ព័ត៌មានជាតិ
ក្រោយផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតដាក់ឲ្យដំណើរការ ភ្ញៀវទេសចរត្រឡប់មកជិះឡូរីនៅលើកំណាត់ផ្លូវដែកម្តងទៀត
ក្រោយផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសម្ពោធបើកដាក់អោយដំណើរការជាថ្មី គេសង្កេតឃើញភ្ញៀវទេសចរណ៍រាប់រយនាក់បាននាំគ្នាសម្រុកមកជិះឡូរីនៅលើផ្លូវដែកនេះសារជាថ្មីម្តងទៀត។
បុរសជាអ្នករត់រម៉កម៉ូតូកង់បី ដឹកភ្ញៀវម្នាក់ បានឲ្យដឹងថា ក្រោយពីផ្លូវដែកសម្ពោធបើកដាក់អោយដំណើរការជាថ្មីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រាប់រយនាក់ បានបង្វែរពីការជិះឡូរីទេសចរជើងភ្នំបាណន់ នាំគ្នាសម្រុកមកជិះឡូរី នៅចំណុចរ៉ាអូរដំបង ស្ថិតក្នុងឃុំអូរដំបង២ ស្រុកសង្កែ ឡើងវិញ។
លោកបន្តថា មូលហេតុដែលធ្វើអោយក្រុមភ្ញៀវវិលត្រឡប់ពីការជិះឡូរីទេសចរជើងភ្នំបាណន់ មកជិះឡូរី នៅខាងរ៉ាអូរដំបងវិញ ដោយសារតែពួកគាត់មិនចូលចិត្តនូវអ្វីដែលជារបស់កែច្នៃបង្កើតថ្មី ដែលប្រើប្រាស់ដែកតូចៗ ហើយទំនើបខុសពីរបស់ដើមនោះទេ គឺពួកគាត់ចូលចិត្តនូវអ្វីដែលជារបស់ដើម របស់បូរាណ ដែលសេសសល់បន្តពីសម័យមុន មានដែកក្រាស់ហើយធំ។ និងមួយវិញទៀតឡូរីនៅខាងរ៉ាអូរដំបង វានៅក្បែរទីក្រុង ងាយស្រួលក្នុងការធ្វើដំណើរ ដោយមិនចំណាយពេលវេលាយូរ ហើយអ្វីដែលពិសេស វាសំបូរទៅដោយទេសភាពព្រៃឈើនិងខ្យល់អាកាសបរិសុទ្ធល្អ និងក្រអូបពោពេញដោយក្លិនផ្កាស្រូវផងដែរ។
ឡូរីដឹកភ្ញៀវទេសចរណ៍រ៉ាអូរដំបង មានទីតាំងនៅឃុំអូរដំបង២ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើដំណើរចេញពីចំណុចក្នុងរ៉ាអូរដំបង ឆ្ពោះទៅចំណុចគោលដៅរ៉ាអូរស្រឡៅ ដែលមានចំងាយផ្ទៃដី ៧គីឡូម៉ែត្រ និងតម្លៃក្នុងភ្ញៀវម្នាក់៥ដុល្លារទាំងទៅទាំងមក៕