុបទន្លេខាងលើពិតជាមិនទាន់មានច្បាប់មែន ហើយលោកក៏បានហាមឃាត់មិនឲ្យបន្តសាងសង់ដែរ តែគេនៅតែបន្តធ្វើ។

ពាក់ព័ន្ធនឹងការចាក់ដីរំលោភយកច្រាំងទន្លេធ្វើកម្មសិទ្ធិខាងលើនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់អ្នកយកព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកថា លោកពុំទាន់បានទទួលព័ត៌មាននេះទេ ព្រោះលោកទើបចូលកាន់តំណែងជាអភិបាលខេត្តថ្មីៗនេះ។ទោះយ៉ាងណាលោកអរគុណដែលទទួលបានរបាយការណ៏នេះ ហើយលោកថា នឹងចាត់មន្ត្រីជំនាញពាក់ព័ន្ធឲ្យចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើ ហើយបើរកឃើញថាមានកំហុសនិងគ្មានច្បាប់សាងសង់ត្រឹមត្រូវ លោកនឹងបញ្ជាឲ្យវាយកំទេចចោល បើទោះបីម្ចាស់សំណង់ ជារដ្ឋលេខាធិការក្រសួងណាក៏ដោយ។

ប្រជាពលរដ្ឋភូមិក្រូចសើច បានលើកឡើងថា សំណង់លុបច្រាំងទន្លេរបស់បុគ្គលមានអំណាចរូបនេះ សាងសង់សំណង់រឹងស្ទើរួចរាល់ទៅហើយ ហើយពួកគាត់កំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់របស់លោកអភិបាលខេត្តថ្មី ថាតើនឹងមានវិធានការផ្លូវច្បាប់ដូចការអះអាងដែរឬទេ?

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានចេញសេចក្តីប្រកាសមួយ ឲ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យនិងទប់ស្កាត់រាល់ការចាក់លុបច្រាំងទន្លេ ស្ទឹង ព្រែក អូរ បឹងបួរ ដោយខុសច្បាប់ ប៉ុន្តែសម្រាប់ច្រាំងទន្លេក្នុងស្រុកខ្សាច់កណ្តាលទាំងមូល ត្រូវបានបុគ្គលមានលុយ មានអំណាច ចាក់ដីលុបច្រាំងទន្លេធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនកន្លែង ក្រោមហេតុផលផ្សេងៗទៅវិញ៕

Close