ព័ត៌មានជាតិ

សង្គមអបលក្ខណ៍!ផ្កា៣យោធាចិត្តពាល ផឹកស៊ីហៅនារី អ្នកចម្រៀងម្នាក់ទៅគេង តែនាងមិនព្រម ទះ៣កំភ្លៀងយ៉ាងព្រៃផ្សៃ

ទំនាក់ទំនងកាផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
ភ្នំពេញ៖ បុរសពាក់ផ្កាយ៣យោធាម្នាក់ រួមនិងបក្ខពួក មានប្រុស មានស្រីជាង១០នាក់ទៀតចូលផឹកស៊ីនៅ ភោជនីយដ្ឋាន«បឹងមាស» ដល់ពេលវគ្គស្រវឹង តណ្ហាពុះកញ្រ្ជោល ក៏បានបបួលនារីជាអ្នកចម្រៀងទៅគេងជាមួយ តែនាងមិនព្រម ក៏ខឹងទះ នាង៣កំភ្លៀង រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងភោជនីយដ្ឋាន« បឹងមាស» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នារីរងគ្រោះមានឈ្មោះ យ-ស-ព អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់នៅសង្កាត់ព្រែកលៀប ។ ចំណែកជនដៃដល់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះបានគេចខ្លួនបាត់។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា៖ មុនពេលកើតហេតុរូបនាងបានឃើញបុរសម្នាក់ រួមនិងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត២ទៅ៣គ្រឿងចូលមកផឹកស៊ីនៅភោជនីយដ្ឋានដែលនាងធ្វើការ ។
ចំណែកបុរសដែលអួតខ្លួនថាជាមន្ត្រីយោធាពាក់ផ្កាយ៣នោះ បើករថយន្តម៉ាស្តារ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ02-2-1215 បាននាំគ្នាចូលមកផឹកស៊ីយ៉ាងសប្បាយ។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសដែលបានអួតខ្លួនថាជាមន្ត្រីយោធានោះ បានហៅអ្នកចំរៀងចំនួន៤នាក់ រួមទាំងរូបស្ត្រីរងគ្រោះផងដែរ ដែលកំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរនៅខាងក្រោម។ ក្នុងពេលកំពុងតែរាំ ជនដៃដល់នោះបានមកនិយាយជាមួយរូបនាងថាឲ្យនៅផឹកស៊ីកំដររូបគេទៅ គេនិងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយអ្វីឡើយ។ ស្រាប់តែជនដៃដល់នោះបានមកលួងលោមនាង និងបបួលនាងទៅដេក តែនាងឆ្លើយវិញថារូបនាងលក់តែសម្លេងទេ មិនលក់ខ្លួនឡើយ។ ដោយឮសម្តីនាងនិយាយបែបនេះធ្វើឲ្យជនដៃដល់ខឹងបានស្ទុះមកទះកំភ្លៀងលើរូបនាងចំនួន៣កំភ្លៀង បន្ទាប់ មកក៏ ប្រញាប់ប្រញាល់បើករថយន្តចេញពីកន្លែងហេតុ តែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួនផងដែរ។

បន្ទាប់ពីកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកឃាត់ខ្លួនជនដៃដល់ដែលអួតខ្លួនជាមន្រ្តីយោធាផ្កា៣ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

មកដល់ពេលនេះនៅមិនទាន់ដឹងថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ចាត់ការលើសំណុំរឿងនេះយ៉ាងណានៅឡើយទេ៕

Close