ព័ត៌មានជាតិ

ចោរណាអីក៏ថ្លើមធំម៉្លេះ ហ៊ានលួចឈើគ្រញូងជា៤តោន និងឡានសុីទែន២គ្រឿង ចេញពីឃ្លាំងសាលាខេត្តឧត្តរមានជ័យ

ឧត្ដរមានជ័យ ​៖​ កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ​ មានការ​បែក​ធ្លាយ​មក​ថា ៖ ​ឈើ​គ្រញូង​ដែល​បង្ក្រាប​បាន​កាលពី​ឯកឧត្ដម​សរ​ថា​វី​នៅ​ជា​អភិបាលខេត្ត​ឧត្ដរមានជ័យ ចំនួន​ពី​រថយន្ត​ស្ទែ​ន​យក​ទៅ​រក្សាទុក​នៅ​ឃ្លាំង​សាលាខេត្ត​ឧត្ដរមានជ័យ នៅ​ពេល​នេះ​ល្បី​ថា​បាត់​បង់​អស់​ចំនួន​៩៦​ដុំ ស្មើ​និង​៤១២៧ គីឡូក្រាម​ស្មើ​នឹង​៣.៤៣៩​ម៉ែត្រ​គូប។

ប្រភព​បាន​បង្ហើប​អោយដឹងថា​ ៖ ​កា​បែកធ្លាយ​បាត់បង់​ឈើ​គ្រញូង​រាប់​តោន​នៅ​ឃ្លាំង​សាលាខេត្ត​ឧត្ដរមានជ័យ នៅពេលដែល​មានការ​ផ្លាស់​ប្ដូរ​ទីតាំង​រក្សាទុក​កាលពី​ថ្ងៃទី​០២​ ខែមេសា ​ឆ្នាំ​២០១៩​ពី​ទីតាំង​ចាស់​សាលាខេត្ត​ទៅ​រក្សាទុក​នៅ​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ ក្នុងភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង​ក្រុង​សំរោង ​ខេត្ត​ឧត្ដរមានជ័យ។

ប្រភព​បាន​បន្ដ​​ថា​ មិន​ត្រឹមតែ​បាត់បង់​ឈើ​គ្រញូង​ជាង​បួន​តោន​ប៉ុណ្ណោះ​នោះទេ ​បូករួម​ទាំង មធ្យោបាយ​ដឹកជញ្ជូន​ឈើ​គ្រញូង​នោះ​ទៀត​ផង​គឺ ប្រភេទ​រថយន្ត​ស៊ីទែន ចំនួន​ពី​គ្រឿង​ក៏បាន​បាត់​ខ្លួន​ឈឹង​តាំងតែ​ទើប​បង្ក្រាប​បាន​ថ្មីៗ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។

​លោក វ៉ាត​ប៉ា​រ៉ានី​ន អភិបាលរង​ខេត្តឧត្ដរមានជ័យ​បានអោយដឹងថា​ ចំពោះ​ការបាត់បង់​វត្ថុតាង​ឈើ​គ្រញូង​ខាងលើ គឺ​ច្បាប់​ជា​អ្នក​ចាត់ការ​ព្រោះ​ការបង្ក្រាប​រក្សាទុក និង​ផ្ទៀងផ្ទាត់​ផ្លាស់ប្ដូរ​ទីតាំង​សុទ្ធ​តែមាន​សាលក្រម​របស់​តុលាការ​ត្រឹមត្រូវ​។​

​រហូតមកដល់​ពេលនេះ ​ហាក់ដូច​ជាមាន​ភាព​ស្ងប់ស្ងាត់​ល្អ ក្នុង​ការ​បាត់បង់​វត្ថុ​តាង​ឈើ​គ្រញូង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ក្នុង​ឃ្លាំង​រក្សាទុក​នៅ​ក្នុង​សាលាខេត្ត​ឧត្ដរមានជ័យ បូករួម​ទាំង​រថយន្ត​ស៊ីទែន​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​គ្រញូង​ផង។

សង្ឃឹមថា​នឹង​មាន​បុគ្គល​ណា​ម្នាក់​​​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ៕

Close