អន្តរជាតិ
លោក មាជ សុវណ្ណារ៉ា និងសកម្មជន ១០នាក់ទៀត ស្នើសុំសម្តេច ហ៊ុន សែន លើកលែងទោស
មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្ស ១០នាក់ទៀត រួមមាន៖ ឃិន ជំរឿន, នាង សុឃុន, សាន គីមហេង, សាន សីហៈ, អ៊ុក ពេជ្រសំណាង, ទេព ណារិន, អឿ ណារិទ្ធ, អាន បឋម, កែ ឃី និង ស៊ុំ ពុទ្ធិ ដែលកំពុងជាប់ឃុំឃំាងនៅពន្ធនាគារព្រៃស បានស្នើសុំសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ឱ្យពួកគេបានរួចផុតទោស និងមានសេរីភាព។ លិខិតស្នើសុំការលើកលែងទោសនេះ ត្រូវបានអ្នកទាំង១១ ផ្តិតមេដៃរួមគ្នាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ហើយត្រូវបានដល់ដៃអ្នកកាសែតនៅថ្ងៃទី២៧សីហានេះ។
មន្រ្តី និងសកម្មជនបក្សទាំង១១នាក់ដែលបានជាប់ឃុំជាង៣ឆ្នាំមកនេះ បានរៀបរាប់តាមរយៈលិខិតនេះថា៖ «យើងខ្ញុំទាំងអស់គ្នា មានការសោកស្តាយចំពោះការចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ (ក្បែរស្ពាននាគ) ដែលអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយមិនបានពិចារណាឱ្យបានដិតដល់ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម»។
ក្នុងលិខិតនេះបន្តថា អ្នកទាំង១១ មានការនឹករឮកដល់គ្រួសារ ឪពុកម្តាយចាស់ជរា ហើយកូនបោះបង់ចោលការសិក្សា ដោយសារឪពុកជាប់ពន្ធនាគារ និងបាត់បង់ការងារ បាត់បង់មុខរបររកស៊ី និងបាត់បង់ការរៀនសូត្របន្ត។
ជាមួយគ្នានេះ លោក មាជ សុវណ្ណារ៉ា តាមរយៈលិខិតដដែលនេះ បានសន្យាថា លោកនឹងដកបណ្តឹងគ្រប់ស្ថាប័ន ឬតុលាការគ្រប់ជាន់ថ្នាក់ទាំងអស់ ទាំងជាតិ និងអន្តរជាតិ ដែលលោកបានដាក់នាពេលកន្លងមក។
សូមរំលឹកថា លោក មាជ សុណ្ណារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមបទចោទថា ជាអ្នកដឹកនាំកុប្បកម្ម និងបង្កឲ្យមានហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។ ជាមួយគ្នានេះ នៅមានសកម្មជនគណបក្ស ១០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នានេះដែរក្នុងថ្ងៃបន្តបន្ទាប់៕