ព័ត៌មានជាតិ

កម្ពុជា ខ្ចី​កូរ៉េ ៦៧លាន​ដុល្លារ ដើម្បី​លើក​កម្ពស់​​គុណភាព​ផ្លូវជាតិ​លេខ៤៨

លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឱ្យដឹង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ប្រមាណ ៧៥លាន​ដុល្លារ សម្រាប់​លើក​កម្ពស់​ផ្លូវជាតិ​លេខ៤៨ ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ក្នុង​ពេល​ឆាប់ៗ​នេះ។ ការថ្លែង​នេះ ធ្វើឡើង​ក្នុងពេល​ដែល​លោក​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​មួយ​ចំនួន ដែលរង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ស្ថិតក្នុង​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ព្រះសីហនុ នៅ​ព្រឹកថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ការ​លើក​កម្ពស់​គុណភាព​ផ្លូវជាតិ​លេខ៤៨​នេះ ក្រសួង​កំពុង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកទេស​ដើម្បី​រៀបចំ​ដាក់​ឱ្យ​ដេញថ្លៃ​ស្រប​តាម​ស្តង់ដា​បច្ចេកទេស ក្រោម​ប្រាក់​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ​៦៧លាន​ដុល្លារ និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋា​ភិបាល​ប្រមាណ៨លាន​ដុល្លារ។ គោល​បំណង​ គឺ​ដើម្បី​ឱ្យ​ផ្លូវ​នេះ រក្សា​បាន​ភាព​យូរ​អង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាងមុន និង​ចូលរួម​ចំណែក​ក្នុងការ​សម្រួល​ដល់ការ​ធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ដឹក​ជញ្ជូន​ ឱ្យ​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ផ្លូវថ្នល់ បាន​ឱ្យដឹង​ថា គិត​មកត្រឹម​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ ២០១៨ ទំហំ​នៃការ​ខូចខាត​ផ្លូវជាតិ​លេខ៤៨ ពី​ស្រុកស្រែ​អំបិល​ ទៅខេត្ត​កោះកុង​ មាន​ប្រវែង​សរុប ៣៥,៥៤ គីឡូម៉ែត្រ លើ​ប្រវែង​សរុប ១៥៩,៦០​គីឡូម៉ែត្រ ស្មើនឹង​២២,២៦%។ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កំណាត់ផ្លូវ​ដែល​បាន​ធ្វើការ​ជួសជុល​កាលពី​ឆ្នាំ២០១៧​ផងដែរ។

របាយការណ៍​ដដែល​ បាន​បង្ហាញ​ថា ការ​ខូចខាត​នេះ មាន​ការវិវឌ្ឍ​ឆាប់​គួរឱ្យ​កត់​សម្គាល់ ដោយ​ហេតុថា ផ្លូវនេះ​គិតមក​ដល់​ពេល​បច្ចុប្បន្ន មាន​អាយុ១២ឆ្នាំ​​ហួស​រយៈពេល​ធានា​គុណភាព​ហើយ ទំហំ​ចរាចរណ៍​មាន​ការ​កើនឡើង និង​ជាពិសេស​គឺ​ការដឹក​ជញ្ជូន​សម្ភារ​សំណង់​ទៅមក​ខេត្ត​ព្រះសីហនុ​​។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បាន​លើកឡើង​ដែរថា ក្រសួង​សាធារណការ នឹងចាប់ផ្តើម​ជួសជុល​ផ្លូវជាតិនេះឡើងវិញ នៅពេលផុតរដូវវស្សា​ខាងមុខនេះ៕

Close