សេដ្ឋកិច្ច

អ្នកវិនិយោគថៃបង្វែទិសដៅមកវិនិយោគ​នៅ​កម្ពុជា ឈានមុខគេ ក្នុងចំណោម​ប្រទេសអាស៊ាន

លោកស្រី Vannaporn Ketudat អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្មថៃបានមានប្រសាសន៍ថា ព្រះរាជាណាចក្រ កម្ពុជាជាប្រទេសមួយដែលរដ្ឋាភិបាល​ថៃបានកំណត់​យកជាប្រទេស​អាទិភាពក្នុងចំណោមប្រទេសសមាជិក​អាស៊ានដទៃទៀតដែលនៅ​ជាប់ព្រំដែនជាមួយ​ប្រទេសថៃ។

លោកស្រីបានបន្ដថា រាជរដ្ឋាភិបាលថៃបានបង្វែទិសអ្នកវិនិយោគ​របស់​ខ្លួនចូលមក កម្ពុជានេះដោយសារ ថៃយល់ឃើញថា ប្រទេសថៃនិងកម្ពុជាជា​ប្រទេស​នៅ​ជាប់ភូមិផងរបងជាមួយគ្នា មានវប្បធម៌ ស្រដៀងគ្នា ហើយថៃក៏មានបទពិសោធន៍​ស្រាប់ក្នុងវិនិយោគកន្លងមក។ ជាងនេះទៅទៀត ប្រមុខរដ្ឋាភិបាលនៃ​ប្រទេសទាំងពីរ​ជាមិត្តល្អជាមួយគ្នា ហើយបច្ចុប្បន្នកម្ពុជាមានស្ថិរភាព នយោបាយល្អ ព្រមទាំង​សក្តានុពល​សេដ្ឋកិច្ចក៏មានកំណើនជាប្រចាំ។

លោកស្រីបានលើកឡើងថា ចំណុចសំខាន់មួយចំនួនទៀត​ដែលធ្វើឱ្យអ្នកវិនិយោគថៃ ចាប់អារម្មណ៍ចង់មកបោះទុនវិនិយោគ​នៅកម្ពុជាខ្លាំងបំផុតនោះគឺតម្លៃកម្លាំង​ពលកម្ម​ទាប និង កម្ពុជាជាប្រទេសស្ថិតនៅចំណុចកណ្តាលនៃ​ច្រកនាំចេញ-ចូលរបស់ប្រទេស​អាស៊ាន ហើយ ទំនាក់ទំនងការទូតប្រទេសទាំងពីរក៏កាន់មាន​លក្ខណៈល្អប្រសើរបំផុត​ដែលផ្តល់អំណោយ ផលសម្រាប់អ្នកវិនិយោគថៃផងដែរ។ ទន្ទឹមនេះ រដ្ឋាភិបាលថៃក៏​មានផែនការជំរុញឱ្យអ្នក វិនិយោគរបស់ខ្លួនផ្តោតគោលដៅលើខេត្តដែល​មាន​សក្តានុពល​របស់កម្ពុជាដូចជា ខេត្ដសៀម រាប និងខេត្ដព្រះសីហនុ ជាដើម ដើម្បី​បង្កើន​អ្នក​វិនិយោគថៃឱ្យច្រើនថែមទៀត នាពេល អនាគត។

លោកស្រីអគ្គនាយករងបានឱ្យដឹងទៀតថា ក្រៅពីកម្ពុជាជាគោលដៅទី១ អ្នកវិនិយោគ ថៃបានសម្លឹងទៅប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាគោលដៅបន្ទាប់​ក្នុងការបោះ​ទុនវិនិ យោគរបស់ខ្លួន។

សូមរម្លឹកថា កន្លងទៅនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា ចាប់ជា ដៃគូល្អក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំងពីរឱ្យដើរទៅមុខជានិច្ច ដោយមិនទុក​ឱ្យ​ប្រទេស ណាមួយដើរទៅមុខ ឬថយក្រោយតែឯកឯងនោះឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០១៨ នេះ មានក្រុមហ៊ុនល្បីៗរបស់ថៃជាង១០ក្រុមហ៊ុនបាននិងកំពុងវិនិយោគនៅកម្ពុជា ហើយ ក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួន​បាននិងកំពុងពង្រីកសាខាបន្ថែម​ទៀត​ផងដែរ៕

Close