អន្តរជាតិ

ចិន​ថ្កោលទោស​សេចក្តីសម្រេច​របស់​រដ្ឋសភាបារាំង ស្តីពីអំពើប្រល័យពូជសាសន៍លើ​ជនជាតិអ៊ុយហ្គួរ

ប៉ុន្មានម៉ោង​ក្រោយ រដ្ឋសភាបារាំង​បោះឆ្នោត​លើសេចក្តីសម្រេច ចោទប្រកាន់​រដ្ឋអំណាច​ចិន​ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង ក្រសួងការបរទេស​ចិន តាមរយៈ អ្នកនាំពាក្យ បានចេញមុខ​ប្រឆាំង​ដាច់ខាត និង​បាន​វាយបក​បារាំង​នៅថ្ងៃ​សុក្រ​ទី ២១​មករាថា កំពុង​លូកដៃ​ចូលកិច្ចការផ្ទៃក្នុង​របស់​ចិន។ សេចក្តីសម្រេច​របស់​រដ្ឋសភា​បារាំង​ដែលត្រូវ​បាន​បោះឆ្នោត កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ គ្មាន​អំណាច​ចាប់បង្ខំ ប៉ុន្តែ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បារាំង ចាត់​វិធានការ​ដូចគ្នានេះដែរ។

ដោយ​បោះឆ្នោតអនុម័ត​សេចក្តីសម្រេច​ដែល​ទទួលស្គាល់​ថា ការប្រព្រឹត្ត​អំពើហិង្សា​របស់​អាជ្ញាធរ​ចិន​ទៅលើ​ប្រជាជនអ៊ុយហ្គួរ​នៅ​ខេត្ត​ស៊ីនជាំង គឺ​ជា​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ជាអំពើ​ប្រល័យ​ពូជសាសន៍ រដ្ឋសភាបារាំង​បាន​ចូលរួម​ជាមួយ សភាកាណាដា ប៊ែលហ្សិក អង់គ្លេស និង​ហូឡង់ ដែលធ្លាប់បាន​ចេញ​សេចក្តីសម្រេចដូចគ្នានេះ ថ្កោលទោស រដ្ឋអំណាចចិន នៅក្នុង​សំណុំរឿងជនជាតិ​អ៊ុយហ្គួរ។

ប៉ុន្តែ ប៉េកាំង តាមរយៈ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​និយាយ​ទាត់ចោល​ការចោទប្រកាន់ និង​បាន​វាយបករិះគន់​ខ្លាំងៗ​វិញថា សេចក្តីសម្រេច​របស់​រដ្ឋសភាបារាំង ស្តីពី​ស៊ីនជាំង​ធ្វើឡើង​ដោយ​ឈរ​លើ​ការមិនដឹង​ការពិត ​ការគ្មានចំណេះដឹង​ផ្នែកច្បាប់ និង​បាន​រំលោភចូលកិច្ចការផ្ទៃក្នុង​របស់​ប្រទេស​ចិន។ ចិន​ប្រឆាំង​ដាច់ខាត នឹង​សេចក្តីសម្រេច​របស់​រដ្ឋសភាបារាំង។

ដោយ​លើកបង្ហាញ តួលេខ​ប្រជាសាស្រ្ត ​នៅក្នុង​សន្និសីទ​កាសែត អ្នកនាំពាក្យ​ក្រសួងការបរទេស​ចោទ​ជាសំណួរថា បើសិន​មានអំពើប្រល័យពូជសាសន៍ នៅស៊ីនជាំង​តើ គេ​អាច​ពន្យល់​បាន​យ៉ាងម៉េច​ពី​កំណើនប្រជាជន​នៅ​ស៊ីនជាំង។ សម្រាប់​អ្នកនាំពាក្យ​ខាងលើ ពាក្យកុហក​ភូតភរ​របស់​អ្នកនយោបាយ​បរទេស​ មិនសក្តិសម​នឹង​ទទួល​បាន​ការយកចិត្តទុកដាក់​ស្តាប់នោះទេ។

កន្លងមក អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ការសិក្សា​របស់​ប្រទេស​លោក​ខាងលិច មួយចំនួនដែល​ពឹងផ្អែក​លើ​តួលេខ ឯកសារ​របស់​មន្រ្តីចិន ធ្លាប់​បាន​ចោទប្រកាន់​ប៉េកាំង​ថា​បាន​បង្កើត​មន្ទីរឃុំឃាំង ដាក់​មនុស្ស​ជាង​១លាននាក់​នៅ ខេត្ត​ស៊ីនជាំង ដែលនៅក្នុង​នោះ ភាគច្រើន​ជា​ប្រជាជន​អ៊ុយហ្គួរ។ សាក្សី​រួចរស់ជីវិត​មួយចំនួន ដែល​បានរត់គេច​ចេញទៅបរទេស ធ្លាប់​បាន​និយាយ​ពីលក្ខខណ្ឌជីវិត​ដ៏អាក្រក់​នៅក្នុង​ជំរំ ដូចជា ការធ្វើទារុណកម្ម ការ​ចាប់បង្ខំ​ឲ្យ​ធ្វើការ ការរំលោភផ្លូវភេទ និង​ការចាប់បង្ខំ វះយក​សរីរាង្គ​ជាដើម។

ដំបូងឡើយ ប៉េកាំងធ្លាប់​បាន​បដិសេធ​ថា គ្មាន​ជំរំ​ដាក់​មនុស្ស​ជាង​១លាននាក់​នោះទេ។ ប៉ុន្តែ ក្រោយ​មក ក៏បែរមក​ទទួលស្គាល់វិញ ពិតជាបានបង្កើត​មណ្ឌលអប់រំ​នៅ​ខេត្ត​ស៊ីនជាំង សម្រាប់​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងគោលដៅ​អូសទាញ​ប្រជាជន​អ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាម ឲ្យ​ចាកឆ្ងាយ​ចេញពី អន្ទាក់​របស់​ក្រុមអ៊ីស្លាមជ្រុលនិយម។ ថ្មីៗនេះ អាជ្ញាធរ​ចិន​បាន​អះអាងថា គេ​នឹង​បិទមណ្ឌលអប់រំ​នៅស៊ីនជាំង ព្រោះថា​សិស្សទាំងអស់​បាន​បញ្ចប់​ការបណ្តុះបណ្តាល​របស់ខ្លួន៕ប្រភពពីrfi

Close