ព័ត៌មានជាតិ
អាមេរិកប្រកាសបញ្ចប់ជំនួយដល់រដ្ឋាភិបាលកម្ពុជាលើគម្រោងការពារព្រៃឡង់ ក្រោយការកាប់បំផ្លាញនៅតែធ្ងន់ធ្ងរ
អាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជាលើគម្រោងព្រៃឡង់បៃតង។ ជំនួសមកវិញ ជំនួយនេះនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរជីវភាពរស់នៅ និងពង្រីកកសិកម្មដែលមិនប៉ះពាល់បរិស្ថាន។ បើតាមស្ថានទូតអាមេរិក ការបញ្ចប់ជំនួយនេះ គឺព្រោះតែការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់នៅតែមានស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែ ក្រសួងបរិស្ថានបានច្រានចោល ដោយថា មានតែបទល្មើសតូចៗប៉ុណ្ណោះ។
មូលហេតុចម្បងដែលអាមេរិកសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជានេះ គឺដោយសារតែជំនួយរបស់អាមេរិកកន្លងមកមិនអាចជួយទប់ស្កាត់បានការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់ព្រៃឡង់ ហើយផ្ទុយទៅវិញ ស្ថានភាព កាន់តែអាក្រក់ទៅៗ។ បើតាមស្ថានទូតអាមេរិកនៅកម្ពុជា គឺតាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឱ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែលនូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើនៅទីនោះ។
បន្ថែមលើនេះ ស្ថានទូតអាមេរិកបានអះអាងទៀតថា ការកាប់ឈើខុសច្បាប់នៅតែបន្តមាននៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃនៅព្រៃឡង់ ហើយអាជ្ញាធរកម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មមចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត អាជ្ញាធរកម្ពុជាបានបន្តបំបិទសំឡេង និងធ្វើទុក្ខបុកម្នេញសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលបង្ហាញកង្វល់ដ៏សមហេតុផលលើការបាត់បង់ធនធានធម្មជាតិនៅកម្ពុជា។
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ នេះបើតាមលោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានដែលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ដោយឡែក ទាក់ទងការបញ្ចប់ជំនួយគម្រោងព្រៃឡង់បៃតងវិញ លោកនេត្រ ភក្ត្រា អះអាងថា វាជាការបង្ហាញថា ក្រសួងបរិស្ថានមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ លោកបន្តថា ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជា តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
សូមបញ្ជាក់ថា អាមេរិកតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយថវិកាជាង១០០លានដុល្លារអាមេរិកហើយសម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាកាប់បំផ្លាញព្រៃឈើក្រោមគម្រោងព្រៃឡង់បៃតងនេះ។ ត្បិតថា បញ្ចប់ជំនួយនេះក្តី ប៉ុន្តែអាមេរិកអះអាងថា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា៕