សេដ្ឋកិច្ច

ជប៉ុន​រក​ឃើញ​រ៉ែ​ស័ង្កសី និង​ទង់ដែង​ក្នុង​ទឹក​ដី​ខេត្ត​ស្ទឹងត្រែង

ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​ជប៉ុន​ប្រកាស​ថា​ ខ្លួន​បាន​រក​ឃើញ​ខ្សែ​ក្រវាត់​រ៉ែ​ទង់ដែង និង​ស័ង្កសី​ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នៃ​ប្រទេស​កម្ពុជា ដោយ​គ្រោង​នឹង​ធ្វើ​ការ​រុករក​បន្ថែម​ទៀត​ជា​មួយ​ដៃ​គូ​របស់​ខ្លួន​ដើម្បី​ទាញ​យក​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន NNA បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​នេះ​​ឈ្មោះ​ JOGMEC និង​ Nittetsu Mining Co. គ្រោង​នឹង​ធ្វើ​រួម​គ្នា​ដើម្បី​រុករក និង​ទាញ​យក​រ៉ែ​ទាំង​នេះ​​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កាល​ពី​ខែ​មេសា​កន្លង​មក​។

អគ្គនាយក​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ​ លោក យស់ មុន្នីរ៉ាត់ មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ពិត​ជា​ផ្ដល់​អាជ្ញាប័ណ្ណ​ក្នុង​ការ​រុករក​រ៉ែ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មែន តែ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ទាញ​យក​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ​បច្ចុប្បន្ន​ តំបន់​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ទទួល​អាជ្ញាប័ណ្ណ​ និង​រក​ឃើញ​នោះ​គឺ​ស្ថិត​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ នៃ​​ខេត្ត​ស្ទឹងត្រែង។

លោក ​មាន​ប្រសាសន៍​ថា៖ «មិន​ទាន់​ដឹង​ទំហំ​ប៉ុន្មាន​ទេ​ គ្រាន់​តែ​ថា ​រក​ឃើញ​ពី​សន្ទុះ​រ៉ែ​ទង់ដែង ស័ង្កសី ដែល​ថា​អាច​មាន​សក្ដានុពល​ តែ​ចំនួន​ប៉ុន្មាន​គឺ​អត់​ដឹង​ទេ។ យើង​ប្រគល់​អាជ្ញាប័ណ្ណ​អី​ឲ្យ​គាត់​ហ្នឹង​ដើម្បី​ធ្វើ​ការ​ស្វែងរក ខួង​លំអិត​សិន​ បាន​ហ៊ាន​វាយ​តម្លៃ​បាន​ប៉ុណ្ណា​អី​ប៉ុណ្ណា​នោះ​ណា»។

បើ​តាម​លោក យស់ មុន្នីរ៉ាត់ បច្ចុប្បន្ន ​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​នេះ​ក្នុង​រយៈពេល ​៣​ឆ្នាំ​ដើម្បី​រុករក តែ​ថា​​ ក្រុមហ៊ុន​អាច​សុំ​បន្ត​​បាន​រហូត​ដល់​៧​ឆ្នាំ ​ប្រសិន​ជា​នៅ​តែ​ចង់​​ស្វែង​រក​៕ ​

Close