ព័ត៌មានជាតិ

សម្ដេចធិបតី សម្ដែងការសោកស្ដាយ ប្រកាសថា នឹងសម្របស​ម្រួលយ​កស​ពនិ​ស្សិ​ត​ពី​អ៊ី​ស្រាអែ​លមកធ្វើបុណ្យនៅកម្ពុជាវិញ

ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជី​វិត​និស្សិ​ត​ខ្មែ​រមួយ​រូ​ប​ ​និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ និង​បា​ន​ប្រ​កា​ស​ថា នឹងធ្វើការសម្របស​ម្រួលយ​កស​ពនិ​ស្សិ​ត​ម​ក​ពី​អ៊ី​ស្រាអែ​លដើម្បី​ធ្វើបុ​ណ្យ ហើយ​កិ​ច្ច​កា​រ​នេះ​​ជា​ប​ន្ទុ​ក​រ​ប​ស់​រា​ជ​រ​ដ្ឋាភិបាល។

តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី០៨តុលានេះ សម្ដេចធិបតី បានសំដែងការសោ​ក​ស្ដា​​យ​ជា​ពន់ពេកជាមួយគ្រួសារនិស្សិត ពោះការ បាត់បង់នូវកូន នូវបងប្អូន នូវចៅ​ជា​ទី​ស្រ​ឡា​ញ់​នេះ​។

សម្ដេចធិបតី បានមានប្រសាសន៍​ថា ​រា​ជរ​ដ្ឋាភិ​បាល នឹង​ខិត​ខំធ្វើ​យ៉ាង​ណាស​ម្រប​ស​ម្រួ​ល​ជាមួយអាជ្ញាធរអ៊ីស្រាអែលដើ​ម្បីមា​តុភូ​​មិនិ​វត្តន៍ សាកសពនិស្សិតមកកាន់ប្រ​ទេស​ក​ម្ពុ​ជា​យកមក​រៀប​ចំធ្វើបុ​ណ្យ​តា​ម​ប្រពៃណី ហើយការងារចាត់ចែងការ​វិលត្រឡប់និងធ្វើបុណ្យស​ព​នេះ​​គឺ​ជាប​ន្ទុក​រ​ប​ស់​រា​ជរដ្ឋាភិបាល។

សូមបញ្ជាក់ថា និស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុ​ង​មា​ន​វ​ត្ត​មា​ននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះ រហូតដល់បាត់បង់ជីវិត ក្នុង​ហេតុ​ការ​ណ៍​ប្រ​យុ​ទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ​២​០២៣។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដា​ក់បំផុត​ចំ​ពោះ​ស​ភា​ព​ការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការ ជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើ​ម្បី​ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។ រាជរដ្ឋាភិបាល សូ​មជ​ម្រាប​ដល់​ប្រ​ជា​ពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជ​រដ្ឋា​ភិបាលអាច​ទទួល​ព័ត៌​មាន​ប​ន្ថែ​ម​អំ​ពីសុវត្ថិភាពរបស់បងប្អូន និងជួយផ្ដល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុង​ករណី​ចាំ​បា​ច់។ រាជរដ្ឋាភិបាល ក៏សូមអំ​ពាវនា​វដល់ប្រជា​ពលរដ្ឋខ្មែរទាំង​អស់ដែ​លកំ​ពុង​ស្នាក់​នៅ​ប្រ​ទេ​​សអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់ អាជ្ញាធរអ៊ី​ស្រាអែលឱ្យបានខ្ជាប់ខ្ជួនដើ​ម្បីរ​ក្សា​សុ​វ​ត្ថិ​​ភាពរបស់ខ្លួន៕

Close